Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

បានផុស

នៅ

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់មួយចំនួននៅ​តំបន់​អាស៊ី ដោយលើកឡើងពីការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ចំណាត់ការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការស្វែងរកយុត្តិធម៌របស់ ICC សម្រាប់ជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Rodrigo Duterte (រូបថត៖ Reuters)

លោក Duterte ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល

អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ទីក្រុងម៉ានីល កាលពីថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២៥ បន្ទាប់ពី ICC បានចេញដីកា ពាក់ព័ន្ធ​នឹងយុទ្ធនាការ​«សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏ចម្រូងចម្រាសរបស់ប្រទេស​ហ្វីលីពីន។ យុទ្ធនាការដែលបានចាប់ផ្តើមក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់គាត់ពីឆ្នាំ​២០១៦​ដល់ឆ្នាំ​២០១៩ បានបណ្តាល​ឲ្យមានការសម្លាប់​មនុស្ស​ក្រៅប្រព័ន្ធតុលាការ​ក្នុង​ចំនួន​រាប់ពាន់នាក់​ឯណោះ។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ជាយូរមកហើយថា លោក Duterte បានរៀបចំការបង្រ្កាបដោយហិង្សា ដែល ICC ចាត់ថ្នាក់ថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោក Min Aung Hlaing (រូបថត៖ Reuters)

លោក Min Aung Hlaing នៅ​មីយ៉ាន់ម៉ា ត្រូវ ICC ចេញ​ដីកាចាប់​ខ្លួន ព្រោះ​ការធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ា

នៅ​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤ ICC បាន​ចេញ​ដីកា​មួយ​សម្រាប់​លោក Min Aung Hlaing អគ្គ​មេ​បញ្ជាការ​​របប​សឹក​​មីយ៉ាន់ម៉ា ទាក់ទិន​នឹង​​វិបត្តិ​​ជនជាតិ​រ៉ូហ៊ីងយ៉ា​​កាល​ពី​ឆ្នាំ២០១៧។ យុទ្ធនាការដែលដឹកនាំដោយយោធា បានបង្ខំ​ឲ្យ​ជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧០០ ០០០​នាក់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ចំពេលមានរបាយការណ៍អំពីការសម្លាប់រង្គាល អំពើហិង្សាផ្លូវភេទ និងការដុតបំផ្លាញ។ ICC កំពុងស្វែងរកការធ្វើបត្យាប័ន​លើ​​​លោក Min Aung Hlaing ដើម្បី​ឲ្យ​ប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោក Haibatullah Akhundzada និងលោក Abdul Hakim Haqqani (រូបថត៖ Reuters & Wiki)

មេ​ដឹក​នាំ​តាលីបង់​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បៀតបៀន​យេនឌ័រ

ឥស្សរជន​តាលីបង់​ជាន់​ខ្ពស់​ពីរ​រូបគឺ ​លោក Haibatullah Akhundzada មេដឹកនាំ​កំពូល​អាហ្វហ្គានីស្ថាន និងលោក Abdul Hakim Haqqani ប្រធាន​ចៅក្រម ក៏​ជា​កម្មវត្ថុ​នៃ​ដីកា​ចាប់​ខ្លួន​របស់ ICC ដែរ។ កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០២៥ តុលាការ ICC ចោទប្រកាន់ពួកគេពីការអនុវត្តគោលនយោបាយដែលគាបសង្កត់ស្ត្រី ក្មេងស្រី និងសហគមន៍ LGBTQ+ ជាប្រព័ន្ធ។ ចាប់តាំងពីការដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានឡើងវិញនៅឆ្នាំ​២០២១ ក្រុមតាលីបង់បានដាក់កម្រិតយ៉ាងធ្ងន់ធ្ងរលើការអប់រំ ការងារ និងការ​ធ្វើ​ដំណើរ​​របស់ស្ត្រី ដែល ICC ចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ប្រតិកម្មអន្តរជាតិ និងជំហានបន្ទាប់

សកម្មភាពរបស់ ICC បានបង្ក​ឲ្យ​មានប្រតិកម្មជុំវិញពិភពលោក។ ហ្វីលីពីន​​បាន​អនុវត្ត​ដីកា​របស់ ICC ដោយ​បញ្ជូន​លោក Duterte ទៅ​កាន់​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់ ដើម្បី​ប្រឈម​​មុខ​នឹង​ការ​ចោទ​ប្រកាន់ ខណៈ​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។ ទន្ទឹម​គ្នា​នេះ​ដែរ ក្រុម​តាលីបង់​បាន​បដិសេធ​ភាព​ស្រប​ច្បាប់​របស់ ICC ដោយ​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​មាន​ហេតុផល​នយោបាយ។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ICC ទទូចថាខ្លួននឹងបន្តការស្វែងរកយុត្តិធម៌ ដោយជំរុញ​ឲ្យ​សហគមន៍អន្តរជាតិគាំទ្រកិច្ចខិតខំប្រឹងប្រែងចំពោះ​ចំណាត់ការ​​​​ទាំងនោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម