ព័ត៌មានអន្ដរជាតិ
បន្ទាប់ពីអ៊ីស្រាអែល ពេលនេះលោក Biden ចេញមុខធានាការពារសម្ព័ន្ធមិត្តមួយទៀត នៅអាស៊ីអាគ្នេយ៍
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី១២ខែមេសា លោកប្រធានាធិបតី Joe Biden បានប្តេជ្ញាថា ជាការគាំទ្ររឹងដូចដែកថែប, សហរដ្ឋអាមេរិក នឹងការពារសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍គឺហ្វីលីពីន ពីការវាយប្រហារណាមួយនៅក្នុងសមុទ្រចិនខាងត្បូង។

ការអត្ថាធិប្បាយរបស់លោក Biden កើតឡើងចំពេលមានការប៉ះទង្គិចគ្នាជាប្រចាំ និងភាពតានតឹងហក់ឡើងខ្ពស់ រវាងនាវាឆ្មាំសមុទ្រចិនជាមួយហ្វីលីពីន ក្នុងផ្លូវទឹកដែលមានជម្លោះ។
ថ្លែងពេលចាប់ផ្តើមកិច្ចចរចាត្រីភាគីនៅសេតវិមានជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr, លោក Biden និយាយថា “ការវាយប្រហារណាមួយលើយន្តហោះ នាវា ឬកងកម្លាំងប្រដាប់អាវុធហ្វីលីពីននៅសមុទ្រចិនខាងត្បូង នឹងនាំឲ្យមានគាស់កកាយយកសន្ធិសញ្ញាការពារគ្នាឆ្នាំ១៩៥១ មកប្រើប្រាស់មិនខានឡើយ”។

ដំណើរទស្សនកិច្ចរបស់លោក Marcos ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសរបស់លោក ចោទប្រកាន់នាវាចិនថា ធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ នៅជិតថ្មប៉ប្រះទឹក Second Thomas Shoal ដែលជាដែនទឹកមានជម្លោះក្បែរប្រជុំកោះ Spratly។
នោះគឺជាឧបទ្ទវហេតុមួយ ក្នុងចំណោមឧបទ្ទវហេតុជាច្រើន ដែលនាវាចិនត្រូវបានចោទប្រកាន់ថា យាយីនៅក្នុងតំបន់ រួមមានដូចជាការបាញ់ទឹក និងបើកបុកកប៉ាល់ហ្វីលីពីន ជាដើម។

សូមបញ្ជាក់ថា មួយថ្ងៃមុននេះ លោក ចូ បៃដិន ក៏បានអះអាងពីការប្តេជ្ញាចិត្តរឹងដូចដែកថែបរបស់អាមេរិក ដើម្បីការពារអ៊ីស្រាអែលផងដែរ ក្នុងករណីសម្ព័ន្ធមិត្តមួយនេះ ត្រូវវាយប្រហារដោយអ៊ីរ៉ង់ឬចលនាប្រដាប់អាវុធដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។
ក្នុងសន្និសីទកាសែតនៅខាងក្រៅជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នាទីក្រុងវ៉ាស៊ីនតោន, លោក បៃដិន អះអាងថា “ខ្ញុំបានបញ្ជាក់ទៅកាន់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ថា សហរដ្ឋអាមេរិក នៅតែរក្សាការប្តេជ្ញាចិត្តរឹងដូចដែកថែប ចំពោះសន្តិសុខរបស់អ៊ីស្រាអែល ប្រឆាំងរាល់ការគំរាមកំហែងពីអ៊ីរ៉ង់ និងកងកម្លាំងដែលខ្លួនគាំទ្រ”។

ថ្មីៗនេះ អ៊ីរ៉ង់បានគំរាមមិនដាច់ពីមាត់សងសឹកអ៊ីស្រាអែល បន្ទាប់ពីការវាយឆ្មក់លើស្ថានកុងស៊ុលនៅទីក្រុងដាម៉ាស ដែលបានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ចំនួន៧នាក់ រួមទាំងមេទ័ពកំពូលមួយរូបឈ្មោះ Mohammad Reza Zahedi ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល មិនទទួលស្គាល់ថា នេះជាទង្វើរបស់ខ្លួនឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ចូ បៃដិន ចេញមុខធានាការពារអ៊ីស្រាអែល បើអ៊ីរ៉ង់ ហ៊ានវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


