ព័ត៌មានអន្ដរជាតិ
អ្នកជំនាញបារម្ភពីឥទ្ធិពលនៃអាណត្តិថ្មីរបស់ ត្រាំ លើសេដ្ឋកិច្ចវៀតណាម
អ្នកជំនាញសេដ្ឋកិច្ចវៀតណាម លើកឡើងពីសេណារីយ៉ូផ្សេងៗដែលអាណត្តិថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចជះឥទ្ធិពលលើសេដ្ឋកិច្ចវៀតណាម ចំពេលដែលភាពតានតឹងពាណិជ្ជកម្មសកលកើនឡើងក្រោមគោលនយោបាយពន្ធរបស់ ត្រាំ។

កាលពីថ្ងៃសៅរ៍ លោក ត្រាំ ប្រកាសដាក់ពន្ធ ២៥ ភាគរយ លើកាណាដា និងម៉ិកស៊ិក និង ១០ ភាគរយ លើចិន ដោយបំផ្ទុះសង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង ក្រោមកាណាដា និងម៉ិកស៊ិក ប្រកាសពីវិធានការសងសឹងវិញ ដោយការដាក់ពន្ធ ២៥ ភាគរយ ប្រឆាំងអាមេរិក។ ប៉ុន្តែក្រោយមកកាលពីថ្ងៃចន្ទ លោក ត្រាំ និងមេដឹកនាំកាណាដា និងម៉ិកស៊ិក បានប្រកាសពីការផ្អាកការអនុវត្តវិធានការពន្ធនេះ រយៈពេល ៣០ ថ្ងៃសិន ក្រោយពីបានចរចាគ្នាតាមទូរស័ព្ទ។
ទោះបីជាយ៉ាងណាក៏ដោយ ភាពតានតឹងមានរួចស្រេចទៅហើយ ក្រោមគោលនយោបាយការពារនិយមរបស់លោក ត្រាំ។ កន្លងមក សេដ្ឋវិទូព្រមានបានម្ដងហើយម្ដងទៀតថា វិធានការពន្ធរបស់ ត្រាំ នឹងទាក់ទាញចំណាត់ការឆ្លើយតប ដែលវានឹងធ្វើឱ្យពាណិជ្ជកម្មសកលធ្លាក់ចុះ ហើយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល។ ក្រោមឥទ្ធិពលបែបនេះ អ្នកជំនាញសេដ្ឋកិច្ចពីប្រទេសផ្សេងៗ រួមទាំងវៀតណាម ព្រមានឱ្យរដ្ឋាភិបាលខ្លួនត្រូវតាមដានឱ្យហ្មត់ចត់។
មុនសម្រេចប្រកាសពន្ធលើម៉ិកស៊ិក និងកាណាដា និងចិន លោក ត្រាំ តែងតែលើកឡើងពីបញ្ហាធំៗ២ គឺលំហូរថ្នាំញៀនហ្វេនតានីល និងអន្តោប្រវេសន៍ខុសច្បាប់ចូលទឹកដីអាមេរិក។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយនោះគឺថា លោក ត្រាំ ក៏ធ្លាប់បានទទូចផងដែរថា លោកនឹងដាក់ពន្ធ ១០ ភាគរយ លើទំនិញពីគ្រប់ប្រទេសទាំងអស់ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

លោក Võ Trí Thành អតីតអនុប្រធានវិទ្យាស្ថានកណ្តាលសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច (CIEM) និងជាសមាជិកនៃក្រុមប្រឹក្សាប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិ បានសរសេរក្នុងអត្ថបទដែលចុះផ្សាយដោយកាសែត Viet Nam News ថា ប្រសិនបើ ត្រាំ ដាក់ពន្ធលើវៀតណាម នោះវាអាចនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចវៀតណាម តាមរយៈសមតុល្យពាណិជ្ជកម្ម អត្រាប្តូរប្រាក់ ខ្សែចង្វាក់ផ្គត់ផ្គង់ និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដែលរួមចំណែកជិត ៣០ ភាគរយ នៃការនាំចេញរបស់ប្រទេសក្នុងឆ្នាំ ២០២៤ ជាមួយនឹងអតិរេកពាណិជ្ជកម្មសម្រាប់វៀតណាម ប្រមាណ ១០៤,៦ ប៊ីលានដុល្លារ។
លោក Võ បានបន្តថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ វៀតណាម និងប្រទេសមួយចំនួនទៀត បានទទួលប្រយោជន៍យ៉ាងច្រើនពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ពេលក្រុមហ៊ុនផលិតជាច្រើនបានផ្លាស់ប្តូររោងចក្ររបស់ខ្លួនពីចិន ដើម្បីចៀសវាងការយកពន្ធរបស់សហរដ្ឋអាមេរិក។ ប្រការនេះ ធ្វើឱ្យវៀតណាមមានអតិរេកពាណិជ្ជកម្មធំជាងទី៣សម្រាប់អាមេរិក បន្ទាប់ពីចិន និងម៉ិកស៊ិក។ ក្រៅពីនេះ វៀតណាម និងអាមេរិកក៏បានបន្តពង្រឹងទំនាក់ទំនង និងបង្កើតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោមអាណត្តិរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន ផងដែរ។

ផ្ទុយទៅវិញ អ្នកជំនាញដដែលបានលើកឡើងថា អាណត្តិទី២របស់លោក ត្រាំ អាចនឹងពិបាកសម្រាប់វៀតណាម ក្នុងការស្រូបយកប្រយោជន៍ទាំងនោះ ខណៈលំហូរការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) អាចថយចុះនៅដើមឆ្នាំ ២០២៥ រហូតដល់អ្នកវិនិយោគមានការយល់ដឹងកាន់តែច្បាស់ ថាតើវៀតណាមនឹងក្លាយជាគោលដៅជាប់ពន្ធរបស់ លោក ត្រាំ ដែរឬយ៉ាងណា។
ទន្ទឹមនឹងនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមកន្លងមក បានលើកឡើងអំពីសេណារីយ៉ូចំនួន២ ធំៗ សម្រាប់អាណត្តិថ្មីរបស់ ត្រាំ។ សេណារីយ៉ូសុទិដ្ឋិនិយមគឺថា សហរដ្ឋអាមេរិកនឹងរក្សាគោលនយោបាយពន្ធគយបច្ចុប្បន្នរបស់ខ្លួនលើទំនិញវៀតណាម ខណៈការផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់អាចនាំមកនូវការវិនិយោគបន្ថែមទៀត ដើម្បីជំរុញការនាំចេញ។
ក្នុងសេណារីយ៉ូអាក្រក់ វិធានការពន្ធតឹងរ៉ឹងអាចរំខានដល់សេដ្ឋកិច្ចពិភពលោក និងប៉ះពាល់ជាអវិជ្ជមានដល់ការនាំចេញរបស់វៀតណាម។ ចិន ដែលជាដៃគូពាណិជ្ជកម្មសំខាន់របស់អាមេរិក ក៏អាចនឹងប្រឈមនឹងការលំបាក ដែលនឹងដាក់សម្ពាធបន្ថែមទៀតលើវៀតណាម៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


