សេដ្ឋកិច្ច
កម្ពុជាត្រូវត្រៀមខ្លួនធ្វើជាមជ្ឈមណ្ឌលផលិតកម្មជំនួសនៅក្នុងតំបន់
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី មានប្រសាសន៍ថា នៅទសវត្សរ៍ចុងក្រោយនេះ ពិពិធកម្មសេដ្ឋកិច្ចកាន់តែមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះវិស័យកម្មន្តសាលទាំងកាត់ដេរ និងមិនមែនកាត់ដេរបានចូលរួមចំណែកច្រើនជាងគេដល់កំណើនសេដ្ឋកិច្ច។

លោក វង្សី វិស្សុត មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ថា ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ ដែលកម្ពុជាត្រូវពង្រឹង និងពន្លឿនឧស្សាហូបនីយកម្ម រចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងដំណើរត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។
លោក វង្សី វិស្សុត បានបន្តថា៖« កម្ពុជាត្រូវលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេស, រួមទាំងទាក់ទាញឧស្សាហកម្មដែលនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ដោយត្រៀមធ្វើជាមជ្ឈមណ្ឌលផលិតកម្មជំនួស (alternative manufacturing hub)»។

ការអភិវឌ្ឍមូលធនមនុស្សតាមរយៈការលើកម្ពស់សុខភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស នឹងជំរុញផលិតភាព ព្រមទាំងទាក់ទាញឧស្សាហកម្មមិនប្រពៃណី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។
លើសពីនេះ ការបង្កើតបរិយាកាសគាំទ្រសម្រាប់សហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម, ការកែលម្អ វិស័យគាំទ្រ ដូចជាឡូជីស្ទីក ទូរគមនាគមន៍ និងឌីជីថល, ការកាត់បន្ថយថ្លៃដើមផលិតកម្ម រួមទាំងថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូន នៅតែជាអាទិភាព ដើម្បីកម្ពុជាក្លាយជាគោលដៅវិនិយោគសំខាន់មួយនៅក្នុងតំបន់។
រដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងអត្រា ៦,៣ភាគរយនៅឆ្នាំ២០២៥នេះ ដែលគាំទ្រដោយកំណើននៃការនាំចេញវិស័យការដេរ វាយនភ័ណ្ឌ និងផលិតអ្នកធ្វើដំណើរ វិស័យទេចរណ៍ ការងើបឡើងវិញសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យកសិកម្ម។
សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានកំណើនរឹងមាំក្នុងអត្រា ៦% នៅឆ្នាំ ២០២៤ ធៀបនឹង ៥% នៅឆ្នាំ ២០២៣ ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់ នៃវិស័យកម្មន្តសាល និងការបន្តងើបជាលំដាប់នៃវិស័យទេសចរណ៍។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣ ដែលសម្រេចបាន ៤៦,៨២ ពាន់លានដុល្លារ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


