Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ សាវម៉ាវសំឡូត បានទិន្នផលទាប តែតម្លៃទីផ្សារល្អ

បានផុស

នៅ

តម្លៃ​សាវម៉ាវ​នៅ​លើ​ទីផ្សារ​ល្អ​ប្រសើរ មិន​ខុស​ពី​ឆ្នាំ​កន្លងទៅ​ឡើយ បើ​ទោះបី​ជា​ឆ្នាំនេះ​ជួប​គ្រោះ​ធម្មជាតិ​ខ្លះៗ បណ្ដាល​ឲ្យ​ទិន្នផល​សាវម៉ាវ​មាន​ការ​ធ្លាក់​ចុះ​ក៏ដោយ ប៉ុន្តែ​សម្រាប់​ការ​លក់​ចេញ​គឺ​មាន​ប៉ុន្មាន​អស់​ប៉ុណ្ណឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សម្ដី​របស់ លោក សយ នី រស់នៅ​ភូមិ​តា​សាញ​ត្បូង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដែល​សព្វថ្ងៃ​លោក​មាន​ដើម​សាវម៉ាវ​នៅ​ក្នុង​ចម្ការ​ចំនួន ៨០០ ដើម និង​ទុរេន​ចំនួន ៧០ ដើម។ ហើយ​នៅ​ស្រុក​សំឡូត​ក៏​មាន​ពលរដ្ឋ​ដាំ​ដំណាំ​ប្រភេទ​នេះ​ច្រើន​កន្លែង​ណាស់ ដូចជា​នៅ​ឃុំ​ស៊ុ​ង និង​ឃុំ​សំឡូត​ជាដើម។

លោក សយ នី បាន​បញ្ជាក់​ថា លោក​មាន​ដី​មិន​ធំ​ប៉ុន្មាន​ទេ ប៉ុន្តែ​អាច​ដាំ​ដំណាំ​ពីរ​ប្រភេទ​នេះ​បាន​ច្រើន​បង្គួរ ហើយ​នៅ​ពេល​នេះ​ដែរ សាវម៉ាវ ទើបនឹង​ចាប់ផ្ដើម​ទុំ​ជា​បណ្ដើរៗ ដែល​បច្ចុប្បន្ន​ក៏​មាន​ម៉ូយ​មក​យក​ដល់​ចម្ការ ហើយ​ក៏​មាន​អ្នកទិញ​តាម​ទូរ​សព្ទ​ច្រើន​គួរសម (​អន​ឡាញ​)។

លោក​បាន​បន្ថែម​ថា កាលពី​បេះ​ដំបូង លោក​អាច​លក់​បាន​តម្លៃ ៨ ០០០ រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ជាទូទៅ សាវម៉ាវ នឹង​ធ្លាក់​តម្លៃ​បន្តិច​ម្ដងៗ ដោយសារតែ​វា​សម្បូរ​ពេក ដូច្នេះ​តម្លៃ​នឹង​ធ្លាក់​មក​នៅ ៦ ០០០ រៀល ឬក៏ ៥ ០០០ រៀល ក៏​អាច​ថា​បាន​ក្នុង​មួយ​គីឡូក្រាម។

លោក​សង្កត់​ធ្ងន់​ថា ឆ្នាំនេះ ទិន្នផល​សាវម៉ាវ​របស់​លោក​មាន​ការ​ធ្លាក់​ចុះ ដោយសារតែ​គ្រោះធម្មជាតិ ដូចជា​ភ្លៀង​ធ្លាក់​ជោកជាំ​ពេក និង​ខ្យល់​កន្ត្រាក់​បោកបក់​ម្ដងៗ ដែល​ធ្វើ​ឲ្យ​ផ្លែ​សាវម៉ាវ​របេះ​ធ្លាក់​ចេញ​ពី​ដើម ដូច្នេះ​ទិន្នផល​អាច​ទាប​ជាង​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​សម្រាប់​តម្លៃ​នៅ​លើទីផ្សារ​គឺ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ។

លោក​ថា ផ្លែ​សាវម៉ាវ​ទុំ​ឲ្យ​តែ​លោក​បេះ​ឲ្យ​ម៉ូយ​ទាន់​គឺ​មាន​ប៉ុន្មាន​អស់​ប៉ុណ្ណឹង ដោយ​លោក​មិន​ចាំ​បាច់​ដឹក​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​នោះ​ឡើយ។ ដោយឡែក​សម្រាប់​ឆ្នាំ​កន្លងទៅ​មាន​តែ​ខ្វះ​ឲ្យ​ម៉ូយ ដោយសារ​បញ្ហា​បេះ​មិនទាន់ ដូច្នេះ​ឆ្នាំនេះ​ក៏​ទំនងជា​មិន​ខុស​ពី​ឆ្នាំមុន​ដែរ គ្រាន់តែ​ថា​បច្ចុប្បន្ន​សាវម៉ាវ​មិនទាន់​ទុំ​ស្រុះ​នៅឡើយ។ លោក​បន្ថែម​ថា បើ​មាន​ដី​ទំនេរ​នៅសល់ លោក​នឹង​ដាំ​ដំណាំ​ប្រភេទ​នេះ​បន្ថែម​ទៀត ព្រោះ​សាវម៉ាវ​លក់​ស្រួល​ជាង​ផ្លែឈើ​អ្វីៗ ទាំងអស់៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម