Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់យន្តហោះប៉ូលិសថៃ ដែលធ្លាក់ចូលសមុទ្រស្លាប់មនុស្ស ៦នាក់

បានផុស

នៅ

ហេតុការណ៍ដ៏រន្ធត់មួយធ្វើឲ្យប្រទេសថៃទាំងមូលតក់ស្លុត ដោយនោះគឺជាការធ្លាក់យន្តហោះប៉ូលិសក្បែរអាកាសយានដ្ឋាន Hua Hin បណ្តាលឲ្យទាហានទាំង៦នាក់ជិះក្នុងនោះស្លាប់ទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ បណ្តាញសង្គម)

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២៥ខែមេសាឆ្នាំ២០២៥ យន្តហោះបានធ្លាក់ចូុលឈូងសមុទ្រថៃ នៅម៉ោង ៨:១៥នាទីព្រឹក ក្បែរជិតសណ្ឋាគារ Baby Grande Hua Hin Hotel ក្នុងស្រុក Cha-am នៃខេត្ត Phetchaburi។

មកទល់ពេលនេះ ប៉ូលិសនៅតែមិនទាន់បញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យយន្តហោះធ្លាក់ គ្រាន់តែប្រាប់ថា ឧបទ្ទវហេតុនេះកើតឡើង អំឡុងការហោះហើរសាកល្បង ត្រៀមសម្រាប់សមយុទ្ធលោតឆ័ត្រយោង។

ដោយដកស្រង់ព័ត៌មានពីគេហទំព័រនាយកដ្ឋានអាកាសចរណ៍ប៉ូលិស, យន្តហោះនេះជាប្រភេទ DHC6-400 Twin Otter ដែលកំពុងបម្រើការជាមួយប៉ូលិសថៃ ហើយមានមូដែលនេះបីគ្រឿងហើយ ដែលត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២០។

(រូបថត៖ Nation)

DHC6-400 គឺជាយន្តហោះពហុមុខងារខ្នាតតូច ដែលផលិតដោយក្រុមហ៊ុន Viking Air នៃប្រទេសកាណាដា។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន Pratt & Whitney Canada PT6A-34 ចំនួនពីរ និងមានប្រព័ន្ធ Honeywell Primus Apex avionics។ មិនត្រឹមប៉ុណ្ណឹង វា​មាន​សមត្ថភាព​ក្នុង​ប្រតិបត្តិការ​ហោះ​និង​ចុះចត​រយៈពេល​ខ្លី (STOL)។

ជាមួយនឹងល្បឿនអតិបរមា៣៣៩គីឡូម៉ែត្រក្នុងមួយម៉ោង យន្តហោះនេះអាចផ្ទុកអ្នកដំណើរបានដល់ទៅ១៩នាក់ ហើយអាចច្នៃដើម្បីដាក់គ្រែពេទ្យរហូតដល់ទៅ៤រួមជាមួយនឹងកៅអីសម្រាប់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា។

DHC6-400 Twin Otter អាចសម្របខ្លួនតាមបេសកកម្មផ្សេងៗ រួមទាំងការដាក់ពង្រាយទ័ពតាមអាកាស ការដឹកជញ្ជូនបុគ្គលិក ការជម្លៀសផ្នែកវេជ្ជសាស្រ្ត ការដឹកជញ្ជូនឧបករណ៍ និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម