ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សម្រេចផ្ទេរសមត្ថកិច្ចក្នុងការចាត់ការសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ដែលគេស្គាល់ថាពូហ៊ន ពីសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ទៅឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធី។ នេះបើតាមលិខិតមួយច្បាប់របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៣ ខែធ្នូ ដាក់ទៅឱ្យប្រធានពីសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។

ការផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើឈ្មោះ ផាត់ ហ៊ន ដែលប្រកបអាជីពជាអ្នកសារព័ត៌មាននេះ គឺឆ្លើយតបនឹងសំណើររបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលស្នើសុំផ្ទេរសំណុំរឿងទៅឱ្យអយ្យការអមសាលាដំបូងរាជធានីខេត្តផ្សេង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

តាមក្រសួងយុត្តិធម៌ ការផ្ទេរស្នើសុំផ្ទេរសំណុំរឿងនេះ គឺដើម្បីធានាដំណើរការល្អនៃយុត្តិធម៌តុលាការ និងដោយយោងតាមមាត្រា១៩ នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ។

គួរឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៦០ ចុះថ្ងៃទី ២៧-១១-២០២៤ ដែលមានឈ្មោះ សួស ឡា ជាដើមបណ្ដឹង បានប្តឹងឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ការប្រមាថលើស្ថាប័ន ការផ្សាយព័ត៌មានមិនពិតបង្ខូចឈ្មោះស្ថាប័នតុលាការ និងការិះគន់លើសេចក្តីសម្រេចរបស់តុលាការពាក់ព័ន្ធ នឹងការលើកចោលដីកាសម្រេចរក្សាការពារ” ប្រព្រឹត្ត និងបន្តប្រព្រឹត្តតាមការផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយមានគណនីសារព័ត៌មាន KH Plus News ព័ត៌មានសង្គម កាលពី ថ្ងៃទី ២០ និង ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២រសៀល តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានកោះហៅឈ្មោះ ផាត់ ហ៊ន ដើម្បីធ្វើការស្តាប់ចម្លើយពាក់ព័ន្ធនឹងអង្គហេតុ ដែលជននេះបានផ្សព្វផ្សាយជាសាធារណៈភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយដែលបានប្រើប្រាស់ពាក្យសម្ដីមិន សមរម្យ និងការប្រមាថ កាលពីថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលការកោះហៅនេះ គឺជាដំណើរការនីតិវិធីធម្មតា ក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបឋម ដើម្បីធ្វើការប្រមូលព័ត៌មាន និងពិនិត្យលើបទល្មើសដូច មានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។

នៅចំពោះមុខអយ្យការ ឈ្មោះ ផាត់ ហ៊ន បានផ្តល់ចម្លើយសារភាពទទួល ស្គាល់នូវអង្គហេតុដូចជា សារភាពសុំទោស និងសំដែងការសោកស្តាយ ដែលខ្លួនបានប្រើប្រាស់ ពាក្យសម្តីមិនសមរម្យ និងបានប្រមាថក្នុងការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អង្គភាពសារព័ត៌មានខ្លួន ទទួលស្គាល់ថាការផ្សព្វផ្សាយ និងការអត្ថាធិប្បាយរបស់ខ្លួន គឺមិនបានប្រមូលព័ត៌មានឱ្យបាន គ្រប់ជ្រុងជ្រោយពីសំណាក់ភាគីពាក់ព័ន្ធ ជាពិសេសមិនបានសាកសួរព័ត៌មានពាក់ព័ន្ធសំណុំរឿង ខាងលើពីអ្នកនាំពាក្យរបស់ស្ថាប័នតុលាការ ដែលបណ្តាលឱ្យការផ្សព្វផ្សាយ និងការអត្ថាធិប្បាយ របស់ខ្លួនមានភាពលម្អៀង និងបង្កើតឱ្យមានការភាន់ច្រឡំលើចំណាត់ការដ៏ត្រឹមត្រូវរបស់តុលាការ និងសូមទទួលខុសត្រូវចំពោះកំហុសនេះ និងស្នើសុំការអធ្យាស្រ័យ អត់ឱន និងសម្រាលចំពោះកំហុសលើកដំបូងរបស់ខ្លួននេះ និងស្នើសុំធ្វើ ការកែតម្រូវព័ត៌មាន រួមទាំងសុំទោសជាសាធារណៈចំពោះស្ថាប័នតុលាការ។
នៅថ្ងៃទី១៩ ខែធ្នូ ដដែល ក្រោយបញ្ចប់ការស្តាប់ចម្លើយ តំណាងអយ្យការបានអនុញ្ញាតឱ្យឈ្មោះ ផាត់ ហ៊ន ហៅ ពូហ៊ន ត្រលប់ ទៅផ្ទះវិញជាធម្មតា។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះថ្ងៃទី២១ ខែធ្នូ បានឱ្យដឹងថា តាមរយៈចម្លើយសារភាពទទួលស្គាល់កំហុសរបស់ឈ្មោះ ផាត់ ហ៊ន និងភស្តុតាងផ្សេងទៀត តំណាងអយ្យការពិនិត្យឃើញថាមានតម្រុយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។ ហេតុដូច្នេះ និងដើម្បីធានាភាពសុក្រឹត្យក្នុងដំណើរការនីតិវិធីបន្ត ទើបអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងធ្វើលិខិតស្នើសុំ ក្រសួងយុត្តិធម៌ ដើម្បីធ្វើការផ្ទេរសមត្ថកិច្ចលើសំណុំរឿងនេះដោយអនុលោមតាមច្បាប់ជាធរមាន៕
ដោយ៖ ង៉ិល ណារ៉ាត់




-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


