Connect with us

សន្តិសុខសង្គម

«សម្លម្សៅ» មុខម្ហូបពីដូនតាដែលជនជាតិដើមភាគតិចនៅខេត្តរតនគិរី នៅតែនិយមចូលចិត្តបរិភោគ

បានផុស

នៅ

នៅភាគឦសានប្រទេសកម្ពុជា ប្រជាជនខេត្តរតនគិរីភាគច្រើនជាជនជាតិដើមភាគតិចម្ចាស់ស្រុក មានដូចជា អម្បូរគ្រឹង ទំពួន ចារ៉ាយ ជាដើម តែងតែបរិភោគសម្លម្យ៉ាងហៅថា«សម្លម្សៅ» ហើយគេសង្កេតឃើញថា មុខម្ហូបប្រភេទនេះ មានច្រើនប្រភេទ មានរស់ជាតិផ្សេងពីគ្នា និងមានពណ៌ដូចជា ពណ៌ខៀវ ពណ៌ស ខ្មៅ ទៅតាមគ្រឿងផ្សំ។ ម្ហូបអាហារទាំងនេះ គេនិយមហូបជាងគេនៅតាមបុណ្យប្រពៃណីដោយហូបជុំគ្នាជាមួយនឹងការកាប់ក្របីផឹកស្រាពាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រុកលើគ្រប់អម្បូរ ជនដើមជាតិភាគតិច មានទំនៀមទម្លាប់ប្រពៃណីប្រចាំថ្ងៃខុសគ្នាតិចតួច ប៉ុន្តែ ពួកគេនិយមហូបម្ហូបអាហារមិនសូវជាខុសគ្នានោះទេ។ ទម្លាប់ធ្វើម្ហូបអាហារបែបនេះ មិនមែនទើបតែបច្ចុប្បន្ននេះឡើយ គឺមានអស់រយៈពេលជាយូរយារតាំងពីដូនតាមកម្លេះ។ ជនជាតដើមភាគតិចដែលចូលចិត្តហូប ចេះចាំរបៀបផ្សំគ្រឿងធ្វើម្ហូបនេះបានយ៉ាងឆ្ងាញ់ពិសារ។

អ្នកស្រី ថងលៀន គី ដែលជាអ្នកភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានប្រាប់ថា សម្លម្សៅ មានច្រើនរស់ជាតិ ច្រើនពណ៌ទៅតាមចំណងចំណូលចិត្តរបស់អ្នកស្លសម្ល ហើយមុខសម្លនេះ ភាពងាយស្រួលរកគ្រឿងផ្សំ។ សម្លម្សៅពណ៌ខៀវ មានគ្រឿងផ្សំដូចជា ស្លឹកម្ញាវ អង្ករលីង។ ចំណែក សម្លពណ៌ខ្មៅវិញ មានគ្រឿងផ្សំ ដូចជា អង្ករ ពោះវៀនខ្ចីរបស់ក្របី ពោះវៀនគោ ឬ សាច់ក៏បាន អំបិល ប៊ីចេង ប្រហុក ស្លឹកគ្រៃ ត្រួយននោង ត្រប់  បណ្តូលស្តៅ។

វិធីផ្សំគ្រឿង គឺយកអង្ករដាក់ត្រាំទឹកឱ្យរីកល្អ ទើបយកទៅបុកឱ្យម៉ត់ល្អទៅជាម្សៅ បន្ទាប់មកយកពោះវៀនខ្ចី ឬក៏សាច់ ទៅលាងទឹកឱ្យបានស្អាត កាប់ជាដុំ។ រីឯ អំបិល ប៊ីចេង ស្ករ ស្លឹកគ្រៃ លៃលកឱ្យសមល្មមស្មើគ្នា ទើបហាន់ស្លឹកគ្រៃ ដាក់បុកក្នុងត្បាល់ឱ្យបានម៉ត់ល្អ ទុកនៅមួយឡែក។ យកបន្លែដែលរកបាន លាងទឹកហើយទុក បន្ទាប់មកទៅលាងខ្ទះ ឬឆ្នាំងដាក់ដាំទឹកឱ្យពុះ ហើយដាក់សាច់ និងគ្រឿងដែលផ្សំ រួចចម្អិនឱ្យល្អឆ្អិនផុយសាច់ ទើបដួសចែកគ្នាបរិភោគជាមួយបាយ ជាការស្រេច។  តាមពិតទៅ សម្លម្សៅនេះ ស្រដៀងគ្នានឹងសម្លកកូររបស់ខ្មែរដែរ ខុសគ្នាត្រង់សម្លកកូរ លីងអង្ករឱ្យមានពណ៌ក្រហម មានក្លិនឈ្ញុយ ទើបយកទៅបុកដាក់លាយផ្សំគ្រឿងស្ល។

សម្លបែបប្រពៃណីនេះ មានការធ្វើពីបន្លែបែបព្រៃភ្នំ ដែលដុះនៅតាមចម្ការ ស្រែ មានរសជាតិល្វីងខ្លះ និងផ្អែមខ្លះ ហើយការដាក់បន្លែ និងសាច់នេះ មានការលើកលែងដោយមិនដាក់បន្លែ និងសាច់ណាដែលមានការតមនៅក្នុងភូមិ ដែលចាស់ទុំហាមមិនឱ្យហូប នោះទេ។ អត្ថប្រយោជន៍នៃសម្លម្សៅនេះ គឺជួយសម្រួលដល់សរីរាង្គកាយ ក្រពះពោះវៀន និងជួយរំលាយអាហារជាដើម៕

ដោយ៖ ចាប ខៀវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម