Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ពង្រីកវេនសិក្សាមានលក្ខណៈបត់បែនសម្រួលដល់កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានសិក្សាជំនាញបន្ថែម

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពង្រីក​វេន​សិក្សា​ឱ្យ​កាន់​តែ​មាន​លក្ខណៈ​បត់បែន ដើម្បី​ជួយ​សម្រួល​ដល់​យុវជន កម្មករ-និយោជិត និង​អ្នក​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ចូល​រៀន​ជំនាញ​ផ្សេងៗ បន្ថែម ទទួល​បាន​ឱកាស​ការងារ​ល្អ មាន​ប្រាក់ខែ​សមរម្យ​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី ៨ ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៦ ខែ​មិថុនា លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​សិស្ស​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ដូចជា កម្មករ-និយោជិត និង​អ្នក​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​លទ្ធភាព ពេលវេលា និង​ឱកាស​ចូលរៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ក្រសួង​ការងារ បាន​ពង្រីក​វេន​សិក្សា​ឱ្យ​កាន់​តែ​មាន​លក្ខណៈ​បត់បែន​ដែល​មាន​ច្រើន​ជម្រើស​រហូតដល់ ៧ វេន ផ្សេងៗ គ្នា រួមមាន ថ្ងៃ​ចន្ទ​-​សុក្រ ចំនួន ៥ វេន ​(​វេន​ពេញ​មួយថ្ងៃ​ , វេន​ព្រឹក​ , វេន​រសៀល ​, វេន​ល្ងាច​/​យប់ រៀន ៣ ម៉ោង ​, វេន​ល្ងាច​/​យប់ រៀន ២ ម៉ោង​) , ការសិក្សា​ថ្ងៃ​សៅរ៍​-​អាទិត្យ​ពេញ​ម៉ោង ចំនួន ១ វេន និង​ការ​សិក្សា​តែ​ថ្ងៃអាទិត្យ​ពេញ​មួយថ្ងៃ ចំនួន ១ វេន។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា វគ្គ​សិក្សា​នីមួយៗ មាន​រយៈពេល​ខុសគ្នា ចាប់ពី ៤ ដល់ ១២ ខែ និង​មាន​វេន​ល្ងាច​/​យប់ និង​ចុង​សប្ដាហ៍ និង​អនុញ្ញាត​ឱ្យ​យុវជន និង​កម្មករ-និយោជិត អាច​ចុះ​ឈ្មោះ​វេន​ណាមួយ​ដែល​សមស្រប និង​ងាយស្រួល​សម្រាប់​ខ្លួន ខណៈ​ដែល​ពួកគេ​នៅតែ​អាច​បន្តធ្វើ​ការងារ និង​ធានា​បាន​នូវ​ស្ថិរភាព នៃ​ប្រភព​ចំណូល​របស់​ខ្លួន។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ចាប់​តាំងពី​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១ លាន ៥ សែន​នាក់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់​ខែឧសភា ឆ្នាំ ២០២៥ នេះ មាន​អ្នក​ចុះឈ្មោះ​ចូលរៀន​ប្រមាណ ១២ ម៉ឺន ១ ពាន់​នាក់ សិស្ស​កំពុង​សិក្សា និង​បញ្ចប់​ការ​សិក្សា ៧ ម៉ឺន ៣ ពាន់​នាក់ និង​សិស្ស​ទទួល​បាន​ការងារ​ធ្វើ ១ ម៉ឺន ៨ ពាន់​នាក់។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ពេល​ចុះឈ្មោះ​ចូល​រៀន គឺ ទទួល​បាន​ការ​សិក្សា​ដោយ​ឥតគិតថ្លៃ និង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ក្នុង ១ ខែ ចំនួន ២៨ ម៉ឺន​រៀល។ ចំពោះ​យុវជន ឬ​កម្មករ-និយោជិត មកពី​គ្រួសារ​ទូទៅ មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទេ តែ​ទទួល​បាន​ការសិក្សា​ដោយ​ឥតគិតថ្លៃ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​សាធារណៈ ចំនួន ៣៧។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ ២០២៥ ក្រសួង បាន​អភិវឌ្ឍន៍​កញ្ចប់​ស្តង់ដារ​បណ្តុះបណ្តាល​ផ្អែកលើ​សមត្ថភាព​បាន​ចំនួន ២២២ គុណវុឌ្ឍិ លើ ៩៦ មុខជំនាញ និង​អភិវឌ្ឍន៍​កញ្ចប់​សិក្សា​ផ្អែកលើ​សមត្ថភាព​បាន​ចំនួន ១ ៩៧៩ មេរៀន លើ ៤៥ គុណវុឌ្ឍិ (CI) នៃ ៤៥ មុខ​ជំនាញ លើ​វិស័យ​អាទិភាព​ទាំង ១០ ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម