ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព៖កម្ពុជាស្រលាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម តែកម្ពុជាមិនរាថយ ករណីមានការឈ្លានពានពីសត្រូវ
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា កម្ពុជាស្រលាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម ប៉ុន្តែកម្ពុជា ក៏មិនរាថយនោះដែរ ក្នុងករណីមានការឈ្លានពានពីសត្រូវ។ កងយោធពលខេមរភូមិន្ទ បានប្រុងប្រៀបត្រៀមប្រយុទ្ធ ២៤ម៉ោង លើ ២៤ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដោយមិនញញើតលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិ។

ការបញ្ជាក់ដូច្នេះរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នវិក្រឹតការដល់នាយទាហានទ័ពជំនាញទ័ពជើងគោក ថ្នាក់អនុសេនីយ៍ជំនាន់ទី១ នៅវិទ្យាស្ថាននាយទាហានចម្រុះ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
នៅចំពោះមុខកងទ័ព លោកនាយឧត្ដមសេនីយ៍ បានលើកឡើងពីហេតុការណ៍ឆ្មក់ចូលមកវាយប្រហារលើកងទ័ពកម្ពុជាពីកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នៅចំណុចព្រំដែនមុំ៣ ក្នុងខេត្តព្រះវិហារ បណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់បាត់បង់ជីវិត ដែលជាចេតនាបង្កហេតុរបស់កងទ័ពថៃដើម្បីឈ្លានពានកម្ពុជា។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តថា ទោះក្នុងហេតុការណ៍ដូចនេះក្តី សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីការចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិភាព និងផ្អែកលើច្បាប់អន្តរជាតិ ជាមួយនោះ កម្ពុជា ក៏រក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ បើសិនជាមានការឈ្លានពានលើដីកម្ពុជា។
លោក បានគូសបញ្ជាក់ពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឱ្យជួយកាត់ក្តីវិវាទជាមួយថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣។

លោកអគ្គមេបញ្ជាការ បញ្ជាក់ថា ការជ្រើសរើសយកយន្តការតុលាការយុត្តិធម៌អន្តរជាតិ ជាដំណើរការទៅមុខឥតដកថយ និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដើម្បីយុតិ្តធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងសម្រាប់កូនចៅជំនាន់ក្រោយ។
លោក បានបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់កងយោធពលខេមរភូមិន្ទ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។ ទន្ទឹមនេះបានប្រុងប្រៀបជាស្រេចត្រៀមប្រយុទ្ធតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដោយមិនញញើតក្នុងការលះបង់សាច់ស្រស់ឈាមស្រស់ ការពារជាតិមាតុភូមិទោះក្នុងតម្លៃណាក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


