Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល ត្រាំ បន្តបន្ទន់ជំហរដាក់ចិន ដោយស្នើ​​ចរចាជម្លោះពាណិជ្ជកម្ម

បានផុស

នៅ

ជាថ្មីម្ដងទៀតកាលពីថ្ងៃពុធ មន្រ្តីជាន់ខ្ពស់អាមេរិក​ក្រោមរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីសម្ដីបន្ទន់ជំហរដាក់ចិន ដោយស្វែករកការចរចាលើសង្រ្គាមពាណិជ្ជកម្មទ្វេភាគី ខណៈចិន​​ជំរុញឱ្យ​អាមេរិកបញ្ឈប់ការគំរាមកំហែង​ ហើយបង្កើត​កិច្ចសន្ទនាគ្នា​ដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent

តាម​ការចុះផ្សាយរបស់សារព័ត៌មាន​អាមេរិក Yahoo Finance រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាន​ច្រានចោលការណ៍ដែលថា រដ្ឋបាល ត្រាំ កំពុងពិចារណាកាត់បន្ថយពន្ធគយជាឯកតោភាគីលើការនាំចូលរបស់ចិន ដោយបន្តថា ​ពន្ធខ្ពស់ដែល​គូវិវាទដាក់លើគ្នាទៅវិញទៅមកនោះ ត្រូវតែទម្លាក់ចុះ ​មុន​កិច្ចចរចាអាចចាប់ផ្តើមរវាងមហាអំណាចសេដ្ឋកិច្ចទាំង២។

យ៉ាងណាមិញ​ លោក​លើកឡើងយ៉ាងដូច្នេះថា៖ ​«​ភាគី​ទាំង​សងខាង ​មិន​ជឿ​ថា​ទាំងនេះ​(អត្រាពន្ធខ្ពស់)​ស្ថិតក្នុងកម្រិតមាន​​និរន្តរភាព​ទេ​។ នេះគឺស្មើនឹងការ​បិទច្រក(ពាណិជ្ជកម្ម) ហើយការ​បែកបាក់រវាងប្រទេសទាំង២ក្នុងពាណិជ្ជកម្ម មិន​បម្រើផលប្រយោជន៍​ឱ្យ​ប្រទេសណាមួយ​ឡើយ»។

ក្នុងការបំផ្ទុះ​សង្រ្គាមពាណិជ្ជកម្មចុងក្រោយ លោក ត្រាំ បាន​ប្រកាសពន្ធជាបន្តបន្ទាប់លើទំនិញ​ចិន សរុប​​ ១៤៥ ភាគរយ។ ចិនសងសឹកជាបន្តបន្ទាប់ដូចគ្នា ដោយ​ដាក់ពន្ធលើទំនិញអាមេរិក ១២៥ ភាគរយ។

បើតាមលោក Bessent ការចរចាគ្នានឹង​ត្រូវធ្វើឡើងក្នុងកម្រិតខ្ពស់រវាង​លោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ​

អ្វីដែល​លោក Bessent លើកឡើងកាលពីថ្ងៃពុធ គឺជា​ការបន្ទរនូវអ្វីដែលលោកបាន​និយាយ​កាលពីអង្គារ ដែល​ថា ពន្ធគយ​ខ្ពស់ត្រូវតែទម្លាក់ជាគំហុក ដោយសារតែ «ស្ថានភាពគ្មាននិរន្តភាព»។ លោក ត្រាំ បាន​បន្ថែមពីលើនេះ​កាលពីថ្ងៃអង្គារផងដែរ ដោយ​ប្រាប់អ្នកយកព័ត៌មាន​ថា សហរដ្ឋអាមេរិក​នឹង​ធ្វើឱ្យ​ល្អដាក់ចិន ហើយចិន​ក៏ត្រូវតែធ្វើឱ្យល្អដាក់អាមេរិកដូចគ្នា នោះពន្ធខ្ពស់ ត្រូវតែបន្ថយចុះជាគំហុក។ ក្រោម «ទំនាក់ទំនងដ៏អស្ចារ្យ» ជាមួយលោក ស៊ី លោក ត្រាំ បង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹង​ត្រូវបានសម្រេចឡើង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun​

ជាមួយ​នឹង​ការវិវត្តចុងក្រោយផងដែរ ភាគីចិន​ឯណោះវិញ កាលពីថ្ងៃពុធ បាន​និយាយថា ​ប្រសិនបើភាគីអាមេរិកពិតជាចង់ដោះស្រាយបញ្ហាទាក់ទងនឹងពន្ធជាមួយប្រទេសចិនតាមរយៈការសន្ទនា និងការចរចានោះ នោះអាមេរិក​ត្រូវតែបញ្ឈប់ការគំរាមកំហែង និងជំរិត​គេឯង ហើយបើក​ដំណើរការកិច្ចពិភាក្សាដោយឈរលើមូលដ្ឋានសមភាព ការគោរពគ្នា​ និងផលប្រយោជន៍ទៅវិញទៅមក។ នេះបើតាម​សម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun​។

លោក Guo បាន​​លើកឡើងជាថ្មីម្ដងទៀត នូវអ្វីដែលចិន​ធ្លាប់បាន​ព្រមាននាពេលកន្លងមក​ថា ​​គ្មានអ្នកឈ្នះ​ក្នុងសង្គ្រាមពាណិជ្ជកម្ម និងពន្ធ​គយនោះទេ ហើយ​វិធានការការពារនិយម ក៏វាមិនបានឆ្ងាយទៅណាដែរ។ លោកបន្តថា ​ការផ្តាច់ចំណង និងការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នឹងនាំទៅរកភាពឯកោដោយខ្លួនឯង​។

អ្នកនាំពាក្យដដែល គូសបញ្ជាក់ទៀតថា ចិន​​​មិនចង់ប្រយុទ្ធនឹងសង្គ្រាមពាណិជ្ជកម្ម និងពន្ធគយទេ ប៉ុន្តែខ្លួន​នឹង​មិនគ្រវែងខ្លួនចេញនោះឡើង នៅពេល​មាន​សង្រ្គាម​បែបនេះ ដោយកត់សម្គាល់ថា ប្រសិនបើសហរដ្ឋអាមេរិក ងាកទៅរកការធ្វើសង្គ្រាមពាណិជ្ជកម្ម នោះ​ចិននឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ យ៉ាងណា​មិញ លោកបានបន្ថែមថា ​ ប្រសិនបើសហរដ្ឋអាមេរិកចង់ចរចា នោះចិន​នឹង​បើកទ្វារចំហរសម្រាប់ការចរចា។

គួរគូសបញ្ជាក់ថា មកទល់ពេល​នេះ ទោះបីជាភាគីទាំងសងខាង​បង្ហាញពីជំហរចរចាក្ដី ប៉ុន្តែគ្មានការចរចាជាផ្លូវការកម្រិតខ្ពស់ណាមួយ​ត្រូវបានធ្វើឡើង ឬ​កំណត់ពេលវេលានៅឡើយនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម