ព័ត៌មានជាតិ
ស្រុកសំឡូត នៅមានតំបន់សក្តានុពល ៥ ផ្សេងទៀត ក្រៅពីរមណីយដ្ឋានដែលមានស្រាប់
ស្រុកសំឡូតនៃខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថា ជាស្រុកមួយដែលសម្បូរទៅដោយផលដំណាំកសិកម្មច្រើនប្រភេទ និងមានសក្តានុពលលើវិស័យទេសចរណ៍ផងដែរ ខណៈបច្ចុប្បន្ន ស្រុកមួយនេះមានរមនីយដ្ឋានចំនួន ៥ ក្រៅពីតំបន់ចំនួន ៥ ទៀត ដែលមានសក្តានុពលលើវិស័យទេសចរណ៍។

មន្ត្រីនៅមូលដ្ឋានស្រុកថា ប្រជាពលរដ្ឋនៅក្នុងស្រុកសំឡូត មានកម្រិតជីវភាពសមរម្យជាងគ្រាកន្លងទៅ តាមរយៈការប្រកបមុខរបរកសិកម្ម ស្របតាមប្រភពដីដ៏មានជីវជាតិល្អតាមធម្មជាតិ សម្បូរដោយព្រៃឈើ ជ្រោះជ្រលងដងភ្នំ មានប្រភពទឹកមិនចេះរីងស្ងួត កសិផលផ្តល់ទិន្នផលតាមការរំពឹងទុករបស់កសិករ។
ប្រភពបន្តថា ចំពោះវិស័យទេសចរណ៍ ក៏មានវិសាលភាពធំធេង សម្រាប់ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ មកម្តងហើយនៅតែចង់ទៅកម្សាន្តម្តងទៀត។ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានស្រុកក៏បានធ្វើការទប់ស្កាត់ការទន្ទ្រានព្រៃពីសំណាក់ជនឆ្លៀតឱកាសមួយចំនួនផងដែរ ដើម្បីអភិរក្សហ្វូងសត្វទាំងពួងឲ្យកាន់តែសម្បូរបែប។

អ្នកស្រី ឡឹប ធីម ជាអ្នកស្រុកមោងឬស្សី ក្នុងដំណើរកម្សាន្តនៅរមនីយដ្ឋានមួយ ក្នុងស្រុកសំឡូត បានឲ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រីរីករាយណាស់ ពេលបានទៅលេងកម្សាន្តម្តងៗ នៅស្រុកសំឡូតនេះ សម្បូរទីកន្លែងកម្សាន្តណាស់ បើទោះបីមិនមានរមណីយដ្ឋាន ក៏មានតំបន់ដែលគួរឲ្យទាក់ទាញអារម្មណ៍ដែរ។
អ្នកស្រីបន្តថា «ស្ទើររាល់សប្តាហ៍ ខ្ញុំតែងទៅកម្សាន្តតាមរមណីយដ្ឋាន ដែលមានដងអូរត្រជាក់ទឹកថ្លាដូចកញ្ចក់ ហើយក្រៅពីនេះ ខ្ញុំបានដើរកម្សាន្តក្នុងចម្ការរបស់អ្នកស្រុក មើលទៅគួរឲ្យស្រស់ស្រាយណាស់ ឃើញផលដំណាំពួកគាត់ផ្លែច្រើន ហើយក៏បានទិញបរិភោគក្នុងចម្ការទៀតផង ក្នុងនោះមានធុរេន មៀន ជាដើម។

លោក ហម អរុណ អនុប្រធានទេសចរណ៍ខេត្ត បានឲ្យដឹងថា ស្រុកសំឡូត គឺសម្បូរទៅដោយធនធានធម្មជាតិ ហើយបច្ចុប្បន្នមាន រមនីយដ្ឋានចំនួន ៥ សម្រាប់បម្រើដល់ភ្ញៀវទេសចរ ហើយក្រៅពីនេះ មានតំបន់ចំនួន ៥ ទៀត ដែលកំពុងមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលខាងមន្ទីរកំពុងយកចិត្តទុកដាក់លើតំបន់ទាំង ៥ នេះ។

លោកបានបញ្ជាក់ថា ស្រុកសំឡូត មានតំបម់ទេសចរណ៍ ១៣ ទីតាំងក្នុងនោះមាន សហគមន៍ទេសចរណ៍ ២ រមណីយដ្ឋាន ៥ តំបន់សក្តានុពល ៥ និងកសិទេសចរណ៍ចំនួន ១ ផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


