ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អិច ១៦» ជាចំណុចចាប់ផ្ដើមនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គូសបញ្ជាក់ថា «តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អិច ១៦» ជាចំណុចចាប់ផ្ដើមនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។

នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កាលពីឆ្នាំ ៦ ឆ្នាំមុន សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍មួយ ដើម្បីផ្ដល់ឱកាសដល់យុវជនបានឈ្វេងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរដោយថ្មើរជើងរួមគ្នា នៅលើគន្លងផ្លូវដែលមានស្ថានភាពបត់បែន ចម្ងាយ ៤០ គីឡូម៉ែត្រ។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ «៤០ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ប្រវត្តិសាស្ត្រ» បានក្លាយជាផ្នែកមួយដែលអាចនាំយុវជនឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់កម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិត នៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្ដែង។ លើសពីនេះ ស្មារតី នៃការរៀបចំព្រឹត្តិការណ៍នេះ ជាការផ្ដល់ឱកាសដល់យុវជនបានឈ្វេងយល់ពីប្រវត្តិសាស្ត្រ ក្នុងគោលដៅរំឭកដល់វីរភាព និងគុណបំណាច់ដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក៏ដូចជាភាពអង់អាចក្លាហានរបស់យុវជនជំនាន់មុនដែល តស៊ូ រើបម្រះ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏យង់ឃ្នង។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តទៀតថា ឯកឧត្ដម បានចងចាំថា ចំណុច X16 គឺជាកន្លែងឈប់សម្រាក។ កាលនោះ នៅទីនេះ ជាទីវាល ហើយមិនទាន់មានការរៀបចំស្រស់ស្អាតដូចពេលនេះទេ។ មកដល់ចំណុចនេះ ឯកឧត្ដម បានអង្គុយសម្រាកជាមួយសហការីរួមដំណើរ ហើយក៏បានពើបប្រទះអារម្មណ៍មួយ។ ឯកឧត្ដម បានចងចាំប្រសាសន៍របស់ សម្ដេចតេជោ ដែលបានលើកឡើងថា ចំណុច X16 ជាទីកន្លែងដែលលោក និងសហការីយុទ្ធមិត្តចំនួន ៤ រូបទៀត ត្រូវធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងភូមិសាស្ត្រ ក្នុងការបន្តដំណើរឆ្ពោះទៅមុខ ដើម្បីស្វែងរកសេចក្ដីសុខជូនប្រជាជនកំពុងរងទុក្ខវេទនា។ ការសម្រេចនាពេលនោះ ត្រូវធ្វើឡើងដោយលំបាក ត្បិតថាផ្លូវដែលត្រូវដើរមានការប្រថុយប្រថានច្រើន មានឧបសគ្គ និងអាចមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ជំហាន និងគ្រប់ពេលវេលា។
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ថា ”មកដល់ថ្ងៃនេះ ចំណុច X16 ដែលស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានប្រសិទ្ធិនាមជា«តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អិច ១៦» ជាចំណុចចាប់ផ្ដើមនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃនេះ”។

ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់ទៀតថា ទីនេះ«តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អិច ១៦» ជាកន្លែងផ្សារភ្ជាប់ព្រឹត្តិការណ៍រំដោះប្រទេសជាតិ តាមរយៈកម្លាំងតស៊ូ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ ឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាបន្តបន្ទាប់ កម្ពុជា អាចបន្តដំណើរជាមួយការចរចា ស្ដារ និងកសាងប្រទេសឡើងវិញ។ កម្ពុជា មានលទ្ធភាពឈានឆ្ពោះទៅកាន់ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនានាជាច្រើនដំណាក់កាល រហូតនាំមកនូវការអនុវត្តនយោបាយឈ្នះ ឈ្នះ នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ កម្ពុជា ស្វែងរកបានសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រក្នុងរយៈពេលរាប់រយឆ្នាំ។ ការបិទបញ្ចប់សង្គ្រាម ការទទួលបានសន្តិភាព ការស្តារ និងអភិវឌ្ឍន៍សង្គម និងការពង្រឹងកិត្យានុភាពជាតិលើឆាកអន្តរជាតិប្រកបដោយភាពជោគជ័យគួរជាទីមោទនៈរហូតមកដល់សព្វថ្ងៃនេះ អាស្រ័យដោយការពលី លះបង់ សាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករដ៏ឆ្នើមទាំងអស់របស់កម្ពុជា ដែលលោកគឺជាគំរូវីរភាពដ៏អង់អាចសម្រាប់ប្រជាជនទាំងអស់គ្នាជាអ្នកជំនាន់ក្រោយ។
ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន យុវនារី គ្រប់ៗ រូប តោងសិក្សា ឈ្វេងយល់នូវមេរៀនប្រវត្តិសាស្ត្រ និងសច្ចធម៌ប្រវត្តិសាស្ត្រ ដែលកម្ពុជាបានឆ្លងកាត់ ជាពិសេសការនឹករឭកដល់គំរូវីរភាពដ៏អង់អាចហានក្លារបស់វីរយុទ្ធជន និងយុវជនជំនាន់មុន។

ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា មេរៀនប្រវត្តិសាស្ត្រទាំងអស់នេះ គឺជាការដាស់ស្មារតីកូនខ្មែរគ្រប់ជំនាន់ឲ្យរឹងរឹតខិតខំប្រឹងប្រែង ពុះពារ ឆ្លងកាត់ឧបសគ្គ ការលំបាកនានា ហើយរួមគ្នាជាធ្លុងមួយ ដើម្បីបន្តជ្រោងទង់កម្ពុជា បម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ឲ្យទទួលបានសេចក្ដីសុខសាន្តត្រាណតរៀងទៅ។
ទន្ទឹមនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៤៧ ទិវា នៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) ផងដែរ។

គួរជម្រាបថា ទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ខួបលើកទី ៤៧ «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ពិធីរំលឹកខួបលើកទី ៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងប្រារព្ធធ្វើឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕
អត្ថបទ ៖ ពិសី






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


