ព័ត៌មានជាតិ
តំណាងវិស័យឯកជនសាទរ ចំពោះការអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣ នឹងជួយកាត់បន្ថយថ្លៃថាមពល និងជំរុញផលិតកម្ម
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លោក លឹម ហេងបានលើកឡើងថា ជាមួយនឹងការអនុម័តនូវគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង ដែលមានទុនវិនិ សរុបចំនួន ៥,៧៩០ ពាន់លានដុល្លារអាម៉េរិកដោយរដ្ឋាភិបាល នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ជាពិសេសដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០។

ការអនុម័តនូវគម្រោងវិនិយោគអគ្គិសនីទាំង២៣នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៧ កញ្ញា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ កញ្ញា បានឲ្យដឹងថា គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក។
គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣គម្រោង ខាងលើនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង និងគម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។

ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។
«តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣ខាងលើ មានផលប្រយោជន៍ចំពោះកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមកំណើននៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាចធ្វើការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា»។ នេះបើយោងតាមតាមសេចក្ដីប្រកាសព័ត៌មាន។
អ្នកឧកញ៉ា លឹម ហេងបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៣០ ខែកញ្ញាថា គម្រោងទាំងនេះ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត។

អ្នកឧកញ៉ា ថាប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការទាញយកប្រយោជន៍ពីការផលិតថាមពលស្អាតមានដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ដែលថាមពលទាំងនេះអាចជួយកាត់បន្ថយថ្លៃអគ្គិសនី និងរក្សាបាននូវស្ថេរភាពផ្គត់ផ្គង់ដែលជារឿងសំខាន់ក្នុងការទាក់ទាញវិនិយោគិន។
អ្នកឧកញ៉ា បានថ្លែងថា៖«គម្រោងវិនិយោគទាំង២៣ដែលរាជរដ្ឋាភិបាលបានអនុម័តនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពបន្ថែមដល់ប្រទេសកម្ពុជាយើងក្នុងការធានាបាននូវស្ថេរភាពផ្គត់ផ្គង់ និងការចូលរួមចំណែនកាត់បន្ថយថ្លៃថាមពលដែលជារឿងចាំបាច់ចូលរួមដល់ការជំរុញផលិតកម្ម និងការកាត់បន្ថយថ្លៃដើមផលិតផលផងដែរ»។
យោងតាមសេចក្តីប្រកាសព័ត៌មាន គម្រោងទាំងនេះ កម្ពុជា អាចកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ដែលរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ឱ្យបានជាអតិបរមា ដោយរក្សាភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ នៃការផ្គត់ផ្គង់អគ្គិសនីឱ្យនៅដដែល ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាមពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជានិងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ជាមួយគ្នានេះដែរ គម្រោងនេះ នឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ជាពិសេសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តព្រៃវែង នៅក្នុងដំណាក់កាលសាងសង់ ដំណើរការ និងថែទាំ នាំមកនូវបច្ចេកវិទ្យាថ្មី ទំនើប ។ ជាពិសេសរដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោងវិនិយោគទាំង ២៣គម្រោង ដែលរួមមាន ពន្ធលើប្រាក់ចំណូល ពន្ធបន្ថែមលើការបែងចែកមុនពន្ធកាត់ទុកលើការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ ក្នុងរយៈពេលនៃប្រតិបត្តិការគម្រោងតាមកិច្ចព្រមព្រៀង៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


