Connect with us

សេដ្ឋកិច្ច

ផ្លូវ​ខេត្តតភ្ជាប់ពីផ្លូវជាតិលេខ១ ​ទៅច្រកព្រំដែនបន្ទាយចក្រី សម្រេចបាន​ការសាងសង់ជាង ៣០ ភាគរយ

បានផុស

នៅ

ភ្នំពេញ៖ គម្រោងលើកកម្រិតគុណភាពផ្លូវខេត្តលេខ៣១២ ប្រវែងជាង ២៨គីឡីម៉ែត្រ ​ដែល​តភ្ជាប់ពីផ្លូវ​ជាតិ​លេខ១ ​ទៅបន្ទាយចក្រីដែលជាច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ​សម្រេចបានការសាងសង់ជាង ​៣០ ភាគរយហើយ។ ផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅពេលសាងសង់រួចរាល់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាននៃប្រទេសទាំងពីរ។

​លោក ផន រីម ​អ្នកនាំពាក្យក្រសួងសាធារណការ ​និងដឹកជញ្ជូន ​ប្រាប់កម្ពុជាថ្មីថា គិតត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ​ផ្លូវខេត្តលេខ​៣១២ សម្រេចបានការសាងសង់ ៣២,១០ ភាគរយ ដែលផ្លូវនេះបានស្ថាបនា ចាប់ពីភូមិសំរោង ឃុំល្វា រហូតដល់ភូមិកគោ ឃុំបន្ទាយចក្រី ព្រំប្រទល់កម្ពុជា-វៀតណាម នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រីម បញ្ជាក់ថា នេះជាគម្រោងហិរញ្ញប្បទានប្រតិបត្តិការរបស់​ធនាគារអភិវឌ្ឍន៍​អាស៊ី(ADB) ​ដែលចំណាយថវិកាប្រមាណ ២៥ លានដុល្លារអាមេរិក។

សូមជំរាបថា ​គម្រោងនេះ នឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវពី ៤ទៅ៥ម៉ែត្រ ទៅទទឹងតួផ្លូវប្រវែង ១២ម៉ែត្រ និងលើកកម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទ ផ្លូវ​ក្រាលកៅស៊ូAC មានកម្រាស់ ៦សង់ទីម៉ែត្រ និង ៨សង់ទីម៉ែត្រ។

ផ្លូវនេះក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លង​សម្រាប់​ទោចក្រយានធ្វើចរាចរណ៍ ២គន្លងទៅមក។

ផ្លូវខេត្តលេខ ៣១២នេះ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ ដែលឆ្លងកាត់ភូមិចំនួន៤ ក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែង រួមមាន ភូមិល្វា ភូមិជ័យកំពក ភូមិអង្គរាជ្យ និងបន្ទាយចក្រី។

ផ្លូវនេះ នឹងជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងការដឹកទំនិញ កសិផលផ្សេងៗ ទៅកាន់ទីក្នុងស្រុក បន្ទាប់ពីសាងសង់រួចរាល់ ជាពិសេសនឹងជួយលើក​កម្ពស់បន្ថែម ពីសកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមឱ្យបានល្អបន្ថែមទៀត។

គម្រោងផ្លូវមួយខ្សែនេះ សាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ​ដែលបានបើកការដ្ឋាននៅថ្ងៃទី ០៩ ខែមិថុនា ​ឆ្នាំមុន ហើយគ្រោង ប្រើប្រាស់រយៈពេល​សាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៦០ខែ ដោយប្រើប្រាស់កម្ចីពីធនគារអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ ២៤,៨៩ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម