Connect with us

ព័ត៌មានជាតិ

សម្ដេចសភាធិបតីថាការយកមន្ត្រីហែហមច្រើនពេលប្រជុំ​បង្ហាញពីកម្សោយរបស់ប្រធានគណៈកម្មការ

បានផុស

នៅ

ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងថាការ​យក​មន្ត្រី​មក​ហែហមច្រើនពេល​ទៅ​ប្រជុំវា​បង្ហាញ​ពី​កម្សោយរបស់​ខ្លួន​ ខណៈសម្ដេចឃើញថាប្រធានគណៈកម្មការ​រដ្ឋសភាមួយ​ចំនួន​ពេល​ចេញទៅ​ប្រជុំ​ក្រៅ​ប្រទេស​ម្ដងៗមាន​មន្ត្រី​ហែមហមជាច្រើន។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងពិធី​បើក​សិក្ខាសាលាផ្សព្វផ្សាយស្ដីពី​ការ​ត្រួតពិនិត្យឡើងវិញ និង​ការ​វិភាគ​មុខងារ និងរចនាសម្ព័ន្ធ​ក្រសួង​ស្ថាប័ន នៅព្រឹកថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២៥នេះ នៅ​សាលប្រជុំ​អាគារ​រដ្ឋបាល​សភាថ្មី សម្ដេច​សភាធិបតី ឃួន សុដារី បាន​រំលឹកដល់​ប្រធាន​គណៈកម្មការ​ជំនាញ​របស់​សភាថាការ​កាន់​នាទី​នេះ​មិន​មែនសម្រាប់អ្នក​គ្មាន​សមត្ថភាព​នោះ​ទេ ដូច្នេះត្រូវ​បង្ហាញពី​ជំនឿចិត្ត និង​សមត្ថភាព​របស់​ខ្លួន ហើយ​មិន​អស្ចារ្យ​ដោយ​សារ​មាន​មន្ត្រីហែហម​ច្រើន​នោះទេ។

សម្ដេច​ថា៖ «ខ្ញុំ​ឃើញ​ព្រឹទ្ធសភា​ខ្ញុំ​សរសើរ​ណាស់! ប្រធានគណៈកម្មការ​មួយ​ទៅ​បរទេស​គឺ​តែ​ជំនួយ​ការ​មួយ​ទេ! ហើយ​យើងឯនេះ(ពេលទៅក្រៅម្ដងៗ)ខ្វះនេះខ្វះនោះ។ ធ្វើ​ប្រធាន​គណៈកម្មការ​ត្រូវ​ដឹង​ថាយើង​វា​មាន​សមត្ថភាពបាន​គេ​ឱ្យ​ធ្វើ​ប្រធាន​គណៈកម្មការ។ ​ដូច្នេះ​បើ​យក​ហែហម​ច្របូល​ច្របល់​ទៅ។ អើយ! មិន​កើតទេ! វា​អន់​ខ្លួន​ឯង។ មាន​ន័យ​ថា​ប្រធាន​គណៈកម្មការ​ហ្នឹង​អន់​ខ្លួន​ឯង​ដែល​គ្មានសមត្ថភាព​គ្រប់គ្រាន់​ដើម្បី​តទល់​នឹង​បរទេស​ក្ដី និង​ក្នុង​ប្រទេស​ក្ដី»។

សម្ដេច​ប្រធានសភាជំរុញ​ដល់​ប្រធានគណៈកម្មការជំនាញ​រដ្ឋសភា​ត្រូវ​មាន​ជំនឿទុក​ចិត្ត​លើ​សមត្ថភាពខ្លួន​ឯងក្នុង​ការ​ដឹកនាំ​បំពេញ​ការងារ ខណៈបច្ចុប្បន្នរដ្ឋសភាមាន​គណៈកម្មការ​ជំនាញ​ចំនួន​១០ ដែលដឹកនាំដោយប្រធានចំនួន​១០រូបផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម