ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖ ទំនាក់ទំនងកម្ពុជា-ចិន កំពុងស្ថិតលើផ្លូវល្អបំផុត និងគំរូនៃការរួមរស់ដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការ
បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភា កត់សម្គាល់ឃើញថា ចំណងមិត្តភាពកម្ពុជា និងចិន កំពុងតែស្ថិតនៅលើផ្លូវមួយដ៏ល្អបំផុត ដែលជាគំរូ នៃការរួមរស់ដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅចំពោះមុខនិន្នាការគាំពារនិយមដែលកំពុងលេចឡើង។ លោក យង់ ពៅ ថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកបណ្ឌិតបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាពិសេសស្តីពី «មិត្តដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។

លោកបណ្ឌិត យង់ ពៅ ថ្លែងពីការកត់សម្គាល់ដូច្នេះ៖«បច្ចុប្បន្ននេះ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិន ស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ទំនាក់ទំនងនេះបានក្លាយជាគំរូនៃការរួមរស់ប្រកបដោយមិត្តភាពនិងកិច្ចសហប្រតិបត្តិការ នៅចំពោះមុខនិន្នាការគាំពារនិយមដែលកំពុងលេចឡើង។ »។

តាមលោកបណ្ឌិត ទំនាក់ទំនង កម្ពុជា-ចិន បានវិវឌ្ឍឈានឡើងឥតឈប់ឈរ មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយថែមទាំងជាមិត្តភាពដែកថែប ដូចទឹកទន្លេ មេគង្គ-ឡានឆាងបានហូរបំពេញគ្នាទៅវិញទៅមក ដែលគំរូទំនាក់ទំនងនេះពិតជាមិនអាចបំបែកបាន និងបានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជននិងប្រទេសទាំងពីរ ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដែលអាចធន់នឹងវិបត្តិនិងឧបទ្ទវហេតុផ្សេងៗ។ ទំនាក់ទំនងដ៏ពិសេសនេះបង្ហាញឱ្យឃើញថា ទំនាក់ទំនាក់រវាងកម្ពុជានិងចិនឈរលើគោលការណ៍ស្មើភាព ស្មើសិទ្ធិ គោរពអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងផ្តោតលើផលប្រយោជន៍ទៅវិញទៅមក ពោលគឺ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម។

លោក យង់ ពៅ បន្ថែមថា ជាទិដ្ឋភាពប្រវត្តិសាស្រ្ត កម្ពុជានិងចិន មានទំនាក់ទំនងគ្នាជាប្រពៃណីទាំងការទូតនិងពាណិជ្ជកម្មពាន់ឆ្នាំមកហើយ។ ទំនាក់ទំនងការទូតទំនើប ត្រូវបានបង្កើត ឡើងជាផ្លូវការនៅឆ្នាំ១៩៥៨ ចាប់ផ្ដើមពី សម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ទ្រង់បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសចិន ហើយបន្តមកទៀតនោះគឺ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបច្ចុប្បន្ននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ និងជាអ្វីដែលយើងហៅថា មិត្តដែកថែប។

ជាទិដ្ឋភាពនយោបាយ លោកបណ្ឌិត មើលឃើញថា ទំនាក់ទំនងរវាងកម្ពុជានិងចិន បង្ហាញពីភាពជាដៃគូដ៏ស្វាហាប់និងឆ្ពោះទៅអនាគតរួមគ្នា ដោយឈរលើគោលការណ៍ស្មើភាព ស្មើសិទ្ធិ គោរពអធិបតេយ្យភាព ផ្តល់ផលប្រយោជន៍ និងជួយទុក្ខធុរៈគ្នាទៅវិញទៅមក។ កម្ពុជាតែងតែផ្ដល់ការគាំទ្រប្រទេសចិនចំពោះគោលនយោបាយចិនតែមួយ និងគាំទ្រលើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ក៏ដូចជា គំនិតផ្ដួចផ្ដើមការអភិវឌ្ឍសកល ជាដើម។
ចំណែកទិដ្ឋភាពសេដ្ឋកិច្ច លោក យង់ ពៅ សម្គាល់ឃើញថា ប្រទេសចិនជាប្រទេសវិនិយោគធំជាងគេនៅប្រទេសកម្ពុជា ជាក់ស្ដែង ប្រទេសចិនបានវិនិយោគរាប់ពាន់លានដុល្លារលើផ្លូវថ្នល់ កំពង់ផែ និងអាកាសយានដ្ឋានរបស់កម្ពុជា ក្រោមគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)។ ការវិនិយោគដែលផ្តល់មូលនិធិនិងជំនាញដោយចិននេះ បានផ្លាស់ប្តូរមុខមាត់របស់ប្រទេសកម្ពុជា ដោយបង្កើតការងារនិងជំរុញសម្ទុះសេដ្ឋកិច្ច ក៏ដូចជាការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនផងដែរ។

ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ លោកបណ្ឌិត យល់ឃើញថា កម្ពុជាត្រូវការចាំបាច់នូវមិត្តភក្តិបរទេសដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដូច្នេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ដោយទំនាក់ទំនងកម្ពុជា-ចិន បានស្ដែងឡើងក្នុងរូបភាព ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បាននិយាយថា ប្រទេសចិនជា «មិត្តជាទីទុកចិត្តបំផុត» របស់កម្ពុជា។
ជាទិដ្ឋភាពធម្មជាតិវិញ លោកបណ្ឌិត យង់ ពៅ លើកយកកំណាព្យបុរាណចិន១ ឃ្លាបានពោលថា «ភ្នំទាំងឡាយទោះនៅឆ្ងាយពីគ្នា តែស្រស់បំព្រងក្រោមដំណក់ទឹកភ្លៀងរួមគ្នា ដូច្នេះយើងនៅឃ្លាតឆ្ងាយពីគ្នាយ៉ាងម៉េចកើត បើយើងទទួលពន្លឺព្រះចន្ទតែមួយ»។ «ដូចគ្នានឹងប្រជាជនកម្ពុជាតែងនិយាយថា យើងត្រូវរួមវាសនាជាមួយគ្នា ព្រោះយើងរស់ក្រោមដំបូលមេឃតែមួយ ស្រូបយកខ្យល់អុកស៊ីសែនពីលម្ហអាកាសតែមួយ និងផឹកទឹកទន្លេមេគង្គនិងឡានឆាងជាមួយគ្នា។ តាមលោក យង់ ពៅ កំណាព្យនេះសបញ្ជាក់ឱ្យឃើញថា ប្រជាជន ក៏ដូចប្រទេសទាំងពីរកម្ពុជា–ចិន ត្រូវតែរួមគ្នាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការឈ្នះ–ឈ្នះទាំងអស់គ្នាឱ្យសក្ដិសមជាមិត្តដែកថែបពិតប្រាកដមែន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


