Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋអូស្រ្តាលីភាគច្រើន ចង់​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ជាមួយ​ចិន​​​ជា​ជាង​អាមេរិក​​

បានផុស

នៅ

ការ​ស្ទង់មតិថ្មីពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាន​រកឃើញថា ប្រជាជនអូស្ត្រាលីភាគច្រើន​យល់ឃើញថា វាសំខាន់​ដែល​អូស្រ្តាលី​មាន​ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយ​ចិន ជាជាងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់​បណ្ដាញទូរទស្សន៍ ABC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នឹង​ការរកឃើញនេះ ការស្ទង់មតិ​លើ ២៤ ប្រទេសរបស់ Pew ​ក៏បាន​រកឃើញផងដែរថា ការយល់ឃើញជា​វិជ្ជមានទៅលើសហរដ្ឋអាមេរិក និងលោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ធ្លាក់ចុះខ្លាំង ខណៈការយល់ឃើញវិជ្ជមាន​លើចិន និងប្រធានាធិបតី ស៊ី ជិនពីង វិញ មានភាពប្រសើរឡើង​តាមប្រទេសជាច្រើនទូទាំងពិភព​លោក​។

ចំពោះអូស្រ្តាលី ការស្ទង់មតិដដែលរកឃើញថា អ្នកឆ្លើយតបនៅអូស្តាលីប្រមាណ ៥៣ ភាគរយ ចង់បាន​ទំនាក់ទំនងកាន់តែសំខាន់ផ្នែកសេដ្ឋកិច្ចជាមួយ​ចិន ដោយ​កើនឡើងពីត្រឹម ៣៩ ភាគរយ ក្នុងការស្ទង់មតិ​នៅឆ្នាំ ២០២១។ ​

ត្រឹមតែ ៤២ ភាគរយ ប៉ុណ្ណេះ នៃអ្នកឆ្លើយតបអូស្រ្តាលី ដែល​និយាយថា វាសំខាន់ដែល​អូស្ត្រាលីគួរផ្ដល់អទិភាពលើ​ទំនាក់ទំនងសេដ្ឋកិច្ចជាមួយ​អាមេរិក ដោយ​ធ្លាក់ចុះពី ៥២ ភាគរយ ក្នុងការស្ទង់មតិឆ្នាំ ២០២១ ដូចគ្នា។ យ៉ាង​ណាមិញ​ ពលរដ្ឋអូស្រ្តាលីភាគច្រើនរហូតដល់ទៅ ៧៦ ភាគរយ នៅតែយល់ឃើញជាអវិជ្ជមាន​លើចិន និងលោក ស៊ី ខណៈត្រឹម ២៣ ភាគរយ យល់ឃើញផ្ទុយពីនោះ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង

Pew មិន​បាន​ពន្យល់ពីការប្រែប្រួលផ្ទុយគ្នា​ទេ ប៉ុន្តែអ្នកស្រាវជ្រាវនៃការសិក្សាចុងក្រោយ​បាន​និយាយថា វាអាច​មក​ពីការផ្លាស់ប្ដូរនៅក្នុងប្រទេសមហាអំណាច។ ដោយជាឧទាហរណ៍ មនុស្សលែងសូវជឿជាក់លើអាមេរិក ​ជាពិសេសការដឹកនាំសេដ្ឋកិច្ចពិភព​លោក​របស់​ ត្រាំ ដែល​ប្រកាសដាក់ពន្ធទូទាំងពិភព​លោក​។

គួរគូសបញ្ជាក់ថា Pew បាន​ធ្វើការស្ទង់មតិលើមនុស្សប្រមាណ ៣០ ០០០ នាក់ ពី ២៥ ប្រទេសនៅជុំវិញពិភពលោក​។ ការស្ទង់មតិចុងក្រោយ​នេះ ចេញផ្សាយឡើងចំពេលដែលពិភពលោករងគំនាបសេដ្ឋកិច្ចដោយ​សារ​តែ​ពន្ធគយខ្ពស់​របស់​លោក ត្រាំ។

បច្ចុប្បន្ននេះ អូស្ត្រាលី និងចិន​បាន និងកំពុង​ស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដោយ​កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បាន​ចុះហត្ថលេខាពាណិជ្ជកម្មចំនួន ៦ ដើម្បីជំរុញអាជីវកម្ម​។ លោក លី បា​ននិយាយថា ភាគីទាំង២ ត្រូវតែជំរុញសហប្រតិបត្តិការសេដ្ឋកិច្ច ចំពេលមាន​ភាព​តានតឹងពីខាងក្រៅ ​ទោះបីជា​ចិន និងអូស្រ្តាលីមាន​ភាព​តានតឹងលើទំនាក់ទំនងសេដ្ឋកិច្ចនាពេលកន្លងមកក៏ដោយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម