ព័ត៌មានជាតិ
អត្រាឆ្លងជំងឺអេដស៍នៅតែជាក្តីកង្វល់ក្នុងចំណោមយុវជន ក្រសួងព័ត៌មានអំពាវនាវជួយផ្សព្វផ្សាយសារអប់រំពីជំងឺនេះ
ក្រសួងព័ត៌មាន អំពាវនាវម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់បន្តចូលរួមសហការជួយផ្សព្វផ្សាយវីដេអូសារអប់រំពីជំងឺអេដស៍ឱ្យបានជាប់ជាប្រចាំនិងច្រើនដងក្នុងមួយថ្ងៃចាប់ពីថ្ងៃនេះតទៅ ដើម្បីឱ្យជ្រួតជ្រាបជាចំណេះដឹងក្នុងការបង្ការ និងទប់ស្កាត់បញ្ហានេះកាន់តែមានប្រសិទ្ធភាព។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈលិខិតរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ ដែលបានជម្រាបជូនម្ចាស់ស្ថានីយ៍ និងអ្នកផលិតមាតិកា មានកម្មវត្ថុ ៖ ស្តីពីការចូលរួមផ្សព្វផ្សាយសារអប់រំ អំពីការបង្ការការពារការឆ្លងមេរោគអេដស៍ និងបញ្ជាបការយល់ដឹងពីបញ្ហាគ្រឿងញៀន។

ការស្នើសុំនាពេលនះ ខណៈទោះបីជាអត្រាឆ្លងថ្មី និងការស្លាប់ដោយសារមេរោគអេដស៍នៅកម្ពុជាមានការធ្លាក់ចុះជាលំដាប់ ប៉ុន្តែមេរោគអេដស៍នៅតែជាក្តីកង្វល់ដោយសារការឆ្លងថ្មីភាគច្រើនត្រូវបានរកឃើញនៅលើក្រុមប្រឈមមុខខ្ពស់ ដូចជាយុវវ័យ ក្រុមបុរសស្រឡាញ់បុរស អ្នកបំប្លែងភេទ និងអ្នកប្រើប្រាស់គ្រឿងញៀនជាដើម។
កន្លងមក ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាព សារព័ត៌មានទាំងអស់ បានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង និងចូលរួមសហការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ សារអប់រំនានាពាក់ព័ន្ធនឹងបញ្ហាសុខភាព បញ្ហាគ្រឿងញៀន និងការបង្ការ ទប់ស្កាត់បញ្ហាផ្សេងទៀតក្នុងសង្គម ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែទូលំទូលាយ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងព័ត៌មាន សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ម្ចាស់ប្រព័ន្ធ ផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ ដែលបានបំពេញតួនាទីដ៏ត្រឹមត្រូវដើម្បីលើកកម្ពស់សុខុមាលភាពសង្គម។

ជាមួយគ្នានេះ ដើម្បីបន្តសកម្មភាពខាងលើឱ្យបានកាន់តែផុលផុស ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រុមហ៊ុន MSA ផលិតនូវវីដេអូសារអប់រំចំនួន ២ (ពីរ) រួមមាន ១ សារអប់រំស្តីពីជំងឺអេដស៍និងមេរោគអេដស៍ក្រោមចំណងជើងថា«កំហុសនៃទំនុកចិត្ត» និង២ សារអប់រំស្តីពីគ្រឿងញៀនក្រោមចំណងជើងថា«ច្រកទ្វារដំបូង»។
ក្នុងន័យនេះ ក្រសួងព័ត៌មាន អំពាវនាវ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នក ផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ បន្តចូលរួមសហការជួយផ្សព្វផ្សាយវីដេអូសារអប់រំទាំងពីរនេះ ឱ្យបានជាប់ជាប្រចាំនិងច្រើនដងក្នុងមួយថ្ងៃចាប់ពីថ្ងៃនេះតទៅដើម្បីឱ្យជ្រួតជ្រាបជាចំណេះដឹងក្នុងការបង្ការ និងទប់ស្កាត់បញ្ហានេះកាន់តែមានប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានឱ្យដឹងថា ឆ្នាំ ២០២៥ មានអ្នកជំងឺអេដស៍ដែលកំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍បានកើនឡើងពី ៦៩ ៩៩៤ នាក់ ដល់ ៧១ ៦៩៧ នាក់ ឬកើនឡើង ២,៤៣% ធៀបនឹងឆ្នាំ ២០២៤ និងមានអ្នកជំងឺ ៦៩៧ នាក់ ក្នុងនោះ មនុស្សពេញវ័យ ៦៨៨ នាក់ និងកុមារ ០៩ នាក់ ត្រូវបានរាយការណ៍ថាស្លាប់។ អត្រានេះ បើធៀបទៅនឹងឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់ ដោយឆ្នាំ ២០២៤ មានអ្នកស្លាប់ដោយសារជំងឺអេដស៍ប្រមាណ ១ ១០០ នាក់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


