ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៦ មិថុនា នេះថា បច្ចុប្បន្ននេះ ការផ្តល់សេវាជូនសមាជិក ប.ស.ស នៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស មានភាពល្អប្រសើរជាងមុនច្រើន។

លោកបណ្ឌិត បានបន្តថា «ការផ្តល់សេវាជូនសមាជិក ប.ស.ស ភាពល្អប្រសើរនេះ ដោយសារយើងបានប្រជុំជាមួយដៃគូសុខាភិបាលទាំងរដ្ឋ និងឯកជន នៅពេលបញ្ហាយើងរួមគ្នាដោះស្រាយជាបន្ទាន់។ ជាក់ស្ដែង កន្លងមកនៅមន្ទីរពេទ្យព្រះអង្គឌួង មានការកកស្ទះ នៃការប្រើប្រាស់សេវាគឺរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នារកយន្តការបំពាក់នូវភ្នាក់ងារ ប.ស.ស ឱ្យច្រើនជាងមុន ហើយការត្រួតពិនិត្យសុពលភាពរហ័សជាងមុនដូចជាការបន្ថែមនូវកៅអីអង្គុយរង់ចាំ ដើម្បីចៀសវាងការកកស្ទះ នៃការប្រើប្រាស់សេវា ហើយយើងនឹងបន្តធ្វើនៅតាមមន្ទីរពេទ្យផ្សេងៗ ទៀត ទៅលើបញ្ហានេះ»។

លោកសាស្ត្រាចារ្យ គុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល បានជំរុញឱ្យមន្ត្រីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ត្រូវខិតខំទទួលស្រូបយកអ្នកជំងឺឱ្យបានច្រើន និងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមកាត់បន្ថយការកកស្ទះរបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ។

លោកសាស្ត្រាចារ្យ បានបន្តថា «បើកាលណាស្រូបបានច្រើន ក៏អាចកាត់បន្ថយការធ្វើដំណើរ ក៏ដូចជាការចំណាយរបស់អ្នកជំងឺមួយចំនួនមកកាន់ថ្នាក់ខេត្ត ឬថ្នាក់ជាតិដែរ។ នេះជាអ្វីដែលទាំងអស់គ្នាចង់បាន ដើម្បីជួយចែករំលែកបងប្អូនអ្នកជំងឺទៅតាមកម្រិតនីមួយៗ ជាមួយនឹងគុណភាពប្រសិទ្ធភាពការទុកចិត្ត និងប្រឹងឱ្យអស់ពីសមត្ថភាព»។

យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ បានបង្ហាញការគាំទ្រឱ្យប្រជាពលរដ្ឋដែលមានជំងឺស្រាលៗ គួរតែអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដើម្បីជួយកាត់បន្ថយការកកស្ទះរបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា «ទាក់ទិននឹងការកកស្ទះរបស់សមាជិក ប.ស.ស ទៅទទួលសេវានៅតាមមន្ទីរពេទ្យជាដៃគូនេះ តាមយោបល់ខ្ញុំ គឺថានៅពេលដែលបងប្អូនជាសមាជិក ប.ស.ស ទាំងអស់ ឈឺចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ។ ក្នុងករណីបងប្អូនមានជំងឺស្រាលៗ ដូចជា ជំងឺផ្តាសាយតិចតួច ឬឈឺក្បាល សូមអញ្ជើញទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យឯកជន ឬមណ្ឌលសុខភាព ឬ មន្ទីរពេទ្យកម្រិត ១ និងកម្រិត ២ ជាដើម ដើម្បីទុកលទ្ធភាពដល់សមាជិក ប.ស.ស ផ្សេងទៀត ដែលមានជំងឺធ្ងន់ធ្ងរ ឬជំងឺរ៉ាំរ៉ៃ សង្គ្រោះបន្ទាន់ករណីវះកាត់បន្ទាន់ទៅពិនិត្យ ពិគ្រោះ និងព្យាបាល នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ»។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ទៀតថា ការអនុវត្តបែបនេះ វាអាចកាត់បន្ថយបានច្រើន។ ប៉ុន្តែក្នុងករណីសមាជិក ប.ស.ស មានជំងឺស្រាលៗ នាំគ្នាសម្រុកទៅទទួលសេវានៅមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់គ្នានោះ នឹងបន្តការកកស្ទះហើយ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស មានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស ចំនួន ១ ៥៩៩ កន្លែង នៅទូទាំងប្រទេស ក្នុងនោះ សាធារណៈ ១ ៤៣៤ កន្លែង និង ឯកជន ១៦៥ កន្លែង ដោយបានផ្តល់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រដល់សមាជិកប្រមាណជាង ២៤,៨ លានដង បើគិតពីការអនុវត្តមកដល់បច្ចុប្បន្ន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


