ព័ត៌មានជាតិ
បណ្ឌិត ហ៊ាន សុខុម៖ ពាក្យខ្មែរទទួលបានពីភាសាបាលី និងសំស្រ្កឹតច្រើន តែក៏ត្រូវការកម្ចីបរទេសដើម្បីបង្កើតពាក្យថ្មី
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បណ្ឌិត ហ៊ាន សុខុម បានលើកឡើងថា ទោះបីពាក្យក្នុងភាសាខ្មែរមានភាពសម្បូរបែបពីភាសាបាលី និងសំស្ក្រឹតក៏ពិតមែន ក៏នៅមិនគ្រប់គ្រាន់ក្នុងការបង្កើតពាក្យថ្មីៗដែរ ពោល គឺត្រូវការកម្ចីពីភាសាបរទេសមួយចំនួនដើម្បីបង្កើតពាក្យថ្មី ដោយចៀសមិនរួចទេ។

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសក្រុមប្រឹក្សាជាតិភាសាខ្មែរ រៀបចំសិក្ខាសាលាស្តីពី «ពាក្យកម្ចីក្នុងភាសាថៃ ភាសាឡាវ ភាសាចិន និងភាសាជប៉ុន» នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយលោកបណ្ឌិត ហ៊ាន សុខុម បញ្ជាក់ថា សិក្ខាសាលានេះ រៀបចំដើម្បីសិក្សាដកស្រង់បទពិសោធអំពីវិធីបង្កើត ពាក្យតាមរបៀបកម្ចីសូរសព្ទពីភាសាជិតខាងក្នុងគោលបំណង២។ ទី១ កំណត់ចំនួនសទ្ទតាក្នុងភាសាខ្មែរឱ្យបានច្បាស់លាស់ដើម្បីពង្រឹងនូវការយល់ដឹងអំពីរចនាសម្ព័ន្ធភាសា ងាយស្រួលតាមដានការវិវត្តនៃភាសា ព្រមទាំងព្យាករភាពគ្មានរបៀបរៀបរយនៃភាសា។ ទី២ កំណត់ភាពឆ្លើយគ្នារវាងសទ្ទតា ភាសាជាមួយនឹងតួអក្សរ ដើម្បីសម្រួលការអាន និង ការសរសេរក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឌីជីថល ខាងចាប់បាននូវសម្តីដោយស្វ័យប្រវត្តិ ការបង្កើតបាននូវប្រព័ន្ធអត្ថបទទៅសម្តី ការសិក្សាស៊ីជម្រៅនិងម៉ូដែល AI ។

បណ្ឌិត ហ៊ាន សុខុម ក៏លើកឡើងដែលថា តាមរយៈការរីកចម្រើននៃបច្ចេកវិទ្យាទំនើប នាំឱ្យមានតម្រូវការបង្កើតពាក្យថ្មីៗដើម្បីប្រើប្រាស់ ដោយត្រូវមានគោលការណ៍ច្បាស់លាស់ស្របតាមអត្តសញ្ញាណជាតិ។ លោកបណ្ឌិត មានប្រសាសន៍ថា៖ “ទោះបីជានៅក្នុង ក្របខ័ណ្ឌភាសាជាតិយើងមានវិធីបង្កើតពាក្យនានា និងមានធនធានយ៉ាងសម្បូរបែបពីភាសាបាលី និងសំស្ក្រឹតយ៉ាងណាក្តី ក៏នៅមិនគ្រប់គ្រាន់សម្រាប់ការបង្កើតពាក្យថ្មីៗដែរ ។ ទាំងនេះធ្វើឱ្យការបង្កើតពាក្យថ្មីតាមវិធីខ្ចីសូរសព្ទពីភាសាបរទេសផ្សេងទៀតចៀសមិនរួច”។
ទន្ទឹមនេះ លោកបណ្ឌិតថា ការខិតខំបង្កើតពាក្យផ្សេងៗក៏នៅជួបប្រទះឧបសគ្គមួយចំនួន ហេតុនេះ ទើបមានការរៀបចំវេទិកានេះឡើងមក ដោយមានវាគ្មិនជំនាញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងរាជបណ្ឌិតសភាកម្ពុជា ដើម្បីពិភាក្សាគ្នារកដំណោះស្រាយរួមសម្រេចគោលដៅជាមួយគ្នា។ បន្ថែមពីនេះ លោកបណ្ឌិត ហ៊ាន សុខុម ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមផ្តល់ជាមតិស្ថាបនា និងប្រមូលធាតុចូលសំខាន់ ដើម្បីសម្រេចគោលដៅសិក្ខាសាលាក្នុងការអភិវឌ្ឍភាសាជាតិនាពេលអនាគត។
សូមជម្រាបថា ក្នុងសិក្ខាសាលានេះ វាគ្មិនជំនាញនឹងចែករំលែកបទពិសោធនៃការអនុវត្តកម្ចីពាក្យក្នុងភាសាថៃ ភាសាឡាវ ភាសាចិន និងភាសាជប៉ុន។ លោកបណ្ឌិត ហែម សម្ផស្ស ប្រធានដេប៉ាតឺម៉ង់ភាសាថៃ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើបទបង្ហាញពី «ពាក្យកម្ចីក្នុងភាសាថៃ»។ បណ្ឌិត ចាន់ វណ្ឌី អនុប្រធានលេខាធិការដ្ឋានបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើបទបង្ហាញ «ពាក្យកម្ចីក្នុងភាសាឡាវ»។ ចំណែក «ពាក្យកម្ចីក្នុងភាសាចិន» ធ្វើបទបង្ហាញដោយ លោកស្រី សាន សូត្ររតនា សាស្ត្រាចារ្យដេប៉ាតឺម៉ង់ភាសាចិន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រីឯ លោកស្រី ឡុច ល័ក្ខស្មី នាយិកាវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើបទបង្ហាញ «ពាក្យកម្ចីក្នុង ភាសាជប៉ុន» ៕







-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


