ព័ត៌មានជាតិ
បណ្ឌិត ហ៊ាន សុខុម៖ ភាសាជាតិនៅមានបញ្ហាច្រើនដែលមិនទាន់ដោះស្រាយបានពេញលេញ ហើយអក្ខរាវិរុទ្ធជាបញ្ហាត្រូវដោះស្រាយបន្ទាន់
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោកបណ្ឌិត ហ៊ាន សុខុម បានលើកឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា ភាសាជាតិនៅមានបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយបានពេញលេញនៅឡើយ ក្នុងនោះ អក្ខរាវិរុទ្ធ គឺជាបញ្ហាមួយដែលត្រូវដោះស្រាយជាបន្ទាន់។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី៖ “បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ” ដែលរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជាការចែករំលែកបទពិសោធពីការរៀបចំសុសវែរភាសាខ្មែរទាំងបញ្ហាប្រឈម ភាពជោគជ័យ និងការស្វែងរកដំណោះស្រាយនានា។ សិក្ខាសាលានេះ ក៏មានការចូលរួមចែករំលែកបទពិសោធ ការធ្វើបទបង្ហាញ ពីវាគ្មិនជំនាញដែលជាភាគីពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនេះ បណ្ឌិត ហ៊ាន សុខុម បានលើកឡើងថា ក្នុងសម័យសាកលភាវូបនីយកម្ម ការអភរិក្ស និងការអភិវឌ្ឍភាសាជាតិមានសារៈសំខាន់ដើម្បីរក្សាអត្តសញ្ញាណជាតិ។ លោកសង្កត់ធ្ងន់ថា ៖ “ភាសាជាតិយើងនៅមានបញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយពេញលេញរួចនៅឡើយ ហើយក្នុងនោះ អក្ខរាវិរុទ្ធ គឺជាបញ្ហាមួយដែលត្រូវដោះស្រាយជាបន្ទាន់ផងដែរ។ កន្លងមក យើងឃើញថា មានអ្នកស្រាវជ្រាវជាតិយើងមួយចំនួនបានសាកល្បងដោះស្រាយបញ្ហានេះ ដោយបានរៀបចំបង្កើតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរដែលជាសុខូបករណ៍មួយ ផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត មន្ត្រីរាជការ អ្នកប្រើប្រាស់ទូទៅ ក្នុងការស្វែងរកពាក្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវក្នុងការសរសេរពាក្យខ្មែរនីមួយៗ”។

លោកបណ្ឌិត ក៏បានលើកឡើងពីគុណប្រយោជន៍ចំនួន៤ នៃសុខូបករណ៍ មានដូចជា ទី១ ការកែលម្អទំនាក់ទំនងជាមួយអ្នកដទៃដោយហេតុថា អក្ខរាវិរុទ្ធត្រឹមត្រូវធ្វើឱ្យភាសាមានភាពច្បាស់លាស់ និងវិជ្ជាជីវៈចៀសវាងការភាន់ច្រឡំ។ ទី២ សន្សំសំចៃពេលវេលា មិនចាំបាច់ផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធដោយភ្នែកច្រើនដង។ ទី៣ ជាជំនួយក្នុងការរៀនភាសា ដោយសុសវែរនេះបានបង្ហាញពាក្យដែលសរសេរខុស និងស្នើពាក្យដែលត្រូវជំនួសវិញ។ ទី៤ ជួយកាត់បន្ថយកំហុសដោយអចេតនាក្នុងការសរសេរខុសអក្ខរាវិរុទ្ធពេលប្រញាប់ប្រញាល់។
យ៉ាងណា ទោះបីមានការខិតខំធ្វើការលើបញ្ហាទាំងអស់នេះ ក៏លោកបណ្ឌិត ហ៊ាន សុខុម ថា នៅតែមានឧបសគ្គ និងបញ្ហាប្រឈមមួយចំនួនកើតឡើង។ ហេតុនេះ ទើបបង្កើតឱ្យមានសិក្ខាសាលានេះឡើងមក ដើម្បីជាការពិភាក្សា ចូលរួមមតិ ដើម្បីរកធាតុចូលក្នុងការឈានទៅដល់ការផលិតសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរមានភាពងាយស្រួល និងល្អប្រសើរសម្រាប់ប្រើប្រាស់ពេលខាងមុខ។
សូមជម្រាបថា សិក្ខាសាលានេះ មានការចូលរួមពីវាគ្មិនជំនាញ ៤រូប ដូចជា លោក កែ ជាប៉ូ ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន ខូតាហ្វឺ ឯ.ក បានធ្វើបទបង្ហាញពី បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ។ លោក ដាញ់ ហុង អ្នកបង្កើតកម្មវិធីអក្ខរាវិរុទ្ធខ្មែរនៃសមាគមអ្នកនិពន្ធខ្មែរ ដែលធ្វើបទបង្ហាញលើប្រធានបទ NextSpell : A Machine Learning Model for Khmer Spellchecking។ រីឯ វាគ្មិន ២រូបទៀត មាន បណ្ឌិត ប៊ួយ រីណា អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ធ្វើបទបង្ហាញពី ការពិនិត្យអក្ខរាវិរុទ្ធខ្មែរ៖ បទពិសោធ បញ្ហាប្រឈម និងជំហានបន្ទាប់។ លោក សុខ មករា នាយកប្រតិបត្តិអង្គការភាសាវិទ្យាកម្ពុជា ដែលនឹងធ្វើបទបង្ហាញពី បញ្ហាពាក់ព័ន្ធនឹងការរៀបចំកម្មវិធីពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ៕

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


