ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ទទួលបានចម្លើយសំខាន់ ករណីស្លាប់ជនជាតិវៀតណាម ៦នាក់
ក្រោយការសាកសួរមគ្គទេសក៍ទេសចរណ៍ឈ្មោះ Phan Ngoc Wu ដែលនាំជនជាតិវៀតណាម ៦នាក់ដើរក្នុងប្រទេសថៃ, ប៉ូលិសទទួលបានចម្លើយសំខាន់ថា មានមគ្គទេសក៍ទេសចរណ៍ម្នាក់ទៀត ជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនេះ ពោលម្នាក់នោះឈ្មោះហៅក្រៅថា Tiger ហើយរូបគេ គឺជាអ្នកដែលប្រហែលដឹងពីប្រភពថ្នាំពុលស្យានីត ហើយអាចស្គាល់អ្នកផ្សេងទៀតជុំវិញរឿងនេះទៀត។

ជនជាតិវៀតណាម៦នាក់ បានស្លាប់ដោយសារការពុលស្យានីត នៅសណ្ឋាគារ Grand Hyatt ក្នុងទីក្រុងបាងកក។ សាកសពពួកគេត្រូវបាន អ្នកបម្រើនិងសន្តិសុខសណ្ឋាគាររកឃើញកាលពីថ្ងៃអង្គារទី១៦ខែកក្កដា ហើយក្នុងចំណោមអ្នកស្លាប់ ស្រ្តីម្នាក់ឈ្មោះ Sherine Chong អាយុ៥៦ឆ្នាំ ត្រូវគេសន្មត់ថា ជាឃាតករដែលដាក់ថ្នាំពុលក្នុងពែងតែសម្លាប់អ្នកផ្សេង រួចធ្វើអត្តឃាតតាមក្រោយ។
ហេតុផលនៅពីក្រោយរឿងនេះ ត្រូវគេសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយបំណុលប្រហែល១០លានបាត ព្រោះថា Chong បានបបួលជនរងគ្រោះម្នាក់ៗ ឲ្យវិនិយោគលើគម្រោងមន្ទីរពេទ្យក្នុងប្រទេសជប៉ុន ប៉ុន្តែខាតចុងខាតដើម នាំឲ្យអ្នកទាំងនោះទាមទារប្រាក់របស់ពួកគេមកវិញ។ ក្រោយមក ពួកគេក៏បានធ្វើដំណើរទៅប្រទេសថៃ ហើយស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ ដើម្បីដោះស្រាយបញ្ហា។

ទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ បានរាយការណ៍ថា មនុស្ស៣នាក់ក្នុងចំណោមអ្នកស្លាប់ដែលរួមមាន Sherine Chong, Thi Nguyen Phuong Lan និង Hung Dang Van ជាប្តីរបស់ Chong គឺជាភ្នាក់ងារ ដែលបានអញ្ជើញអ្នកផ្សេងទៀតឲ្យវិនិយោគក្នុងគម្រោងមន្ទីរពេទ្យនេះ។
ក្រោយការសាកសួរ, ប៉ូលិសបង្ហាញថា Thi Nguyen Phuong Lan បានស្នើឲ្យមគ្គទេសក៍ទេសចរណ៍ Phan Ngoc Wu ទិញថ្នាំ Snake Medicine Number 7 តម្លៃ ១១ ០០០បាត។ ក្រោយមក Phan Ngoc Wu ក៏បានប្រាប់ទៅមគ្គទេសក៍ទេសចរណ៍ម្នាក់ទៀតឈ្មោះ Tiger ឲ្យទៅទិញជំនួស ហើយ Tiger ក៏ប្រហែលជាទិញថ្នាំពុលផងដែរ ឬទាក់ទងអ្នកផ្សេងបន្ត។

Snake Medicine Number 7 គឺជាថ្នាំប៉ូវដែលពេញនិយមខ្លាំងបំផុតចំពោះជនជាតិវៀតណាម នារយៈពេល១០ឆ្នាំមកនេះ ហើយវាមានលក់តែក្នុងប្រទេសថៃប៉ុណ្ណោះ ដូច្នេះហើយទើបទេសចរវៀតណាម តែងតែទិញថ្នាំនេះ យកទៅប្រទេសខ្លួនវិញ។
Tiger បានទិញថ្នាំនេះទៅឲ្យ Thi Nguyen Phuong Lan នៅសណ្ឋាគារមួយក្បែរអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិក្នុងទីក្រុងបាងកក ខណៈពេលនេះក្រុមមន្ត្រីកំពុងពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាពដើម្បីតាមរក Tiger។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនទាន់បញ្ចេញព័ត៌មានអ្វីឲ្យលើសនេះទេ ពោលគឺរង់ចាំលទ្ធផលនៃការស៊ើបអង្កេតបន្តទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសថៃ រកឃើញតម្រុយ ពាក់ព័ន្ធការស្លាប់មនុស្ស៦នាក់ ក្នុងបន្ទប់សណ្ឋាគារផ្កាយ៥
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


