ព័ត៌មានជាតិ
ដំណាំស្រូវ ១២០ ហិតា នៅស្រុកព្រៃនប់ កំពុងរងការបំផ្លាញដោយពពួកដង្កូវមូរស្លឹក
ដំណាំស្រូវ ១២០ ហិតា នៅឃុំចំនួន ២ គឺ ឃុំជើងគោ និងឃុំសាមគ្គី ក្នុងស្រុកព្រៃនប់ កំពុងរងការខូចស្លឹកដោយសារពពួកសត្វដង្កូវស៊ីបំផ្លាញ។

កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ដោយមានការចូលរួមសហការជាមួយអាជ្ញាធរឃុំជើងគោ និងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចុះទៅពិនិត្យមើលជាក់ស្ដែង ដើម្បីជួយធ្វើអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងរងការស៊ីបំផ្លាញដោយពពួកដង្កូវមូរស្លឹកនេះ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះជួយឃុំសាមគ្គី បានឲ្យដឹងថា ដីស្រែចំនួន ១២០ ហិតា នេះ ជារបស់ប្រជាកសិករចំនួន ៥៥ គ្រួសារ ក្នុងនោះ ៖ ១.ឃុំជើងគោ ចំនួន ១៥ គ្រួសារ ស្មើនឹង ៤០ ហិតា។ ២.ឃុំសាមគ្គី ចំនួន ៤០ គ្រួសារ ស្មើនឹង ៨០ ហិតា។

លោក នេន ចំរើន បានបញ្ជាក់ថា កន្លងមក សត្វមមាចត្នោត តែងតែមកស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ។ ដោយឡែក ឆ្នាំនេះ សត្វដង្កូវមូរស្លឹក បានបំផ្លាញស្រូវស្រែរបស់ប្រជាពលរដ្ឋនៅដើមរដូវ។ ប្រសិនមិនចុះមកធ្វើអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលានោះទេ សត្វដង្កូវមូរស្លឹក នឹងស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករខូចខាតមានទំហំយ៉ាងច្រើន ធ្វើឲ្យរងការខាតបង់។
លោកបន្ថែមថា មន្ត្រីជំនាញរបស់មន្ទីរកសិកម្ម បានចុះផ្តល់ប្រឹក្សា និងផ្តល់ថ្នាំបាញ់សម្លាប់សត្វ ដើម្បីយកទៅបាញ់កម្ចាត់សត្វដង្កូវមូរស្លឹកនៅក្នុងឃុំទាំងពីរ នៃស្រុកព្រៃនប់។ ក្នុងនោះ មន្ទីរ នឹងបន្តចុះទៅពិនិត្យតាមឃុំទាំង ១៥ ក្នុងស្រុកព្រៃនប់ និងនៅស្រុកកំពង់សីលា បន្តទៀត ដើម្បីទប់ស្កាត់បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ស្រុកព្រៃនប់មាន ១៥ ឃុំ និងផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាចំនួន ១១ ៥៤០ ហិតា៕
អត្ថបទ ៖ ស៊ុយ ចាន់ធា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


