សេដ្ឋកិច្ច
លទ្ធផលចរចាពន្ធបដិការ កម្ពុជា-អាមេរិក អាចនឹងចេញថ្ងៃនេះ ឬស្អែក
លទ្ធផលនៃការចរចាពន្ធបដិការវាងកម្ពុជា និងសហរដ្ឋអាមេរិក អាចនឹងចេញផ្សាយនៅថ្ងៃទី ០៧ ខែ ឬថ្ងៃទី ០៨ ខែកក្កដាស្អែកនេះ បន្ទាប់ពីភាគីទាំងពីរ (កម្ពុជា-អាមេរិក) បានឯកភាពគ្នាលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធគយបដិការ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

គណៈប្រតិភូកម្ពុជាបានទៅចរចាផ្ទាល់ជាមួយភាគីអាមេរិកចំនួន ២ ដង និងបានពិភាក្សាតាមអនឡាញ ពិនិត្យនូវសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះហើយបានឯកភាពគ្នាលើសេចក្ដីថ្លែងការណ៍រួម ដែលនឹងចេញឆាប់ៗនេះ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ០៧ ខែកក្កដានេះថា៖ «យើងកំពុងរង់ចាំសហរដ្ឋអាមេរិក យើងរៀបចំថ្ងៃឱ្យសមស្រប ប្រកាសរួមគ្នាតែម្ដង សេចក្ដីថ្លែងការណ៍អាចនឹងចេញនៅថ្ងៃនេះ ឬស្អែក តាមមើលអាចចេញបាន ឥឡូវយើងរង់ចាំពេលវេលា គាត់ចង់ឱ្យយើងប្រកាសពេលណា ត្រូវចេញព្រមគ្នា»។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «ដោយសារយើងបានឯកភាពគ្នា ចរចាដោយស្មោះត្រង់ ទើបថ្ងៃ ០៩ ខែកក្កដានេះ ពន្ធយើងមិនមែន ៤៩% ទៀតទេ អត់មានទេ គឺកម្ពុជាជាប្រទេសមួយក្នុងចំណោម ១៨ ប្រទេស ដែលបានចរចារជាមួយសហរដ្ឋអាមេរិក ក្រៅពីហ្នឹងអត់មានទៅចរចាទេ ក្នុងចំណោម ១៨ ប្រទេស យើងក្នុងចំណោម ១០ ទៀត ដែលបានចេញសេចក្ដីថ្លែងការណ៍រួមហើយ អញ្ចឹងថ្ងៃ ០៩ អត់មានអត្រាពន្ធឡើង ៤៩% ទេ យើងរួចខ្លួនមួយដំណាក់កាល ប៉ុន្តែសួរថា តើអត្រាពន្ធបដិការប៉ុន្មាន អត់ទាន់ដឹងទេ គាត់កំពុងសុំការឯកភាពពីប្រធានាធិបតី ដូណាល់ ត្រាំ ទើបអាចប្រកាសបាន យើងរង់ចាំដូចគ្នា»។

ជុំវិញការចរចា កម្ពុជាបានប្រាប់ទៅអាមេរិកថា ឆ្នាំនេះ គឺជាខួបទំនាក់ទំនងកាទូតរវាងកម្ពុជា-អាមេរិក ៧៥ ឆ្នាំ។ ឆ្នាំនេះ រហូតដល់ឆ្នាំ ២០២៧ កម្ពុជាជាប្រទេសសម្របសម្រួលអាស៊ាន និងសហរដ្ឋអាមេរិក។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា នៅកម្ពុជារោងចក្រកាត់ដេរ ខោអាវ ស្បែកជើង កាបូប មានប្រជាពលរដ្ឋធ្វើការ ១ លាននាក់ ម្នាក់ចិញ្ចឹមគ្រួសារ ៤ ទៅ ៥ នាក់ ដូច្នេះ ឱ្យសហរដ្ឋអាមេរិកយល់ច្បាស់ បើអត្រាដាក់ពន្ធខ្ពស់ គឺយើងមានបញ្ហា ដូច្នេះត្រូវតែជួយការពារការងារ ១ លាននាក់ បូកទៅចង់ ៥ លាននាក់ បើចិញ្ចឹមបងប្អូនផង។
លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «យើងលើកហើយលើកទៀត ឱ្យគាត់យល់ អំពីតម្រូវការរបស់យើង ដើម្បីឱ្យអត្រាពន្ធទាប ដើម្បីយើងអាចប្រកួតប្រជែង និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត មកបណ្ដាក់ទុននៅកម្ពុជា»។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា អត្រាពន្ធយើងអត់ទាន់ដឹង ប៉ុន្តែយើងបានបញ្ជាក់ គាត់បានទទួលស្គាល់ គាត់សួរយើងថា តើវិស័យណាខ្លះយើងចង់ការពារ? ចឹងយើងខ្ញុំបានបញ្ជូនទៅហើយ លេខ ពន្ធគយ បញ្ជូនទៅអស់ហើយឱ្យគាត់ពិនិត្យទៅ ៧ មុខ ដែលយើងខ្ញុំបញ្ជូនទៅគាត់ គឺការពារបាន ៨៦% នូវទំនិញដែលយើងនាំទៅសហរដ្ឋអាមេរិក។
លោក ស៊ុន ចាន់ថុល សង្ឃឹមថា សហរដ្ឋអាមេរិក នឹងផ្ដល់នូវអត្រាពន្ធបដិការ សមរម្យជូនកម្ពុជា ដោយសារកម្ពុជាជាប្រទេសមុនគេដែលបង្ហាញឆន្ទៈស្មោះត្រង់ក្នុងការចរចា៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ