ព័ត៌មានអន្ដរជាតិ
ប្រធានមន្ទីរបញ្ចកោណជឿជាក់ថា ណាតូនឹងសម្រេចបានគោលដៅចំណាយការពារជាតិ ៥%
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា សម្ព័ន្ធមិត្តណាតូនឹងយល់ព្រមតាមការទាមទាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសមាជិកនីមួយៗ។

គោលដៅដែលបានស្នើឡើងនេះ គឺជាការកើនឡើងគួរឲ្យកត់សម្គាល់ពីការកំណត់គោលដៅ ២% បច្ចុប្បន្ន ហើយត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលណាតូ ដែលនឹងធ្វើនៅទីក្រុងឡាអេនាថ្ងៃទី២៤-២៥ខែមិថុនា។
លោក Hegseth បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងប៊្រុលសែលកាលពីថ្ងៃទី៥ខែមិថុនាថា «យើងនៅទីនេះដើម្បីបន្តការងារដែលប្រធានាធិបតី ត្រាំ បានចាប់ផ្តើម ដែលជាការប្តេជ្ញាចិត្តចំពោះការចំណាយលើវិស័យការពារជាតិ ៥% នៅទូទាំងសម្ព័ន្ធភាពនេះ ដែលយើងគិតថានឹងអាចធ្វើបាន»។
បច្ចុប្បន្ន ពុំទាន់មានប្រទេសណាមួយអាចឈានដល់ចំណាយ ៥%នៃ GDP ទេ សូម្បីតែអាមេរិក ប៉ុន្តែលោក Hegseth បាននិយាយថា វាកំពុងមានដំណើរការហើយលើការសម្រេចបានគោលដៅនេះ។
អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានស្នើផែនការវិនិយោគថ្មីមួយដែលបែងចែក ៣,៥% នៃ GDP សម្រាប់ការចំណាយលើវិស័យការពារជាតិដោយផ្ទាល់ និង ១,៥%បន្ថែមទៀតសម្រាប់ការចំណាយយោធាដោយប្រយោលដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ ដូចជា សន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធដែលមានសមត្ថភាពយោធា។ ផែនការនេះ មានគោលបំណងព្យាយាមពង្រឹងការការពាររបស់ណាតូប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ទន្ទឹមនឹងនោះក៏មានភាពយុត្តិធម៌ចំពោះប្រទេសដែលមានសេដ្ឋកិច្ចតូច ឬខ្សោយជាង ដោយអនុញ្ញាតឲ្យមានមធ្យោបាយបត់បែនបន្ថែមទៀតដើម្បីឈានទៅដល់គោលដៅ។
សមាជិកចំនួន២៣ក្នុងចំណោមរដ្ឋសមាជិកទាំង៣២របស់ណាតូ បច្ចុប្បន្នសម្រេចបាននូវគោលដៅចំណាយ ២% តែមិនទាន់មាននរណាម្នាក់ឈានដល់កម្រិត ៥% ដូចដែលបានស្នើឡើងនៅឡើយទេ។ សមាជិកសម្ព័ន្ធនៅតែកំពុងជជែកវែកញែកគ្នាសម្រាប់កាលបរិច្ឆេទក្នុងការសម្រេចបាននូវគោលដៅ ៥%។ លោក Rutte បានដាក់កាលកំណត់នៅត្រឹមឆ្នាំ២០៣២ ហើយសមាជិកខ្លះបានយល់ថា កាលកំណត់នេះពិតជាលឿនពេកសម្រាប់ប្រទេសពួកគេ។ យ៉ាងណា ប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត ដូចជា លីទុយអានី បែរជាមានមហិច្ឆតាចង់សម្រេចគោលដៅឲ្យលឿនជាងនេះទៅវិញ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


