ព័ត៌មានជាតិ
រយៈពេល៦ខែ ឆ្នាំ២០២៤ ខេត្តប៉ៃលិនមានករណីជំងឺគ្រុនចាញ់តែ៤ករណីប៉ុណ្ណោះ
ទិន្នន័យជំងឺគ្រុនចាញ់ប៉ុន្មានឆ្នាំចុងក្រោយនេះសម្រាប់ខេត្តប៉ៃលិនមានការថយចុះគួរអោយកត់សំគាល់ជាខ្លាំង។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តប៉ៃលិន ក្នុងឱកាសបើកិច្ចប្រជុំក្រុមការងារពិសេស សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ប្រចាំត្រីមាសទី២ (ខែមេសាដល់ខែមិថុនា ឆ្នាំ២០២៤) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន ក្រោមវត្តមានចូលរួមពីលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក
វេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ
នៃក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ ហ្វាស៊ីប៉ារ៉ូម ឲ្យអស់នៅកម្ពុជា និងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់នៅឆ្នាំ២០២៥ ដូចនេះយើងត្រូវពិនិត្យ និងតាមដានជាប្រចាំពិនិត្យនូវនិន្នាការនៃជំងឺ បើឃើញមានអត្រា កើនឡើងត្រូវរិះរកយុទ្ឋសាស្ត្រថ្មី និងរួមគ្នាដោះស្រាយ
ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់តាមការកំណត់ប្រកបដោយប្រសិទ្ឋភាព និងទទួលបានលទ្ឋផលគាប់ប្រសើរ។
លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ខណៈដែលមកដល់បច្ចុប្បន្ន ករណីជំងឺគ្រុនចាញ់នៅខេត្តប៉ៃលិនទាំងមូល មានចំនួនថយចុះគួរឲ្យកត់សម្គាល់ស្ទើរតែគ្មានករណីកើតឡើង។

ជាក់ស្ដែងសម្រាប់ត្រីមាសទី១ និងទី២ សម្រាប់ឆ្នាំ២០២៤នេះ (គិតចាប់ខែមករា ដល់ខែមិថុនា) ខេត្តប៉ៃលិនមានករណីគ្រុនចាញ់តែ ៤ករណីប៉ុណ្ណោះ ហើយក្នុងនោះគឺបានជាសះស្បើយទាំងអស់។ ដូច្នេះរដ្ឋបាលខេត្តប៉ៃលិន ក៏ដូចជារាជរដ្ឋាភិបាល សង្ឃឹម និងជឿជាក់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០២៥ ច្បាស់ជាលុបបំបាត់បានជាក់ជាមិនខាន។ ជាពិសេសខេត្តប៉ៃលិន នឹងក្លាយជាខេត្តគំរូឈានមុខគេផងដែរក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់អស់មុនគេ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរសុខាភិបាលខេត្ត ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារបញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ក្នុងការបញ្ច្រាបការយល់ដឹងពីជំងឺគ្រុនចាញ់។ ជាពិសេសក្រុមការងារពិសេសថ្នាក់ខេត្តបន្តការអប់រំពីវិធានការបង្ការជំងឺគ្រុនចាញ់ និងបំផុសលើកទឹកចិត្តចលនាចូលរួមរបស់ប្រជាជន
ក្នុងការអនុវត្តសកម្មភាពលុបបំបាត់ ប្រភពកកើតសត្វមូស ដង្កូវទឹក អនាម័យ បរិស្ថាន និងត្រូវស្វែងរកសេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺឲ្យបានត្រឹមត្រូវ ទាន់ពេលវេលានៅមូលដ្ឋានសុខាភិបាលសាធារណៈដូចជា មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅដ្ឋានបំផុត ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


