ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពតឱ្យពលរដ្ឋ ៣៥គ្រួសារ ចូលរួមរុះរ៉ើសំណង់ដែលប៉ះពាល់ចំណីព្រែកត្រើយខាងលិច ដើម្បីរៀបចំសោភ័ណភាពក្រុង
កំពត ៖ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាបញ្ហាប្រឈម នឹងបានសំណូមពររបស់បងប្អូនប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ដែលបានរស់នៅលើដីជាប់ដងព្រែកកំពុងបាយចាប់ពីគល់ស្ពានឥន្ទធនូរហូតដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ(ស្ពានកំពុងបាយ) ដែលស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដើម្បីរកដំណោះស្រាយបញ្ហាពាក់ព័ន្ធនឹងការរុះរើសំណង់ដែលប៉ះពាល់ចំណីមាត់ព្រែកដើម្បីកំណត់យកទំហំទីតាំងរុះរើ ដើម្បីរៀបចំសោភ័ណ្ឌភាពបន្ថែមទៀត និងចាប់ផ្ដើមបើកផ្លូវមាត់ព្រែកចាប់ពីគល់ស្ពានចាស់រហូតដល់ស្ពានថ្មីនៅត្រើយខាងលិច។

អាជ្ញាធរខេត្តកំពត បានបន្តអភិវឌ្ឍតំបន់ឆ្នេរព្រែកកំពង់បាយត្រើយខាងលិច ក្នុងដំណាក់កាលទី២ ដោយស្ថាបនាផ្លូវចាប់ពីចំណុចគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ) ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ហើយតម្រូវឱ្យប្រជាពលរដ្ឋទាំង ៣៥គ្រួសារដែលរស់នៅជាប់ព្រែកចូលរួមរុះរ៉ើសំណង់ដែលប៉ះពាល់ចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចបានចង្អុលទិសឱ្យនៅតាមបណ្តាខេត្តដែលជាគោលដៅទេសចរណ៍ ត្រូវពង្រីកសក្តានុពល ដើម្បីស្រូបយកទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន ទាំងក្នុងប្រទេស ក្រៅប្រទេស ទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

លោកបានបន្តថា ការអភិវឌ្ឍលើវិស័យទេសចរណ៍នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះគឺតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការរុះរ៉ើសំណង់ដែលប៉ះពាល់ដល់ចំណីព្រែកកំពង់បាយ ហើយការអភិវឌ្ឍនេះ គឺមិនឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋនោះឡើយ។

ក្រោយពីកិច្ចប្រជុំរួចមក លោកអភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋទាំង ៣៥គ្រួសារចុះពិនិត្យទីតាំង និងផលប៉ះពាល់ជាក់ស្តែង និងទទួលយកសំណើ សំណូមពររបស់ពលរដ្ឋផងដែរ។

ក្រោយពីបានពិភាក្សា ក៏ដូចជាទទួលយកមតិយោបល់ពីពលរដ្ឋទាំង ៣៥គ្រួសាររួចមក ប្រជាពលរដ្ឋទាំងអស់ ក៏យល់ព្រមឯកភាពតាមការកំណត់របស់អាជ្ញាធរខេត្តក្នុងការរុះរ៉ើសំណង់ដែលប៉ះពាល់ដល់ការអភិវឌ្ឍ និងសំដែងក្តីសប្បាយរីករាយក្នុងការចូលរួមផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបានបែងចែកការអភិវឌ្ឍតំបន់ឆ្នេរព្រែកកំពង់បាយត្រើយខាងលិចជា៣ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីគល់ស្ពានត្រើយកោះដល់គល់ស្ពានឥន្ទធនូ, ដំណាក់កាលទី២ ចាប់ពីគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ) និងដំណាក់កាលទី៣ ចាប់ពីគល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ)រហូតដល់ស្ពានរថភ្លើង។
នៅក្នុងថ្ងៃដដែលម៉ៅ ធនិន អភិបាលខេត្ត ក៏បានបន្តចុះពិនិត្យទីតាំងស្ពានក្បាលរមាសចាស់ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីរៀបចំធ្វើជាផ្សារគ្រឿងសមុទ្រនាពេលឆាប់ៗខាងមុខនេះផងដែរ៕
ដោយ ៖ សឹង រ៉ាត់






-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


