ព័ត៌មានជាតិ
មន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ និងគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ នៅខេត្តកោះកុង
លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាពសហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ និងគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង ២(ជំហាន ២) ក្នុងភូមិសាស្ត្រខេត្តកោះកុង។

លោករដ្ឋលេខាធិការ បានឲ្យដឹងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ ថា គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ដែលមានទីតាំងស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយ ៣០០ គីឡូម៉ែត្រ ប៉ែកខាងលិចរាជធានីភ្នំពេញ។ ការងារសំខាន់ៗ របស់គម្រោងរួមមាន ៖ ១)ជួសជុលទំនប់ដីប្រវែង ១០០០ ម៉ែត្រ ២)ក្រាលដីគ្រួសក្រហមលើខ្នងទំនប់ប្រវែង ១០០០ ម៉ែត្រ និង ៣)ជួសជុលសំណង់ទ្វារទឹក(ទ្វារ ៤) ចំនួន ១ កន្លែង។
លោក ប៊ុន ហ៊ាន ថ្លែងទៀតថា គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ ដើម្បីបង្កើនបរិមាណស្តុកទឹកដែលទទួលពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ពីជ្រលងភ្នំ និងតាមជួរភ្នំធំស្តុកទុកក្នុងអាងទឹកជ្រោយប្រស់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការងារស្រោចស្រពស្រូវវស្សាចំនួន ២៧៥ ហិតា ស្រូវប្រាំងចំនួន ៣០ ហិតា និងដំណាំរួមផ្សំ ២០ ហិតា ជូនដល់ប្រជាពលរដ្ឋចំនួន ៣៨៣ គ្រួសារ ក្នុងភូមិចំនួន ២ របស់ឃុំជ្រោយប្រស់ នៃស្រុកកោះកុង។ បើគិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩០%។

ទំនប់ការពារទឹកប្រៃដងពែង ២ បានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់មកធ្វើការ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៣២០ ហិតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ១២ ហិតា ជូនប្រជាពលរដ្ឋចំនួន ៣៥៤ គ្រួសារ ក្នុងភូមិចំនួន ២ របស់ឃុំដងពែង នៃស្រុកស្រែអំបិល។
បន្ថែមលើនេះមន្ត្រីក្រសួងធនធានទឹក ដដែលបានបញ្ជាក់ថា ការសាងសង់ទំនប់ការពារទឹកប្រៃដងពែង ២ (ជំហាន ២) ដែលរួមមានការសាងសង់ទំនប់ដីប្រវែង ២ ៥០០ ម៉ែត្រ គឺគោលបំណងរួមចំណែកដោះស្រាយ និងធានាបាននូវសុវត្ថិភាពការពារទឹកប្រៃមិនឱ្យហូរចូលលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ជួយរំដោះទឹកជំនន់ទឹកភ្លៀងនៅ រដូវវស្សាឱ្យហូរចូលទៅសមុទ្របានទាន់ពេលវេលា និងខ្នងទំនប់ជាផ្លូវលំធ្វើដំណើរក្នុងមូលដ្ឋានតាមបណ្តោយឆ្នេរសមុទ្រ។ បើគិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៣៥%។

ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងពន្លឿនការងារឱ្យបានទាន់ពេលវេលាសម្រាប់ប្រជាកសិករបានប្រើប្រាស់ក្នុងរដូវវស្សា ព្រមទាំងណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ទំនប់អាងទឹកនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?