Connect with us

សន្តិសុខសង្គម

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ ពាក់ព័ន្ធករណីវាយកូនស្រី និងម្ដាយបង្កើតស្លាប់

បានផុស

នៅ

ជនសង្ស័យម្នាក់ ដែលវាយកូនស្រីបង្កើត និងម្ដាយបង្កើតបណ្តាលឱ្យស្លាប់​កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅ​ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ត្រូវបាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​ហើយ​ នៅ​រសៀលថ្ងៃទី១១ ខែ​មិថុនា នេះ។

ជនសង្ស័យមានឈ្មោះ ប៊ិញ ភីរុន ភេទប្រុស អាយុ ៣២ ឆ្នាំ រស់​នៅភូមិកើតហេតុខាងលើ (ជាមុខ​សញ្ញា​ប្រើប្រាស់​គ្រឿងញៀន) បាន​ធ្វើសកម្មភាព​យក​ដុំឥដ្ឋ​វាយទៅលើ​ម្ដាយបង្កើត និងកូនបង្កើត​របស់ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់ជីវិត​ទាំង​ពីរ​នាក់ ខណៈពេល​ដែល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យបង្អែកស្រុកស្នួល។

ជនរងគ្រោះ​ឈ្មោះ យ៉េន មឿន ភេទស្រី អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ (ជាម្តាយបង្កើត) ត្រូវចំក្បាល​ផ្នែកខាង​ក្រោយបណ្តាល​ឲ្យរងរបួសធ្ងន់ បន្ទាប់​មក​ជន​សង្ស័យ​បានបន្តធ្វើសកម្មភាព​យកដុំឥដ្ឋដដែល​បន្តវាយទៅលើ​កូនបង្កើត​ស្រីរបស់ខ្លួន ឈ្មោះ ណ រ ភេទស្រី អាយុ ៣ឆ្នាំ ត្រូវ​ចំក្បាលរងរបួសធ្ងន់។ បន្ទាប់មកជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​ដឹកយក​មក​សង្រ្គោះ និង​បានស្លាប់បាត់បង់​ជីវិតទាំង​ ២នាក់ នៅមន្ទីរពេទ្យបង្អែក ស្រុកស្នួល ។

ប្រភពពីសមត្ថកិច្ច​បានឲ្យដឹងថា ហេតុការណ៍នេះ​កើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង៣០នាទី នៅ ចំណុច​ផ្ទះជនរងគ្រោះ ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ក្រោយ​ពី​ទទួលបាន​ព័ត៌មាន​ខាងលើ​សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្សឹម បាន​ចុះទៅ​ដល់កន្លែងកើតហេតុ​ធ្វើការពិនិត្យស្រាវជ្រាវ​ស្វែងរកចាប់ខ្លួនជនសង្ស័យ​ជាបន្តបន្ទាប់ រហូត​ដល់​វេលាម៉ោង ៣និង០០នាទី ទាប​ភ្លឺឈា​នចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ច​បានឈាន​ទៅដល់ការ​ឃាត់​ខ្លួន​ជនសង្ស័យ ឈ្មោះ ប៊ិញ ភីរុន នៅចំណុចព្រៃចំការស្វាយ ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងចាប់យកសំភារៈវត្ថុតាង បំណែក​ដុំឥដ្ឋ។

ក្រោយ​ពីធ្វើការ​សាកសួរ​ជន​សង្ស័យឈ្មោះ ប៊ិញ ភីរុន បានឆ្លើយ​សារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព​យកដុំឥដ្ឋ​វាយ​ទៅ​លើ​ម្តាយ​បង្កើត​ឈ្មោះ យ៉េន មឿន ត្រូវ​ចំក្បាល​ផ្នែកខាងក្រោយ​រួចអូសជនរង​គ្រោះ​ជា​ម្តាយ​ទម្លាក់ពី​លើ​ផ្ទះចុះមកដី ហើយ​បន្ត​យក​ដុំឥដ្ឋ​វាយ​ទៅលើជនរងគ្រោះបន្ថែមទៀតរហូតសន្លប់បាត់ ស្មារតី បន្ទាប់​មករូបខ្លួន​បានឡើងទៅលើផ្ទះ​យកដុំឥដ្ឋ​ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាកូនស្រីបង្កើត ឈ្មោះ ណ រ ដែលកំពុង​តែដេកលក់​ត្រូវចំក្បាល​រួចបានចាប់បោះកូនស្រីពីលើផ្ទះមកដី​ហើយរូបខ្លួន​បានចុះមកបន្តវាយ​ទៅលើកូន និង​ម្តាយបង្កើត​បន្ថែម​ទៀតរហូតសន្លប់​បាត់ស្មារតីទាំង ២នាក់ប្រាកដមែន។ មូលហេតុ​ដោយរូបខ្លួន​ខឹងនឹងម្តាយ​តែងតែ​ស្តីបន្ទោស និង​ជេររូបខ្លួនថា អាក្របី​ទើបរូបខ្លួនខឹងមួរម៉ៅ​ក៏វាយសម្លាប់​ម្តាយបង្កើត និង​កូន​​ង្កើត​របស់​ខ្លួន​ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ប៊ិញ ភីរុន ត្រូវបាន​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បី​កសាងសំណុំរឿង​បញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះចាត់ការតាមនីតិវិធី៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម