ព័ត៌មានជាតិ
តម្លៃស្ពៃក្តោប ដាំក្នុងផ្ទះសំណាញ់នៅស្រុកភ្នំព្រឹកធ្លាក់ចុះបន្តិច
លោក ហ៊ុន វត្ថា ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា បានប្រាប់ថា បច្ចុប្បន្នស្ពៃក្តោបក្នុងសហគមន៍ដាំដុះនៅក្នុងផ្ទះសំណាញ់ អាចលក់ចេញបានក្នុងតម្លៃ ២ ពាន់រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះ មានការធ្លាក់ចុះបន្តិច បើធៀបតម្លៃកាលពីឆ្នាំមុន។ សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា មានទីតាំងស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

លោក ហ៊ុន វត្ថា បានឱ្យដឹងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ថា នៅរយៈពេល ៣ ខែ នៃដើមឆ្នាំ២០២៥ នេះ តម្លៃស្ពៃក្តោបនៅក្នុងផ្ទះសំណាញ់ មានការធ្លាក់ថ្លៃជាងឆ្នាំមុនៗ ដោយសារតែអាកាសធាតុអំណោយផលដល់ផលដំណាំ ដូច្នេះកសិករនាំគ្នាដាំដុះនៅខាងក្រៅបានច្រើនជាងមុន ជាហេតុធ្វើឱ្យលើសតម្រូវទីផ្សារ។
បើទោះជាបែបនេះក្តី បន្លែស្ពៃក្តោបផ្ទះសំណាញ់នៅក្នុងសហគមន៍ពេជ្រចិន្តា នៅតែអាចលក់ចេញបាននៅក្នុងតម្លៃមួយដែលកសិករអាចទទួលយកបាន គឺលក់ចេញក្នុងតម្លៃ ២ ពាន់រៀល ក្នុងមួយគីឡូក្រាម ដោយបាននាំចេញទៅតាមតម្រូវការទីផ្សារចន្លោះពី ៣០០-៥០០ គីឡូក្រាមក្នុងមួយថ្ងៃ។
ដោយឡែកបន្លែស្ពៃក្តោប ដែលដាំក្រៅផ្ទះសំណាញ់ធម្មតា គឺ លក់ចេញបានក្នុងតម្លៃចន្លោះពី ៨០០ ទៅ ១ ២០០ រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

លោកបានពន្យល់ថា «តម្លៃស្ពៃក្តោប លក់បានតម្លៃផ្សេងៗគ្នាទៅតាមខែនីមួយៗ ដោយចាប់ពីខែមករា ដល់ខែមីនា តម្លៃផ្សេង, ខែមីនា ដល់ខែមិថុនា តម្លៃផ្សេង និងចាប់ពីខែកញ្ញា ដល់ខែធ្នូ តម្លៃផ្សេង ដោយស្ពៃក្តោបយើងទិញពីកសិករមានតម្លៃចន្លោះពី ១៥០០ រៀល ដល់ ៣៥០០ រៀល។ ក្នុងនោះ តម្លៃស្ពៃក្តោបមានតម្លៃខ្ពស់ជាងគេដល់ ៣៥០០ រៀល ក្នុងមួយគីឡូក្រាម គឺចន្លោះពីខែកញ្ញា រហូតដល់ខែធ្នូ»។
ជាមួយគ្នានេះ លោកបានប្រាប់ថា៖ «តម្លៃស្ពៃក្តោបក្នុងផ្ទះសំណាញ់ ២ ពាន់រៀលក្នុងមួយគីឡូ ទើបតែធ្លាក់ចុះនៅដើមឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ ព្រោះតែកសិករដាំដុះមិនមានផែនការច្បាស់លាស់ ដាំខាងក្រៅផ្ទះសំណាញ់ យើងមិនអាចគ្រប់គ្រងបាន»។
បើទោះបីតម្លៃបច្ចុប្បន្នរាងទាបបន្តិចក្តីតែម្ចាស់សហគមន៍រូបនេះ បានមើលឃើញថា តម្លៃស្ពៃក្តោបនឹងហក់ឡើងវិញនៅចុងខែមីនា នេះ ព្រោះ បន្លែដែលពលរដ្ឋបានដាំនឹងចាប់អស់ជាបណ្ដើរៗ ឬចាប់ផ្តើមរលួយព្រោះដល់អាយុកាល។

បច្ចុប្បន្នស្ពៃក្តោប នៅក្នុងសហគមន៍ នៅពេលចាល់ខ្លាំង គឺនាំចេញទៅកាន់ផ្សារមួយចំនួនដូចជា ផ្សារពូពុយ ផ្សារព្រំដែនកំរៀង-ភ្នំព្រឹក ប៉ុន្តែតម្លៃល្អ គឺនាំចេញមកកាន់ទីផ្សាររាជធានីភ្នំពេញ។
បើតាមលោក ហ៊ុន វត្ថា ដដែល សព្វថ្ងៃ នៅក្នុងសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ធ្វើការនាំចេញបន្លែចម្រុះប្រមាណជាង ១០ មុខដែលមានដាំក្នុងសំណាញ់ លក់លើទីផ្សារចន្លោះពី ២ តោន ទៅ ២,៥ តោន ក្នុងមួយថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


