Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង ជំរុញមន្ត្រីអប់រំទាំងអស់ឱ្យនាំកុមារគ្រប់អាយុចូលរៀនបាន​ចប់ចុងចប់ដើម

បានផុស

នៅ

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានផ្តាំផ្ញើដល់មន្ត្រីអប់រំទាំងអស់យកចិត្តទុកដាក់នាំយកកុមារដែលគ្រប់អាយុចូលរៀន ឱ្យចូលរៀនឱ្យបានច្រើនទាំងនៅទីប្រជុំជន និងជនបទ ព្រមទាំងជំរុញឱ្យពួកគេសិក្សាចាប់ពីថ្នាក់មត្តេយ្យ រហូតបន្តការសិក្សាដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជននិងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអប់រំខេត្ត។ ក្រៅពីការផ្តាំផ្ញើខាងលើ លោកក៏បានជំរុញឱ្យបន្តកែលម្អបរិស្ថានសាលារៀនឱ្យក្លាយជាទីមនោរម្យ ដើម្បីទាក់ទាញកុមារឱ្យមានការចាប់អារម្មណ៍ និងមានចិត្តចង់ទៅសាលារៀន។ បន្ថែមពីនោះ លោកផ្តាំឱ្យមានការយកចិត្តទុកដាក់ទាំងបរិមាណ និងត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត នូវគុណភាពប្រកបដោយគណនេយ្យភាពពិសេសយុទ្ធនាការសាលារៀនស្អាតគ្មានសំរាម។

ចំណែក លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំខេត្ត បានមានប្រសាសន៍ថា ស្របពេលដែលរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត អាណត្តិទី៧ នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយបញ្ចកោណដែលក្នុងនោះមាន៖ យុទ្ធសាស្រ្តគន្លឹះកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព អទិភាពគន្លឹះ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា កំណែទម្រង់វិស័យអប់រំ។ ក្នុងន័យនេះ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ត្រូវត្រួតដៃរួមសាមគ្គី ដើម្បីធ្វើឱ្យសម្រេចនូវគោលដៅ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនាពេលថ្មីៗនេះ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនេះ អភិបាលរងខេត្ត លោក ម៉ែន អេង បានកោតសរសើរចំពោះមន្ទីរអប់រំ យុវជន និង កីឡាខេត្តស្វាយរៀង ដែលខិតខំរៀបចំសន្និបាតនេះឡើង ជាការផ្តល់ឱកាសឱ្យមន្ត្រីអប់រំ គ្រប់ លំដាប់ថ្នាក់បានជួបជុំគ្នា ដើម្បីធ្វើការបូកសរុបលទ្ធផលការងារក្នុងឆ្នាំសិក្សាកន្លងមក និងកំណត់ទិសដៅវិធានការសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ទៀត។ លោកក៏បានផ្តាំផ្ញើសួរសុខទុក្ខ ចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ទូទាំងខេត្តដែលបានខិតខំបំពេញការងារតាមតួនាទីរៀងៗខ្លួន ប្រកបដោយលទ្ធផលល្អ ជាទីពេញចិត្តស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានដាក់ចេញ។

លោក ម៉ែន អេង បានសង្កត់ធ្ងន់ថា ការពង្រឹងគុណភាពអប់រំ មានហេតុផលពាក់ព័ន្ធទៅនឹងកត្តាជាច្រើនដូចជា កត្តាគ្រូ និងសិស្ស កត្តាគ្រប់គ្រងដឹកនាំ គឺជាកត្តាសំខាន់ដូចពាក្យស្លោកមួយពោលថា “គ្រូល្អ សិស្សល្អ គ្រូពូកែ សិស្សពូកែ នាយកល្អ សាលាល្អ”៕

ដោយ៖ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម