Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បង្កើតពានរង្វាន់ជាលើកដំបូង វាយតម្លៃរោងចក្រសហគ្រាស នៅកម្ពុជា ដែលមានភាពសុខសាន្ត ដើម្បីអបអរទិវាពលកម្មអន្តរជាតិ១ឧសភា

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្តល់​ពានរង្វាន់​ជូន​រោងចក្រ​សហគ្រាស​ដែល​បាន​អនុវត្ត​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន​ដែល​បង្កើត​បាន​ជា​សហគ្រាស​ប្រកបដោយ​ភាព​សុខសាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​លិខិត​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ​ ២០២៥ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ផ្តល់​ពានរង្វាន់​ជា​លើក​ទី ១ ដល់​រោងចក្រ​សហគ្រាស​ដែល​បំពេញ​លក្ខណវិនិច្ឆ័យ​គោរព​តាមច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ របស់​រដ្ឋាភិបាល។ ការប្រកាស​ផ្តល់​ពានរង្វាន់​នេះ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី ១ ខែ​ឧសភា។

បើ​យោង​តាម​សារលិខិត​ដដែល ពានរង្វាន់​ដែល​រដ្ឋាភិបាល នឹង​ប្រគល់​ជូន​មាន​ឈ្មោះថា ពានរង្វាន់ “​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​”។ សហគ្រាស​ដែល​ត្រូវ​បាន​ជ្រើសរើស​គឺ​ត្រូវ​អនុលោម​ទៅតាម​លក្ខណវិនិច្ឆ័យ​ចំនួន ៨ ចំណុច​ ដែល​រួមមាន ៖ ១.អនុលោម​ភាព នៃ​លក្ខខណ្ឌ​ការងារ។ ២.អនុលោម​ភាព នៃ​ការ​ប្រើប្រាស់​កម្មករ-និយោជិត​វ័យក្មេង។ ៣.​អនុលោម​ភាព​ទំនាក់​ទំនង​វិជ្ជាជីវៈ។ ៤.អនុលោម​ភាព នៃ​លក្ខខណ្ឌ​ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ។ ៥.​អនុលោម​ភាព នៃ​របប​សន្តិសុខ​សង្គម។ ៦.​អនុលោម​ភាព នៃ​ការ​ប្រើប្រាស់​កម្មករ-និយោជិត​ជា​ជនពិការ។ ៧.​អនុលោម​ភាព នៃ​ការអនុវត្ត​កម្មវិធី​លើកកម្ពស់​ផលិតភាព​ការងារ និង ៨.​អនុលោម​ភាព នៃ​ការ​អនុវត្ត​កម្មវិធី​ទទួល​ខុសត្រូវ​សង្គម។

ជាមួយគ្នានេះ សម្តេច​នាយក​រដ្ឋមន្ត្រី ក៏បាន​អបអរសាទរ​ចំពោះ​ជ័យលាភី ហើយក៏​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​រោងចក្រ​សហគ្រាស ជាពិសេស​កម្មករ-និយោជិត អង្គការ​វិជ្ជាជីវៈ​ ដែល​បាន​បន្ត​ចូលរួម​ក្នុង​ចលនា​ជាតិ​ ដើម្បី​ប្រែក្លាយ​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ។

គួរ​រំលឹក​ថា នៅ​ក្នុង​ខួប​លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ប្រធានបទ​រួមគ្នា ដើម្បី​ការងារ​សមរម្យ និង​កំណើន​ប្រកបដោយ​ចីរភាព និង​ភាព​ធន់ ធ្វើជា​ប្រធានបទ​សម្រាប់​ទិវា ១ ឧសភា ឆ្នាំនេះ។

សម្រាប់​រដ្ឋាភិបាល​កម្ពុជា ការ​កំណត់​យក​ប្រធានបទ​យ៉ាង​ដូច្នេះ​គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​នូវ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិ​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវៈ អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម អត្ថប្រយោជន៍​នានា​របស់​កម្មករ-និយោជិត និង​ការ​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​វិជ្ជាជីវៈ​កាន់តែ​ល្អប្រសើរ​ឡើង ដែល​ជា​សូចនាករ​គន្លឹះ​របស់​រដ្ឋាភិបាល​ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ ២០៣០ និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម