ព័ត៌មានជាតិ
សាងសង់ផ្លូវមានគុណភាពជាប់រឹងមាំ ឆ្លងកាត់ ៦ ដំណាក់កាល តាំងពីរៀបគ្រឹះក្រោមដល់ស្រទាប់កៅស៊ូខាងលើ
អគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញផ្សាយសៀវភៅ «បទដ្ឋានបច្ចេកទេសសម្រាប់ការជួសជុល និងសាងសង់ផ្លូវថ្នល់ និងសំណង់សិល្បការ្យ» នៅព្រះរាជាណាចក្រកម្ពុជា។
សៀវភៅណែនាំនេះ ជាជំហានដំបូងក្នុងការយល់ដឹងដើម្បីឈានទៅការប្រើប្រាស់បទដ្ឋានបច្ចេកទេសខ្នាតធំ ឬក្នុងកម្រិតស្តង់ដាអន្តរជាតិ និងក៏អាចជាឯកសារស្វែងយល់អំពីមូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់វិស្វករ ឬ អ្នកបច្ចេកទេសខាងសំណង់ថ្នល់-ស្ពាន យកមកសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ក្នុងការសាងសង់ផ្លូវថ្នល់-សំណង់សិល្បការ្យ ជាពិសេសសម្រាប់វិស្វករត្រួតពិនិត្យនៅការដ្ឋាន ដែលអាចប្រើប្រាស់សៀវភៅនេះជាឯកសារយោង ដើម្បីជួយតំរែតម្រង់ការងារសាងសង់ផ្លូវថ្នល់ និងសំណង់សិល្បការ្យឲ្យប្រកបទៅដោយគុណភាព និងសោភ័ណភាព។

ក្នុងសៀវភៅក៏បានចង្អុលបង្ហាញពីការងារជួសជុល និងសាងសង់ផ្លូវថ្នល់ ដែលកំពុងអនុវត្តជាទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា មាន ២ ប្រភេទ គឺ៖ ផ្លូវគ្មានកម្រាល ឬគ្មានគម្រប (Unpaved Road) និងផ្លូវមានកម្រាល ឬមានគម្រប (Paved Road)
១. ប្រភេទផ្លូវគ្មានកម្រាល ឬគ្មានគម្រប (Unpaved Road) គឺជាប្រភេទផ្លូវ ដែលស្រទាប់ផ្ទៃខាងលើបំផុតជាដីក្រូសក្រហម ឬល្បាយខ្សាច់ភ្នំ ឬដីល្បាយថ្មភ្នំ។
២. ប្រភេទផ្លូវមានកម្រាល ឬមានគម្រប (Paved Road) គឺជាប្រភេទផ្លូវដែលស្រទាប់ផ្ទៃខាងលើក្រាលដោយកៅស៊ូបាចថ្មមួយជាន់ (SBST) ឬពីរជាន់ (DBST) ឬក្រាលបេតុងកៅស៊ូ (Asphaltic Road)។
ដើម្បីឲ្យការសាងសង់ប្រកបទៅដោយគុណភាព ប្រតិបត្តិករត្រូវយកចិត្តទុកដាក់ទៅលើគោលការណ៍សំខាន់ពីរ គឺការប្រើប្រាស់សម្ភារៈសំណង់ប្រកបទៅដោយគុណភាពខ្ពស់ និងវិធីសាស្ត្រសាងសង់ត្រឹមត្រូវ សម្រាប់ស្រទាប់នីមួយៗនៃរចនាសម្ព័ន្ធផ្លូវថ្នល់ ដែលត្រូវអនុវត្តនិងគោរពតាមលក្ខណៈបច្ចេកទេស។
សៀវភៅ «បទដ្ឋានបច្ចេកទេសសម្រាប់ការជួសជុលនិងសាងសង់ផ្លូវថ្នល់និងសំណង់សិល្បការ្យ» បានបែងចែករចនាសម្ព័ន្ធការសាងសង់ផ្លូវដែលមានគុណភាពតាំងពីរៀបចំគ្រឹះក្រោមដល់ស្រទាប់កៅស៊ូផ្នែកខាងលើត្រូវឆ្លងកាត់ចំនួន ៦ ដំណាក់កាលមានដូចជា៖
១. តួថ្នល់ (EMBANKMENT).
២. ស្រទាប់ដីសម្រាំង (SELECTED SUB-GRADE)
៣. ស្រទាប់គ្រឹះរង (SUB-BASE COURSE)
៤. ស្រទាប់គ្រឹះ (BASE COURSE)
៥. ស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់ (ROAD SURFACING).
៦. ចិញ្ចើមថ្នល់ (ROAD SHOULDER).
១/ តួថ្នល់ (Embankment)
តួថ្នល់ (Embankment) គឺជាស្រទាប់ក្រោមបង្អស់នៃរចនាសម្ព័ន្ធផ្លូវថ្នល់។ តួថ្នល់អាចបានមកពីការកាត់ចេញ (Cutting) ឬការចាក់បំពេញ (Back filling) នូវដីធម្មជាតិ ឬដីធម្មតា ដើម្បីឲ្យបានកម្រិត កម្ពស់ (Level) តាមការគិតគូររបស់អ្នកសិក្សា ដែលជាទូទៅត្រូវតែខ្ពស់ជាងកម្រិតកម្ពស់ទឹកជំនន់ (HWL) យ៉ាងតិច 500 មម។
ចុចអានលម្អិតបន្ថែម៖ ការសាងសង់តួថ្នល់ ត្រូវមានបច្ចេកទេសបែបណា?
២/ ស្រទាប់ដីសម្រាំង (Selected Sub-Grade)
ស្រទាប់ដីសម្រាំង (Selected Sub-Grade) គឺជាស្រទាប់ដែលឋិតនៅជាប់ពីលើតួថ្នល់ ដែលជាទូទៅមានកម្រាស់ 15 សម ឬ ធំជាងនេះ ឬអាចពុំមាន អាស្រ័យដោយការកំណត់របស់វិស្វករដែលជាអ្នករៀបចំគម្រោង (Designer)។ ក្នុងករណីដែលដីតួថ្នល់មានកម្រិត CBR ខ្សោយ ចាំបាច់ត្រូវមានស្រទាប់ដីសម្រាំង ដើម្បីជួយសម្រាលបន្ទុករបស់យានយន្ត ដែលមានឥទ្ឋិពលទៅលើតួថ្នល់។
ចុចអានលម្អិតបន្ថែម៖ ស្វែងយល់បច្ចេកទេសការសាងសង់ស្រទាប់ដីសម្រាំង ផ្នែកសំខាន់ជួយផ្លូវមានគុណភាព និងរឹងមាំ
៣/ ស្រទាប់គ្រឹះរង (Sub-Base Course)
ស្រទាប់គ្រឹះរង (Sub-Base Course) គឺជាស្រទាប់សំខាន់មួយបន្ទាប់ពីស្រទាប់គ្រឹះ (Base Course) ក្នុងការទទួលនិងពង្រាយបន្តនូវបន្ទុករបស់យានយន្ត ដែលជាទូទៅគេនិយមប្រើដីក្រូសក្រហម (Laterite) សម្រាប់ការសាងសង់ស្រទាប់គ្រឹះរងនេះ។ ក្នុងករណីខ្លះ គេអាចប្រើដីល្បាយខ្សាច់ភ្នំ ឬដីល្បាយថ្មភ្នំ ឬសម្ភារៈផ្សេងៗទៀត គឺអាស្រ័យទៅតាមប្រភពធនធានសម្ភារៈ ដែលមាននៅក្នុង តំបន់ និងនៅជិតទីតាំងការដ្ឋានសាងសង់ផ្លូវ។
ចុចអានលម្អិតបន្ថែម៖ ស្រទាប់គ្រឹះរងមុខងារសំខាន់ ក្នុងការទទួលនិងពង្រាយបន្តបន្ទុកយានយន្តលើផ្លូវថ្នល់
៤/ស្រទាប់គ្រឹះ (Base Course)
ស្រទាប់គ្រឹះ (Base Course) គឺជាស្រទាប់សំខាន់ចំបងក្នុងការទ្របន្ទុក និងពង្រាយបន្ទុក របស់យានយន្តបន្តទៅស្រទាប់ក្រោមៗទៀត។
ជាទូទៅស្រទាប់គ្រឹះត្រូវសាងសង់ឡើងដោយប្រើថ្មម៉ិច (Crushed Stone_or_Rock) ឬដោយល្បាយដីលាយស៊ីម៉ងត៍ (Soil-Cement) អាស្រ័យទៅតាមប្រភពធនធានសម្ភារៈដែលមាននៅក្នុងតំបន់ ហើយនៅជិតទីតាំងការដ្ឋានសាងសង់ផ្លូវ។
ចុចអានលម្អិតបន្ថែម៖ ស្រទាប់គ្រឹះ (Base Course) ទទួលបន្ទុកចម្បង ទ្របន្ទុកយានយន្តបើកបរលើផ្លូវថ្នល់
៥/ ស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់ (Road Surfacing)
ផ្នែកនេះពាក់ព័ន្ធទៅនឹងការប្រើប្រាស់សម្ភារៈកៅស៊ូ សម្រាប់ប្រើប្រាស់ក្នុងការងារសាងសង់ផ្លូវ អាចជាប្រភេទមួយជាន់ (SBST) ពីរជាន់ (DBST) ឬក្រាលបេតុងកៅស៊ូ (Asphalt Concrete)។
សម្ភារៈកៅស៊ូត្រូវបានចែកចេញជាពីរប្រភេទគឺ ៖ ប្រភេទទី១ ជាប្រភេទជ្រាបចូលទៅក្នុងស្រទាប់គ្រឹះ (Prime Coat) និងប្រភេទទី២ គឺជាប្រភេទបន្ស៊ី (Seal)។
ដោយឡែកបេតុងកៅស៊ូ (Asphalt Concrete) ដែលយកមកប្រើត្រូវមានលិខិតបញ្ជាក់គុណភាពពីរោងចក្រផលិតកៅស៊ូ។
ចុចអានលម្អិតបន្ថែម៖ ស្រទាប់ផ្ទៃខាងលើកម្រាលថ្នល់សំខាន់ ពាក់ព័ន្ធការប្រើប្រាស់សម្ភារៈកៅស៊ូសាងសង់ផ្លូវ
៦/ ចិញ្ចើមថ្នល់ (Road Shoulder)
ចិញ្ចើមថ្នល់ គឺជាគ្រឿងបង្គុំមួយរបស់រចនាសម្ព័ន្ធផ្លូវថ្នល់។ ពេលខ្លះចិញ្ចើមថ្នល់មានតួនាទីជា គន្លងផ្លូវចរាចរណ៍ជំនួយ ឬបន្ថែម (Additional Lanes) នៅពេលដែលមានទំហំចរាចរច្រើនដែលគន្លងផ្លូវចរាចរមិនអាចទទួលបាន។ ជាទូទៅចិញ្ចើមថ្នល់ត្រូវសាងសង់ឡើងដោយដីក្រួសក្រហម (Laterite Shoulder) ឬស្រោចកៅស៊ូបាចថ្ម ១ ជាន់ (Single Bituminous Surface Treatment Shoulder)៕
ចុចអានលម្អិតបន្ថែម៖ ចិញ្ចើមថ្នល់ (Road Shoulder) មានតួនាទីជាគន្លងផ្លូវជំនួយពេលមានចរាចរច្រើនលើដងផ្លូវ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


