Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ ប្រជាជនកាណាដា នៅតែអាចច្រៀងចម្រៀងជាតិបានដដែល ពេលចូលរួមជាមួយអាមេរិក 

បានផុស

នៅ

និយាយបែបលេងសើច ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងថា ប្រជាជនកាណាដា នៅតែអាចច្រៀងចម្រៀងជាតិរបស់ពួកគេបានដដែល នៅពេលប្រទេសកាណាដា មកចូលរួមជាមួយអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃអាទិត្យទី២៣ខែកុម្ភៈឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ដូណាល់ ត្រាំ (រូបថត៖ Getty)

តាំងពីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧មក លោក ត្រាំ តែងបង្ហាញគំនិតចង់ដាក់បញ្ចូលប្រទេសកាណាដា ជារដ្ឋទី៥១របស់អាមេរិក ដោយប្រើការបង្ខិត​បង្ខំ​ផ្នែក​សេដ្ឋកិច្ច​ ដើម្បីសម្រេចបំណងនេះ។ 

នេះក៏ដោយសារលោកត្អូញត្អែរជាយូរមកហើយ អំពីអតិរេកពាណិជ្ជកម្មរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ហើយ​បានប្រាប់អ្នកកាសែត​ថា ព្រំដែនគ្រាន់​តែ​ជា «បន្ទាត់ដែលគូរដោយសិប្បនិម្មិត» ប៉ុណ្ណោះ។

ដោយឡែក ក្នុងជំនួបសមាគមអភិបាលគណបក្សសាធារណរដ្ឋ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃសុក្រទី២១ខែកុម្ភៈឆ្នាំ២០២៥ ប្រមុខសេតវិមានលើកឡើងថា «យើង​នឹង​ត្រូវ​ដោះស្រាយ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន ព្រោះ​ខ្ញុំ​ចូល​ចិត្តបទ O Canada។ វាជារឿងដ៏ស្រស់ស្អាតដូច្នេះខ្ញុំ​គិត​ថា យើង​នឹង​ត្រូវ​រក្សា​ទុកវា​សម្រាប់​រដ្ឋ​ទី៥១»។

ទង់ជាតិកាណាដា និងទង់ជាតិអាមេរិក (រូបថត៖ AP)

យ៉ាងណាក្តី ពាក់ព័ន្ធជម្លោះរវាងកាដាណា-អាមេរិកនេះ កន្លងមក​ មាន​សេចក្ដីរាយការណ៍ថា ប្រជាជនកាណាដាបានលុបចោលការធ្វើដំណើរកំសាន្តទៅសហរដ្ឋអាមេរិក​ ​ធ្វើពហិការចំពោះគ្រឿងស្រវឹង និងផលិតផលផ្សេងៗរបស់​អាមេរិក ហើយថែមទាំងបានស្រែកហ៊ោចំអកក្នុងព្រឹត្តិការណ៍កីឡាជាច្រើន​ ​បន្ទាប់​ពី​លោក​ ត្រាំ បាន​ប្រកាស​ពន្ធ ២៥ ភាគរយ លើគ្រប់មុន​ទំនិញ​ និង ១០ ភាគរយ លើ​ប្រេង​កាត របស់​កាណាដា។

ក្រៅពីនេះ ក៏​មាន​សេចក្ដីរាយការណ៍ផងដែរថា ​លោក​នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ បាន​ប្រាប់មេដឹកនាំអាជីវកម្មក្នុងស្រុក ថា​លោក​ ត្រាំ «ពិតជានិយាយមែន» ជុំវិញ​ការចង់ឱ្យ​កាណាដាក្លាយជារដ្ឋទី ៥១ របស់​សហរដ្ឋអាមេរិក ដោយ​សារតែកាណាដាមាន​ធនធានធម្មជាតិដ៏សម្បូរបែប​៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​នាយករដ្ឋមន្ត្រី​កាណា​​ដា​ចាប់ដៃ​ជាមួយអឺរ៉ុប​​​បន្តគាំទ្រ​អ៊ុយក្រែន ក្រោយ​ ​ត្រាំ​ វាយប្រហារ​ហ្សេលេនស្គី​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម