ព័ត៌មានជាតិ
អ្នកជំនាញ លើកឡើង ១០ចំណុចដែលត្រូវមាន ដើម្បីធ្វើឌីជីថលូបនីយកម្មភាសាខ្មែរ
បណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានលើកឡើង នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសក្រុមប្រឹក្សាជាតិភាសាខ្មែរ រៀបចំសិក្ខាសាលាស្តីពី «ការសិក្សាភាសាខ្មែរនៅសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) : ផ្ដើមពីសូរវិទ្យាទៅដល់ប្រព័ន្ធសម្គាល់សម្តី» ថា ដើម្បីធ្វើឌីជីថលូបនីយកម្មភាសាខ្មែរ គឺត្រូវមាន ១០ចំណុចសំខាន់។

ក្នុងសុន្ទរកថាបើកសិក្ខាសាលា បណ្ឌិត ហ៊ាន សុខុម បានលើកឡើងថា ក្នុងយុគសម័យបច្ចុប្បន្ន ការអភិរក្ស និងការអភិវឌ្ឍភាសាជាតិពិតជាមានសារៈសំខាន់ ដើម្បីរក្សាអត្តសញ្ញាណជាតិ។ លោកបណ្ឌិត មានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មភាសា និងប្រព្រឹត្តកម្មភាសាធម្មជាតិគឺជាចំណែកមួយសំខាន់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ភាសាជាតិ។ ជាមួយគ្នានេះ លោកបណ្ឌិត បន្តថា ភាសាមួយត្រូវបានចាត់ទុកថា បានធ្វើឌីជីថលូបនីយកម្មពេញលេញ នៅពេលដែលអ្នកប្រើប្រាស់អាចអាន សរសេរ ស្វែងរកព័ត៌មាន ធ្វើការប្រាស្រ័យទាក់ទង រៀនសូត្រ បកប្រែ និងប្រើប្រាស់ ឬអន្តរកម្មជាមួយបច្ចេកវិទ្យាជាភាសានោះនៅលើថ្នាលឌីជីថលផ្សេងៗ។

ហេតុដូចនេះ លោកបណ្ឌិត ហ៊ាន សុខុម បានបញ្ជាក់ថា ដើម្បីធ្វើឌីជីថលូបនីយកម្មភាសាខ្មែរ គឺត្រូវមាន ១០ចំណុចសំខាន់។ ទី១.ប្រព័ន្ធសំណេរស្តង់ដា, ទី២. ការធ្វើអ៉ិនកូដតាមស្តង់ដា, ៣.ក្ដារចុច និងវិធីបញ្ចូលអក្សរ ដូចជាក្ដារចុចភាសាខ្មែរ អាចមាននៅក្នុងឧបករណ៍ប្រើប្រព័ន្ធ Windows, Android, និង iOS ជាដើម។ ទី៤. ពុម្ពអក្សរឌីជីថល, ទី៥. វចនានុក្រមអេឡិចត្រូនិក, ទី៦. Corpus ភាសា ឬកម្រងទិន្នន័យអត្ថបទភាសា, ទី៧ ឧបករណ៍កែច្នៃភាសាធម្មជាតិ ដូចជា កម្មវិធីពិនិត្យអក្ខរាវិរុទ្ធ, កម្មវិធីពិនិត្យវេយ្យាករណ៍, កម្មវិធីបំបែកពាក្យ, កម្មវិធីវិភាគរចនាសម្ព័ន្ធពាក្យ, កម្មវិធីកំណត់ប្រភេទពាក្យ, កម្មវិធីវិភាគវេយ្យាករណ៍ ផងដែរ។ ចំណុចទី៨ គឺបច្ចេកវិទ្យាសំឡេង រួមមាន ASR (Automatic Speech Recognition) OCR (Optical Character Recognition)។ ចំណុចទី៩ ការបកប្រែ និងការសម្របសម្រួលកម្មវិធីឱ្យស្របនឹងភាសា និងទី១០ គឺការគាំទ្រពីសហគមន៍ និងស្ថាប័ន ដែលមានដូចជារដ្ឋាភិបាល ស្ថាប័បអប់រំ អ្នកភាសាវិទ្យា អ្នកអភិវឌ្ឍសុសវែរ ឬសហគមភាសា ។
អ្នកជំនាញភាសាខ្មែរ បណ្ឌិត ហ៊ាន សុខុម មានប្រសាសន៍សង្កត់ធ្ងន់ថា៖ “ដើម្បីបំពេញតម្រូវការដូចខាងលើ យើងត្រូវស្គាល់ភាសាយើងឱ្យបានច្បាស់លាស់ រាប់ចាប់តាំង ពីការស្គាល់ប្រព័ន្ធសូរ តួអក្សរ វេយ្យាករណ៍ រចនាសម្ព័ន្ធពាក្យ រចនាសម្ព័ន្ធល្បះ របៀបប្រើភាសាដើម្បីប្រាស្រ័យទាក់ទង ប្រវត្តិភាសាជាដើម”។

ចំពោះសិក្ខាសាលានាថ្ងៃនេះ គឺជាឱកាសដើម្បីឱ្យវាគ្មិនជំនាញផ្នែកភាសាវិទ្យាធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវអស់រយៈពេលច្រើនឆ្នាំកន្លងមក ហើយក៏ជាជំហានក្នុងការដោះស្រាយបញ្ហាកន្លងសម្រាប់ឌីជីថលូបនីយកម្មពេលបច្ចុប្បន្ន និងអនាគត។ បន្ថែមពីនេះ ក៏ជាផ្នែកមួយរួមចំណែកក្នុងការធ្វើអក្ខរកម្មឌីជីថលក្នុងសង្គមកម្ពុជានៅសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដូចគ្នា។ នេះ បើតាមបណ្ឌិត ហ៊ាន សុខុម។
លោកបណ្ឌិត សង្ឃឹមថា សិក្ខាសាលានេះ ជាវេទិកាមួយដែលផ្សព្វផ្សាយចំណេះដឹងបន្ថែមពីភាសាខ្មែរ ដល់សិស្ស និស្សិត និងអ្នកចូលរួម ព្រមទាំងអាចពិភាក្សាគ្នារកបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីភាពល្អប្រសើរនាពេលខាងមុខ។

សូមជម្រាបថា សិក្ខាសាលាស្តីពី «ការសិក្សាភាសាខ្មែរនៅសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) : ផ្ដើមពីសូរវិទ្យាទៅដល់ប្រព័ន្ធសម្គាល់សម្តី» ក៏មានការធ្វើបទបង្ហាញពីបណ្ឌិត ចែម វត្ថុ សមាជិកគណៈកម្មការភាសាវិទ្យា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីឱ្យអ្នកចូលរួមទទួលបានចំណេះដឹងថ្មីបន្ថែមទាក់ទងនឹងភាសាខ្មែរក្នុងសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


