Connect with us

ព័ត៌មានជាតិ

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សាធារណរដ្ឋ​កូរ៉េ សម្រេចបានជាង ៤៣៨ លានដុល្លារ

បានផុស

នៅ

ការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េសម្រេចបានទឹកប្រាក់ចំនួន ៤៣៨,៣៩៥ លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៥នេះ កើនឡើងជិត១១%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំប​ន់ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយកាលពីពេលថ្មីៗនេះ សម្រាប់ទំហំពាណិជ្ជកម្មនេះ ក្នុងនោះកម្ពុជាបាននាំចេញទៅកូរ៉េសម្រេចបានទឹកប្រាក់ចំនួនជិត១៥២លានដុល្លារ ថយចុះជាង២% ខណៈកម្ពុជាបាននាំចូលមកវិញមានទឹកប្រាក់សរុបជាង២៨៦លានដុល្លារកើនឡើងជិត១៩%។ ការណ៍នេះធ្វើឱ្យកម្ពុជាទទួលរងនូវឱនភាពពាណិជ្ជកម្មគិតជាទឹកប្រាក់ចំនួនជិត ១៣៥ លានដុល្លារ។

កំណើននៃការដោះដូរទំនិញទ្វេភាគីរវាងប្រទេសទាំងពីរ ក៏បានឆ្លុះបញ្ចាំងអំពី​​ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីចុងឆ្នាំ២០២២ផងដែរ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥​បានដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សាធារណរដ្ឋកូរ៉េ កិច្ចសន្ទនានេះ ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនកូរ៉េ ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េខាងត្បូង ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបំបែកកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអនុម័ត​គម្រោង​វិនិយោគក្នុងឆ្នាំ២០២៤, ចំនួនគម្រោងវិនិយោគសរុបដែលបានអនុម័តក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥, ស្ថាន​ភាពនៃចំនួនវិនិយោគពីប្រទេសកូរ៉េ និងវឌ្ឍនភាពនៃបេសកកម្មការងារចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ផងដែរ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៥​ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ​ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រំពឹងថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង នឹងអាចឈានដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ ដែលជាការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង។ ដោយក្នុងឆ្នាំ២០២៧ គឺជាគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-កូរ៉េ សម្ដេចតេជោ រំពឹងថា ប្រទេសទាំងពីរនឹងអាចលើកកម្ពស់ទំនាក់ទំនងខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្តេចតេជោ បញ្ជាក់ថា ទោះបីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានស្ថានភាពឡើងចុះ ប៉ុន្តែជាទំនាក់ទំនងមួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន បន្ទាប់ពីការផ្សាភ្ជាប់ទំនាក់ទំនងការទូតពេញលេញនៅឆ្នាំ១៩៩៧។ សម្តេចបានរំលេចថាស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការមានការកើនឡើង ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ឯការវិនិយោគកូរ៉េក៏មានកើនឡើង។ ខណៈជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់ បើទោះជាអំឡុងពេលការរីករាលជំងឺកូវីដ-១៩។

បើតាមការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត សមិទ្ធផលដែលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺសម្រេចបាននូវផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដូចជាកំណើនពាណិជ្ជកម្មទ្វេភាគី ការកៀរគរវិនិយោគិនកូរ៉េមកកម្ពុជា តាមរយៈរៀបចំវេទិកាវិនិយោគ និងធុរកិច្ច និងកិច្ចពិគ្រោះយោបល់ជាប្រចាំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

​លោក ចាត់ទុកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថា ជាការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ៕

គិតត្រឹមចុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សាធារណរដ្ឋ​កូរ៉េ សម្រេចបាន ៧៦២លានដុល្លារអាម៉េរិក​កើនឡើង១១,៤៩ភាគរយ ក្នុងនេះការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើន​ឡើង ១៣,៧៧ភាគរយ។នេះបើយោងតាមរបាយការណ៍​របស់ក្រសួង​ពាណិជ្ជកម្ម។

គណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក៏បានឯកភាពបន្តការពិភាក្សាដើម្បីផ្តួចផ្តើមការចរចា​លើផ្នែក​ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ និងគ្រោងរៀបចំកិច្ចប្រជុំគណៈ កម្មាធិការចម្រុះលើកទី២ នៅកម្ពុជាក្នុងឆ្នាំ​២០២៥ ព្រមទាំងជួបពិ​ភាក្សា​ជាមួយប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ និងឯកភាព​បន្តពង្រឹងកិច្ចសហប្រតិបត្តិ​ការដើម្បី​ជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ លើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំ អេឡិចត្រូនិក យានយន្ត ការកែច្នៃកសិផល និងម្ហូបអាហារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម