Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ កម្ពុជាកំពុងកើតមានការរើសអើងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយ ដែលអាចបង្កឱ្យមានអ្នកសម្លាប់ខ្លួន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា កំពុងលេចចេញនូវឧក្រិដ្ឋកម្មថ្មីមួយទៀតលើប្រព័ន្ធអ៊ីធឺណិត គឺជាការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមយាយី វាយប្រហារ គម្រាមគំហែង បំបាក់ស្មារតី រើសអើង។ តាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ករណីនេះ នឹងនាំឱ្យអ្នកដែលត្រូវគេរើសអើង បាត់បង់ស្មារតី បាក់ទឹកចិត្ត រហូតឈានទៅសម្លាប់ខ្លួន។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងដូច្នេះ នៅក្នុងពិធីបើកសន្និសីទស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីព័ត៌មានសង្កត់ធ្ងន់ដូច្នេះ៖«ខ្ញុំគួរតែលើកអំពីការលេចចេញនូវបទល្មើសថ្មី ឬក៏ឧក្រិដ្ឋកម្មថ្មី នៅក្នុងប្រព័ន្ធអ៊ីនធឺណិត នោះគេហៅថាជា Cyber Bullying។ Cyber Bullying នេះគឺជាការប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីបំពារបំពាន​ ឬក៏ដើម្បីវាយប្រហារ​ ដើម្បីធ្វើទុកបុកម្នេញ ទៅលើបុគ្គល។ ឧទាហរណ៍ដូចបុគ្គលមួយដែលធ្វើខុស គេប្រើប្រាស់ Cyber ឬគណនីហ្វេសប៊ុក ឬក៏ TIK TOK ទៅ Comment (បញ្ចេញមតិ)  ដើម្បីវាយបំបាក់ស្មារតី ធ្វើឱ្យម្នាក់ហ្នឹងគឺបាក់ទឹកចិត្ត បាត់ស្មារតី ហើយម្នាក់ហ្នឹងសម្លាប់ខ្លួនឯងតែម្ដង»។

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ករណីនេះ មិនមែនកើតឡើងនៅតែកម្ពុជាទេ ពោលគឺនៅតាមបណ្ដាប្រទេសមួយចំនួនផ្សេងទៀត គឺបាននិងកំពុងកើតឡើងរួចទៅហើយ។ លោក នេត្រ ភក្ត្រា ក៏បានឱ្យដឹងថា ក្នុងពេលទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងព័ត៌មានម៉ាឡេស៊ី បានប្រាប់លោកថា នៅម៉ាឡេស៊ី គឺបាននិងកំពុងកើតមានការរើសអើង និងការធ្វើទុកបុកម្នេញតាមប្រព័ន្ធផ្សព្វផ្សាយ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានប្រកាសបង្ការ និងទប់ស្កាត់លើករណីឧក្រិដ្ឋកម្មថ្មីលើប្រព័ន្ធផ្សព្វផ្សាយមួយនេះ ដើម្បីកុំឱ្យករណីរើសអើងតាមប្រព័ន្ធផ្សព្វផ្សាយនេះ ក្លាយទៅជាការធ្វើឃាតដោយប្រយោល លើអ្នកប្រើប្រាស់ប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

លោក នេត្រ ភក្រ្តា ក៏បានបង្ហាញពីការកត់សម្គាល់ថា ការរើសអើងតាមប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានកើតឡើងក្រោមរូបភាពដូចជា នៅពេលបុគ្គល «ក»ផ្សព្វផ្សាយទស្សនៈអ្វីមួយលើបណ្ដាញសង្គម ប៉ុន្តែមិនត្រូវចិត្តនឹងបុគ្គល«ខ» ស្រាប់តែបុគ្គល«ខ» ចូលទៅបញ្ចេញមតិវាយប្រហារ រើសអើង ប្រើប្រាស់ភាសាអសុរសជេរប្រមាថជាដើម បណ្ដាលឱ្យបុគ្គល «ក» ប៉ះពាល់សតិអារម្មណ៍។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា កម្ពុជា នឹងត្រូវប្រឈមមុខនឹងឧក្រិដ្ឋកម្មរើសអើងលើប្រព័ន្ធផ្សាយផ្សាយខ្លាំង។​

ជាមួយគ្នា លោក អះអាងថា អ្នកសារព័ត៌មាននៅកម្ពុជា ក៏កំពុងរងនូវការរើសអើង ការជេរប្រមាថ ដូចគ្នា នៅពេលដែលផ្សព្វផ្សាយព័ត៌មានមួយដែលមិនត្រឹមត្រូវ និងការផ្សព្វផ្សាយពិត ប៉ុន្តែមិនត្រូវនឹងចិត្តអ្នកទស្សនា៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម