ព័ត៌មានជាតិ
សម្តេចធិបតី អំពាវនាវដល់គ្រួសារ និងសហគមន៍នីមួយៗយកចិត្តទុកដាក់អប់រំសីលធម៌ដល់សមាជិកខ្លួន
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋ ព្រះសង្ឃ ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធនានា ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំសីលធម៌ដល់កូនចៅ និងសមាជិករបស់ខ្លួនឱ្យបានល្អ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអំពាវនាវបែបនេះនៅក្នុងសារលិខិតរបស់សម្ដេច ក្នុងឱកាសទិវាអន្តរជាតិស្ដីពីគ្រួសារ ក្រោមប្រធានបទ “ការទទួលយកភាពចម្រុះ ការពង្រឹងក្រុមគ្រួសារ” នៅព្រឹកថ្ងៃសុក្រនេះ។

សម្រាប់ឱកាសទិវាក្នុងឆ្នាំនេះ សម្តេច ហ៊ុន ម៉ាណែត បានចេញនូវសារលិខិតអំពាវនាវដល់ គ្រួសារ និងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ចំពោះសមាជិកគ្រួសាររបស់ខ្លួន តាមរយៈការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញ វិជ្ជាជីវៈផ្សេងៗ។ ក្នុងន័យនេះ សំដៅពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សក្នុងគ្រួសារ ប្រកបដោយភាពរឹងមាំ សេចក្តី ថ្លៃថ្នូរ ដើម្បីបន្តធានាដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យកាន់តែរុងរឿង មានសុភមង្គល។
ចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្តេចអំពាវនាវឱ្យសហការជាមួយក្រសួងព័ត៌មាន និង សមាគមទូរទស្សន៍ រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ ទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ អំពីគុណតម្លៃគ្រួសារក្នុងការចូលរួមសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងរោងចក្រ សហគ្រាសនានា ទូទាំងប្រទេស។

ជាមួយគ្នានេះ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជីដូន ជីតា មាតាបិតា អាណាព្យាបាល គ្រូបង្រៀន សម្តេចធិបតីស្នើឱ្យចូលរួមចំណែកតាមគ្រប់លទ្ធភាព ក្នុងការជួយផ្តល់ដំបូន្មានល្អៗ ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាម ដោយខ្ជាប់ខ្ជួន ដូចទស្សនៈលើកឡើងថា «មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ»។

ក្រៅពីការអប់រំផ្នែកសីលធម៌ គ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន សម្តេច ស្នើឱ្យជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទីរបស់មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតា ព្រមទាំងអប់រំទូន្មាន កូនចៅឱ្យចាកចេញឆ្ងាយពីអំពើនានាដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជាការជួញដូរនិង ប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ និងជំងឺកាមរោគ ការប្រព្រឹត្តល្បែង ស៊ីសង និងអំពើអបាយមុខផ្សេងៗទៀត។ មិនត្រឹមតែផ្នែកអប់រំសីលធម៌ប៉ុណ្ណោះទេ នៅក្នុងការអំពាវនាវនេះ សម្តេចក៏បានឱ្យក្រសួងពាក់ព័ន្ធ ស្ថាប័ន អង្គការសង្គមស៊ីវិលនានា យកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋក្រីក្រ ស្ត្រីងាយរងគ្រោះ ជនមានពិការភាព ដើម្បីលើកកម្ពស់ និងតម្លៃឱ្យមានភាពល្អប្រសើរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


