ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ផ្ដល់ប័ណ្ណសមធម៌ជូនអ្នកជំងឺអេដស៍បានជាង ៤ ម៉ឺន ៦ ពាន់នាក់ ស្មើនឹង ៦៧%
រាជរដ្ឋាភិបាល បានផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកជំងឺអេដស៍ប្រមាណជាង ៤ ម៉ឺន ៦ ពាន់នាក់ ស្មើនឹង ៦៧% នៃអ្នកផ្ទុកមេរោគអេដស៍មកទទួលសេវាព្យាបាលជិត ៧ ម៉ឺននាក់។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២១ វិច្ឆិកា នេះថា ចាប់តាំងពីត្រីមាសទី ១ ឆ្នាំ ២០២២ រហូតមកដល់ចុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ យើងបានផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍បានចំនួន ៤៦ ២០២ នាក់ ស្មើនឹង ៦៧% នៃអ្នកជំងឺដែលមកទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ART ចំនួន ៦៩ ៤១៣ នាក់។
លោកវេជ្ជបណ្ឌិត បានបន្តថា ការផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍នេះ យើងនៅមិនទាន់ដឹងថា នឹងបញ្ចប់នៅពេលណាទេ ដោយសារមានអ្នកជំងឺចាស់ និងថ្មី មកស្នើសុំជាបន្តបន្ទាប់។

លោកវេជ្ជបណ្ឌិត បានពន្យល់ថា អ្នកផ្ទុកមេរោគអេដស៍ អាចទទួលបានប័ណ្ណសមធម៌នេះបានទាមទារឱ្យចុះបញ្ជីនៅតាមទីតាំងដែលគាត់ទៅទទួលសេវាតាមរយៈថេបប្លែកជាប្រព័ន្ធឌីជីថលដែលតភ្ជាប់ប្រព័ន្ធទិន្នន័យជាមួយក្រសួងផែនការ ហើយការងារនេះក៏មានសហការជាមួយអង្គការ យូអេស អេអាយឌី អង្គការយូអិនអេដស៍ អង្គការយូអិនឌីភី។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា «យ៉ាងណាក៏ដោយ មានអ្នកជំងឺខ្លះគាត់មានប័ណ្ណសមធម៌រួចហើយ អីចឹងគាត់មិនធ្វើទៀតទេ។ ខ្លះទៀតគាត់អត់ចង់បានប័ណ្ណនេះទេដោយសារគាត់អត់ចង់ប្រាប់អត្តសញ្ញាណរបស់គាត់ឱ្យគេដឹង និងមានមួយចំនួនទៀតមិនមានសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជាដើម ទើបមិនអាចចុះបញ្ជីធ្វើប័ណ្ណសមធម៌បាន»។

លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ការផ្តល់ជូនប័ណ្ណសមធម៌ដល់អ្នកជំងឺអេដស៍បានជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់បានល្អប្រសើរ ព្រោះថាក្រៅពីការមកទទួលសេវាព្យាបាលជំងឺអេដស៍ដោយឥតគិតថ្លៃហើយ ពួកគាត់អាចទៅព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឥតគិតថ្លៃផងដែរ ដែលបានជួយរួមចំណែកកាត់បន្ថយការចំណាយផ្សេងៗ ក្នុងគ្រួសារ លើកស្ទួយជីវភាពកាន់តែប្រសើរ។
លោកវេជ្ជបណ្ឌិត សូមអំពាវនាវដល់អ្នកសង្ស័យថាមានផ្ទុកមេរោគអេដស៍ ត្រូវក្លាហានចេញមកធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលជំងឺត្រឹមត្រូវ និងទទួលបានប័ណ្ណសមធម៌ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាត្រូវបានគេប៉ាន់ស្មានថា មានអ្នកផ្ទុកជំងឺអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលបានមកទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧២ កន្លែង ចំនួន ៦៩ ៤១៣ នាក់ និងអ្នកជំងឺសង្ស័យជាង ៧ ០០០ នាក់ នៅមិនទាន់បានមកធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ០០០ នាក់៕
អត្ថបទ ៖ សំអឿន
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


