Connect with us

ព័ត៌មានអន្ដរជាតិ

Update៖​ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅ ឈីលី កើនដល់ ១១២ នាក់

បានផុស

នៅ

អាជ្ញាធរក្នុងតំបន់បាននិយាយថា ចំនួនមនុស្សស្លាប់ក្នុងភ្នក់ភ្លើងឆេះព្រៃនៅតំបន់ Valparaíso ប្រទេសឈីលីបានកើនឡើងដល់ ១១២ នាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី​០៥​ ខែ​​កុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកដល់ពេលនេះក្រុមជួយសង្គ្រោះបាននឹងកំពុងតស៊ូដើម្បីទៅដល់តំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Carolina Tohá បាននិយាយថា ចំនួនអ្នកស្លាប់នឹងអាចឈានដល់តួលេខខ្ពស់ជាងនេះនៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ ។

ហេតុការណ៍នេះបណ្ដាលឲ្យលំនៅដ្ឋានចន្លោះពី ៣,០០០ ទៅ៦,០០០ ខ្នង ត្រូវបានរងការខូចខាត ខណៈរដ្ឋាភិបាល​ឈីលី​ក៏បាន​ដាស់តឿន​ប្រជាជន​កុំ​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះនេះផងដែរ ។

ទន្ទឹមនោះ ប្រធានាធិបតីឈីលីលោក Gabriel Boric ក៏បានហោះហើរពីលើតំបន់ Valparaíso ដើម្បីវាយតម្លៃការខូចខាត និងបាននិយាយថា បម្រាមគោចរនឹងជួយរំដោះផ្លូវ និងអនុញ្ញាតឲ្យរថយន្តសង្គ្រោះបន្ទាន់ទៅដល់តំបន់ដែលរងផលប៉ះពាល់ទាន់ពេល ខណៈក្រុមអ្នកពន្លត់អគ្គីភ័យ​និងបុគ្គលិកយោធាប្រហែល ១,៤០០ នាក់កំពុងត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះ ខណៈមូលហេតុនៃការឆេះកំពុងត្រូវបានស៊ើបអង្កេត ។

គួរបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះព្រៃនេះ គីជាករណីដ៏សាហាវនិងរង​ផល​ប៉ះពាល់​បំផុត របស់ប្រទេសឈីលីក្នុងកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម