ព័ត៌មានជាតិ
ក្រសួង ស្ថាប័នរដ្ឋ ចាប់ផ្ដើមសន្សំសំចៃថាមពល ក្នុងពេលវិបត្តិជាសកលប្រេងឥន្ទនៈ និងថាមពល
ក្រសួង ស្ថាប័នរដ្ឋ មួយចំនួននៅកម្ពុជា បានចេញសេចក្តីណែនាំ និងដាក់ចេញវិធានការផ្សេងៗ ដើម្បីជំរុញការកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលទូទៅ ក្នុងគោលបំណងបន្ថយចំណាយថវិកាជាតិ បង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធានរដ្ឋ ព្រមទាំងឆ្លើយតបទៅនឹងការកើនឡើងតម្លៃថាមពល និងផលប៉ះពាល់បរិស្ថាន។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានដាក់ចេញនូវវិធានការសន្សំសំចៃប្រេងឥន្ធនៈ តាមគ្រប់ស្ថាប័នរដ្ឋ នៅចំពេលមានវិបត្តិ ដោយសម្រេចកាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលចំនួន ៣០% នៃឥណទានសរុបរបស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ រួមទាំង ព្រឹទ្ធសភា, រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយលើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងគោលដៅរក្សាឥណទានទុក សម្រាប់យថាហេតុដែលមានតម្រូវការប្រេងឥន្ធនៈបន្ថែម សម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសន្សំសំចៃប្រកបដោយ ប្រសិទ្ធភាព ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្តីណែនាំរបស់ខ្លួន នាពេលថ្មីៗនេះ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីររាជធានី ខេត្ត ក្នុងអំឡុងពេលបំពេញការងារ ត្រូវកំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ កំណត់ពេលបើក-បិទភ្លើង ព្រមទាំងសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ដោយកាត់បន្ថយចំនួនបេសកកម្ម និងចំនួនសមាសភាពមន្ត្រីចុះបំពេញបេសកកម្មជាដើម។ ក្នុងករណី ចូលរួមកិច្ចប្រជុំនៅតាមបណ្តាខេត្តឆ្ងាយៗ ក្រសួងជំរុញ លើកទឹកចិត្តឱ្យចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជំនួសឱ្យការចូលរួមដោយផ្ទាល់។
ដោយឡែក រដ្ឋសភាកម្ពុជា តាមរយៈសេចក្តីណែនាំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចូលរួមកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ នៅក្នុងវិមានរដ្ឋសភា និងតាមទីស្នាក់ការតំណាងរាស្ត្រទូទាំងប្រទេស ក្នុងអំឡុងពេលបំពេញការងារ ជាពិសេស លើកទឹកចិត្តឱ្យប្រើពន្លឺធម្មជាតិ ជំនួសអំពូលភ្លើង និងសន្សំសំចៃប្រេងឥន្ធនៈ ដោយកាត់បន្ថយការធ្វើដំណើរបំពេញបេសកកម្មមិនចាំបាច់ ទាំងក្នុង និងក្រៅប្រទេស។

ក្នុងថ្ងៃជាមួយគ្នានេះ ព្រឹទ្ធសភាកម្ពុជា ក៏បានណែនាំន្រ្ដីខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការថ្នាក់ដឹកនាំ ព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឱ្យអនុវត្តវិធានការសន្សំសំចៃថាមពលអគ្គិសនី ដូចជាកាត់បន្ថយការប្រើប្រាស់ និងដកខ្សែឧបករណ៍អគ្គិសនី ដែលមិនចាំបាច់។ ព្រមទាំងលើកទឹកចិត្តឱ្យប្រើប្រាស់ពន្លឺធម្មជាតិច្រើនបំផុតតាមដែលអាចធ្វើទៅបាន នៅក្នុងបន្ទប់ ការិយាល័យ និងផ្លូវដើរនៅក្នុងអគារ និងបិទភ្លើង ឬកាត់បន្ថយការបើកអំពូលភ្លើង នៅក្នុងបន្ទប់ការិយាល័យ និងបន្ទប់នានា នៃព្រឹទ្ធសភា។
ទន្ទឹមគ្នានេះដែរ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែមីនា បានស្នើសុំចំពោះ អតិថិជនអ្នកប្រើប្រាស់ថាមពល អគ្គិសនីទាំងអស់ មេត្តាចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីតាមសកម្មភាព ដូចខាងក្រោម៖
១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងនោះ ចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាប្រចាំ។ ២. កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព ដោយបិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងត្រូវកំណត់សីតុណ្ហភាពមិនក្រោម ២៤°C។
៣.បិទ/ផ្តាច់/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ (ទូរទស្សន៍ កង្ហារ ខ្សែរសាក ។ល។) ៤. នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពល អគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ។ ៥.កាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូរទឹកកកប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួច ឱ្យបានជិតល្អពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការជួយសន្សំសំចៃថាមពលអគ្គិសនី នឹងចូលរួមចំណែក យ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើម ក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ៕

ដោយ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


