ព័ត៌មានជាតិ
លោក ហេង សួរ ផ្ដាំផ្ញើនិស្សិតជ័យលាភីទៅសិក្សានៅជប៉ុនចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើឲ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា លើឆាកអន្តរជាតិ។

ការផ្ដាំផ្ញើនេះ ក្នុងឱកាស លោក ហេង សួរ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ២៥ នាក់ (ស្រី ១៣ នាក់) ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS-2024 Scholarship) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT University Recommendation) នាទីស្ដីការក្រសួង កាលពីរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ។

កម្មវិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍ បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធ ព័ត៌មាន និងអនុសាសន៍ល្អៗ ពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញដំណើរ។

ថ្លែងក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានអបអរសាទរចំពោះនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនទាំងអស់ និងបានផ្ដាំផ្ញើឲ្យចូលរួមធ្វើការផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេសសក្ដានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងសក្ដានុពលទេសចរណ៍របស់កម្ពុជាលើឆាកអន្តរជាតិ ឲ្យបានទូលំទូលាយ ដើម្បីបង្កើនការទាក់ទាញទេសចរណ៍ និងការវិនិយោគបន្ថែមមកកាន់កម្ពុជា សំដៅលើកស្ទួយប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធក្នុងការសិក្សា និងការរស់នៅប្រទេសជប៉ុន ព្រមទាំងក្រើនរំលឹកដល់និស្សិតអាហារូបករណ៍ទាំងអស់ ធ្វើយ៉ាងណាបង្កើត និងរក្សាទំនាក់ទំនងល្អជាមួយនិស្សិតអន្តរជាតិ និងចូលរួមជាមួយពលរដ្ឋខ្មែរនៅជប៉ុន ជាពិសេសពលករ ដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នា៕







-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


