ព័ត៌មានជាតិ
ព្រះរាជបន្ទូល៖ រដ្ឋាភិបាលសម្ដេចធិបតី ការពារព្រះពុទ្ធសាសនាមិនឱ្យបុគ្គលណាប្រមាថបានឡើយ ក្នុងសម័យសន្តិភាព
សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត បានការពារមិនអាចឱ្យមានបុគ្គលណាមួយប្រមាថ ចំពោះព្រះពុទ្ធសាសនានៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ។ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបែបនេះ នៅក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្ដេចព្រះសង្ឈរាជជួនណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តឧណ្ណាលោម នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ព្រះករុណា មានព្រះរាជបន្ទូលបែបនេះ៖«ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និង ស្ថិរភាពសង្គមល្អប្រសើរ ។ អាស្រ័យហេតុនេះ មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ»។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលយ៉ាងដូច្នេះ បន្ទាប់ពីកាលពីពេលថ្មីៗនេះ ក្រសួងធម្មការ និងសាសនា បានកោះហៅបុគ្គល ថង ប៊ុនថេង ដែលហៅខ្លួនឯងថា សក្ខី ភគវន្ត ដែលនិយាយប៉ះពាល់ដល់ព្រះសង្ឈក្នុងសំណាក់ព្រះពុទ្ធសាសនាថា បួសជាបន្ទុករបស់ពលរដ្ឋ និងថាព្រះត្រៃបិតក ជាបិតកមិនគ្រប់ទឹក ឱ្យចូលខ្លួនសុំជាសាធារណៈចំពោះពាក្យសម្ដីដែលខ្លួនធ្លាប់និយាយ ធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា។ ចំណែកក្រសួងមហាផ្ទៃ លុបឈ្មោះ សមាគមសក្ខីភគ្គវន្ត ចេញពីបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ក៏បានព្រមានឱ្យបុគ្គល ថង ប៊ុនថេង ឈប់ធ្វើសកម្មភាពណាមួយ ដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនា បើនៅតែបន្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

គួរឱ្យដឹងថា ព្រះពុទ្ធសាសនា ត្រូវបានការពារដោយច្បាប់។ក្នុងនោះ រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤៣ កថាខណ្ឌទី៣បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ បន្ថែមលើនេះក្រមព្រហ្មទណ្ឌកម្ពុជាក៏បានការពារដល់សាសនារបស់រដ្ឋនេះផងដែរ។ ក្នុងមាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី អាចប្រឈមនឹងដាក់ទោសពន្ធនាគារពី ១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀល ដល់១សែនរៀល។
គួរជម្រាបបន្តិចថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការ និងសាសនា ជាសេនាធិការ កំពុងរៀបចំច្បាប់ស្ដីអំពីសិទ្ធិសេរីភាពជំនឿក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅថែរក្សាសណ្ដាប់ធ្នាប់ និងសន្ដិសុខសង្គមទាក់ទងនឹងជំនឿលើសាសនា ព្រលឹងវិញ្ញាណជាដើម។ ច្បាប់នេះ អាចនឹងចេញនៅក្នុងឆ្នាំ២០២៥នេះ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


