ព័ត៌មានអន្ដរជាតិ
បាតុករគាំទ្រប្រជាជន ប៉ាឡេស្ទីន រាប់រយនាក់ចូលដុតស្ថានទូត អ៊ីស្រាអែល នៅ ម៉ិកស៊ិក
ក្រុមបាតុករគាំទ្រប្រជាជនប៉ាឡេស្ទីនប្រមាណ ២០០ នាក់បាននាំគ្នាដុតជញ្ជាំងស្ថានទូតអ៊ីស្រាអែលនៅក្នុងទីក្រុងនៃប្រទេសម៉ិកស៊ិក បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយប៉ូលិសបង្ក្រាបកុបកម្មដែលដាក់ពង្រាយដើម្បីការពារក្រុមបាតុករកុំមានការបង្កហិង្សាណាមួយកើតឡើង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ ។
ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅបរិវេណស្ថានទូតអ៊ីស្រាអែលក្នុងសង្កាត់ Lomas de Chapultepec កាលពីថ្ងៃពុធដើម្បីបង្ហាញការតវ៉ាប្រឆាំងនឹងសកម្មភាពដ៏សាហាវយង់ឃ្នងរបស់យោធាអ៊ីស្រាអែលទៅលើទីក្រុង Rafah ជាពិសេសគឺការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលទីក្រុងហ្សេរ៊ុយសាឡិមកាលពីចុងសប្ដាហ៍កន្លងទៅដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៤៥ នាក់ ។
ក្រុមបាតុករមួយចំនួនបង្ហាញការខឹងសម្បារយ៉ាងខ្លាំងក្លា ហើយបានយកក្រណាត់រុំមុខរបស់ពួកគេ រួមទាំងសកម្មភាពគប់ដុំថ្ម និងគប់ដបស្រាក្រឡុកប្រភេទ Molotov ទៅកាន់ប៉ូលិសកុបកម្មម៉ិកស៊ិក ហើយបានទាញរបាំងសម្រុកចូលទៅក្នុងបរិវេណដើម្បីដុតជញ្ជាំងស្ថានទូត ខណៈប៉ូលិសក៏សស្រាក់សស្រាំព្យាយាមពន្លត់ភ្លើងដែលឆេះនោះផងដែរ ។
បន្ទាប់ពីមានករណីនេះហើយ រដ្ឋាភិបាលម៉ិកស៊ិកបានដាក់ពាក្យសុំអន្តរាគមន៍ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីគាំទ្របណ្តឹងរបស់អាហ្រ្វិកខាងត្បូងដែលចោទប្រកាន់អ៊ីស្រាអែលពីបទ “ប្រល័យពូជសាសន៍” ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាដែលរហូតមកដល់ពេលនេះចាយពេលជិត ៨ ខែទៅហើយ ។
ទន្ទឹមនោះ កាលពីថ្ងៃសុក្រសប្ដាហ៍មុន តុលាការ ICJ ក៏បានចេញសេចក្ដីសម្រេចបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការវាយលុករបស់ខ្លួនទៅលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ប៉ុន្តែអ៊ីស្រាអែលហាក់បិទភ្នែកខ្ទប់ត្រចៀកមិនខ្វល់នឹងសេចក្ដីសម្រេចរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះឡើយ ។
គួរបញ្ជាក់ថា ក្រៅពីមានអ្នកស្លាប់បាត់បង់ជីវិតជិត ៣៦,០០០ នាក់ហើយ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ មកក៏បណ្ដាលឲ្យមនុស្សជិត ៨០,០០០ នាក់បានរងរបួសផងដែរ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សប្រមាណ ១,២០០ នាក់បានស្លាប់បាត់បង់ជីវិតដូចគ្នា ។
ស្របពេលជាមួយគ្នានេះ យោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិបានឲ្យដឹងថា ទំហំនៃវិបត្តិនៅតំបន់ហ្គាហ្សាភាគខាងត្បូងក្នុងលក្ខខណ្ឌដែលអ៊ីស្រាអែលហ៊ានបើកការវាយលុកខ្នាតយក្សទៅលើទីក្រុង Rafah មែននោះ នឹងបង្កឲ្យមានការផ្លាស់ទីលំនៅទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅក្នុងតំបន់មួយនេះ ៕
សូមទស្សនាវីដេអូ!
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក ចេញមុខការពារអ៊ីស្រាអែលថា ការវាយប្រហារនៅ Rafah មិនទាន់ឆ្លងផុត បន្ទាត់ក្រហមទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


