ព័ត៌មានជាតិ
សិល្បករ និងកុមារជាច្រើននាក់បានប្រមូលផ្តុំគ្នាតម្លើងរូបតុក្កតាយក្ស ៩ប្រភេទ សម្រាប់ដង្ហែ ក្នុងខេត្តសៀមរាប
ក្រុមកុមារមកពីតាមបណ្តាអង្គការ និងក្រុមសិល្បករជាច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅវត្តដំណាក់ ក្រុងសៀមរាប ដើម្បីរៀបចំតម្លើងរូបតុក្កតាយក្ស ដែលធ្វើឡើងដោយឫស្សី ល្ពាក់ និងក្រដាសផ្សេងៗសម្រាប់យកទៅដង្ហែ ក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំមួយ នៅក្រុងសៀមរាប ដែលត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ទេសចរណ៍ ដែលមានមនុស្សចូលរួមទស្សនាកម្សាន្ដរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។

លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្តតាយក្ស ២០២៥ បានឱ្យដឹងថា គម្រោងតុក្តតាយក្ស បានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ២០០៧ គម្រោងនេះ ទទួលបានជោគជ័យ ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប។ លោកថា ឆ្នាំនេះអង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាបរួមគ្នាដង្ហែរក្បួនតុក្កតាយក្ស ក្រោមប្រធានបទ «យើងរួមគ្នាបង្កើត សិល្បៈខ្មែរ តួអង្គទេវកថា រាមកេរ្តិ៍ ដោយក្មេងៗប្រមាណ ៦៥០នាក់ មកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលសរុប១៩»។
ប្រភេទតុក្កតាយក្សដែលក្រុមកុមារ និងក្រុមសិល្បករ កំពុងតែមមាញឹកក្នុងការតម្លើងនេះ មានចំនួន៩ រួមមាន ទេពមច្ឆា គ្រុឌ ហនុមាន (រចនាបទ បន្ទាយស្រី) នាគ (រចនាបទ បាយ័ន) តោ (រចនាបទ សំបូរព្រៃគុ) ព្រះគណេស នាងកន្ទរី មករ និង អាសុរ (រចនាបទ បាយ័ន)។

លោកបានបន្តថា សារៈសំខាន់នៃការតម្លើង និងដង្ហែរតុក្កតាយក្សនេះ គឺទី១ ក្មេងៗបានចូលរួមធ្វើការងារជាក្រុម ចេះច្នៃប្រឌិត និងមានការតស៊ូ ព្រោះការតម្លើងរូបតុក្កតាយក្សនេះ បានជួបការលំបាកជាច្រើន ជាពិសេស ធ្វើឱ្យក្មេងៗទាំងនេះ បានដឹងពីប្រវត្តិសត្វ និងរូបនីមួយៗ ដែលពួកគាត់បាន។ ទី២ បានផ្តល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋតាមរយៈការទិញឫស្សី ល្ពាក់ និងសម្ភារៈផ្សេងៗរបស់ពួកគាត់ និងទី៣ បានសប្បាយ និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប។
បើតាមអ្នកគ្រប់គ្រងគម្រោងដដែល ឆ្នាំនេះជាឆ្នាំទី ១៥ហើយ នៃព្រឹត្តិការណ៍ដង្ហែរតុក្កតាយក្សនៅក្រុងសៀមរាប។លោករំពឹងថា ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនាបានកាន់តែច្រើន ពីព្រោះពីមួយឆ្នាំទៅមួយឆ្នាំ តុក្កតាយក្ស ដែលបានធ្វើមានភាពខុសគ្នារហូត។ លោកបញ្ជាក់ទៀតថា នៅថ្ងៃខាងមុខក្រុមអ្នករៀបចំព្រឹត្តិការណ៍ដង្ហែរតុក្កតាយក្ស និងក្រុមសិល្បករ មានគោលដៅចង់តម្លើងរូបតុក្កត្តាខ្នាតធំដាក់ជាអចិន្រ្តៃយ៍ឆ្លងកាត់ស្ទឹងសៀមរាប តាមបណ្តោយស្ទឹង ឬនៅតាមសួនសាធារណៈដើម្បីបង្ហាញដល់ភ្ញៀវទេសចរ អំពីស្នាក់ដៃចេះច្នៃប្រឌិតដ៏អស្ចារ្យរបស់កូនខ្មែរ។

សូមបញ្ជាក់ថា ក្បួនដង្ហែតុក្កតាយក្សនេះ នឹងចាប់ផ្ដើមចេញពីរង្វង់មូលវត្ដដំណាក់វេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ទៅតាមបណ្ដោយដងស្ទឹងសៀមរាប ឆ្ពោះទៅកាន់សួនច្បារព្រះរាជដំណាក់៕
ដោយ៖ជុន កុសល




-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


