កីឡា
វឿន វាសនា បន្តនៅជួយក្រុមជម្រើសជាតិ រហូតចប់ពាន SEA V. League
កីឡាករបាល់ទះដ៏ឆ្នើម វឿន វាសនា បានមកប្រទេសកំណើតជាច្រើនសប្តាហ៍មកហើយដោយបានចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាដើម្បីត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់អន្តរជាតិនាពេលខាងមុខ។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វឿន វាសនា បានចូលរួមជាមួយក្លិបបាល់ទះ វិសាខា សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុម Con An Ho Chi Minh របស់ប្រទេសវៀតណាមដោយបានយកឈ្នះក្នុងលទ្ធផល ៣-១។ អ្នកគាំទ្របានចាប់អារម្មណ៍យ៉ាងខ្លាំងពីវត្តមានរបស់កីឡាករបាល់ទះជម្រើសជាតិកម្ពុជារូបនេះថាតើរូបគេបន្តនៅក្នុងប្រទេសកម្ពុជារហូតដល់ពេលណា?

ឆ្លើយតបនឹងសំណួរនេះ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា វឿន វាសនា បានហ្វឹកហាត់ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងចូលរួមប្រកួតរហូតដល់ចប់ពានរង្វាន់បាល់ទះលំដាប់ទី១ប្រចាំតំបន់អាស៊ានគឺ SEA V. League ឆ្នាំ២០២៥។ តាមការគ្រោងទុក ពានរង្វាន់ SEA V. League មាន២ដំណាក់កាល។ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី ១១ ដល់ ទី ១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេស ហ្វីលីពីន និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី១៨ ដល់ទី ២០ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី។

ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ កម្មវិធីប្រកួត SEA V. League មិនទាន់ចេញព័ត៌មានលំអិតទេ សួម្បីតែឈ្មោះក្រុមក៏មិនទាន់បង្ហាញជាផ្លូវការដែរ។ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឡើងទៅកាន់ពាន SEA V. League ក្នុងនាមជាជើងឯក SEA V. League Challenge កាលពីឆ្នាំ២០២៤។

វឿន វាសនា បានទៅចូលរួមជាមួយក្រុមតៃវ៉ាន់ Win Streak កាលពីចុងឆ្នាំ ២០២៣ ដោយបានជួយក្លិបនេះឈ្នះជើងឯកលីគបាល់ទះតៃវ៉ាន់២រដូវកាលជាប់គ្នា ហើយរូបគេបានឈ្នះពានឯកត្តជនចំនួន៣ម្នាក់ឯងកាលពីរដូវកាល២០២៤-២៥ គឺ ពានកីឡាករល្អប្រចាំព្រឹត្តិការណ៍ ពានកីឡាកររកបានគ្រាប់បាល់ល្អបំផុត និងពានកីឡាករវាយផ្តាច់ល្អបំផុត។ រូបគេជាតួដ៏សំខាន់ដែលជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយប្រាក់ និងសំរិទ្ធ កីឡាស៊ីហ្គេម ព្រមទាំងជើងឯក SEA V. League Challenge។

វឿន វាសនា នឹងវិលត្រឡប់ទៅ តៃវ៉ាន់ វិញ ដើម្បីចូលរួមជាមួយក្លិប Win Streak ដែលត្រូវប្រកួតលីគរដូវកាលថ្មីដែលជាធម្មតាចាប់ផ្តើមនៅខែតុលា នៃឆ្នាំនីមួយៗ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


