ព័ត៌មានជាតិ
«ដាស់ស្មារតីជាតិ» ព្រឹត្តិការណ៍បង្កើតឡើងដោយ ស.ស.យ.ក នឹងរៀបចំនៅថ្ងៃ២៨ ឧសភា ជាការចងចាំមេរៀនឈឺចាប់របស់កម្ពុជា
ព្រឹត្តិការណ៍ថ្មីមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងកើតឡើងនាពេលខាងមុខនេះ ដើម្បីជាការរំលឹក និងដាស់ស្មារតីប្រជាជាតិខ្មែរនូវការចងចាំមេរៀនឈឺចាប់របស់កម្ពុជា ក្នុងឆ្នាំ២០២៥កន្លងទៅ នោះគឺយុទ្ធនាការណ៍«ដាស់ស្មារតីជាតិ»។

កម្មវិធីនេះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង៥ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនទូទៅជាច្រើនពាន់នាក់។
«ដាស់ស្មារតីជាតិ ឬ Day of Reckoning» គឺជាបេសកកម្មនៃយុទ្ធនាការរំលឹក និងដាស់ស្មារតីប្រជាជាតិឱ្យចងចាំពីដំណើរប្រវត្តិសាស្ត្រ ការឈឺចាប់ ការបាត់បង់ និងការតស៊ូដែលប្រជាជនកម្ពុជា ធ្លាប់បានឆ្លងកាត់ ជាពិសេសការចងចាំមេរៀនឈឺចាប់ឆ្នាំ២០២៥ ដោយប្រែក្លាយមេរៀន ព្រមទាំងស្លាកស្នាមនៃអតីតកាលទាំងនេះ ឱ្យទៅជាកម្លាំងជំរុញចិត្តសម្រាប់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយក្នុងការអភិវឌ្ឍសមត្ថភាព ការពង្រឹងស្មារតីស្នេហាជាតិ និងការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងសមិទ្ធផលសង្គមដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។

«ដាស់ស្មារតីជាតិ» មិនមែនជាការរំលឹកអតីតកាល ដើម្បីបង្កើតការបែកបាក់ រើសអើង ឬការគុំកួនសងសឹកនោះឡើយ។ ប៉ុន្តែជាការដាស់តឿនស្មារតីប្រជាជាតិឱ្យយល់ដឹងពីតម្លៃនៃការរួបរួម សន្តិភាព ការអត់ឱន និងការកសាងអនាគតរួមគ្នា ដោយបញ្ចៀសដាច់ខាតនូវទស្សនៈជ្រុលនិយមគ្រប់ទម្រង់។
នៅក្នុងកម្មវិធីនេះ នឹងមានដាក់តាំងបង្ហាញផ្ទាំងគំនូរដែលលាតត្រដាងនូវការពិត ដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ (Truth Park) និងទីតាំងគោរពវិញ្ញាណក្ខន្ធដល់កងកម្លាំងដែលបានពលី ការតាំងបង្ហាញពីសំណល់សង្គ្រាម ដូចជា ឯកសណ្ឋានរបស់កងកម្លាំងដែលបានពលី ទង់ជាតិកម្ពុជា ដែលត្រូវបានកម្ទេចដោយយោធាថៃ បំណែកផ្ទះប្រជាពលរដ្ឋដែលបានបែកបាក់ និងខូចខាតដោយសារសង្គ្រាម។ បន្ថែមពីនេះ ក៏មានការរៀបចំផ្ទាំងដែលអនុញ្ញាតឱ្យអ្នកចូលរួមបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការឆ្ពោះទៅមុខជាប្រជាជាតិតែមួយ ការដង្ហែទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វីដេអូនានា រួមទាំងការសម្ដែងទស្សនីយភាពដែលរំលេចពីអត្តសញ្ញាណ និងមោទនភាពជាតិផងដែរ។

គួរជម្រាបថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ត្រូវបានរងការឈ្លានពានពីប្រទេសជិតខាង ដោយចាប់ផ្ដើមកាលពីឆ្នាំ២០២៥ ប្រជពលរដ្ឋខ្មែរទាំងអស់បានរួបរួមគ្នាជាធ្លុងមួយ មានស្មារតីជាតិតែមួយលើការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ក្នុងនោះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលអង្គការមហាជនដ៏ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី កន្លងមក ក៏បានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


