Connect with us

ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជាបារម្ភចំពោះព័ត៌មានបំភ្លៃដោយថៃ ដែលអាចរុញជម្លោះកាន់តែឡើងកម្ដៅ

បានផុស

នៅ

ក្លិបអ្នកកាសែតកម្ពុជាបង្ហាញក្ដីព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយសារព័ត៌មានបំភ្លៃដោយភាគីថៃ ក្នុងកាលៈទេសៈនៃជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ ក្លិបអ្នកកាសែតកម្ពុជាបានកត់សម្គាល់អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ The Nation Thailand ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងរុញស្ថានភាពជម្លោះឱ្យកាន់តែតានតឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្សព្វព័ត៌មានមួយចំនួនដែលខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា និង ថៃពេលនេះ ក្លិបអ្នកកាសែតកម្ពុជា ថា មិនត្រឹមនាំឱ្យមានការយល់ច្រឡំតែក្នុងប្រទេសទាំងពីរនោះទេ ប៉ុន្តែរហូតដល់អន្តរ ជាតិទៀតផង។ សេចក្ដីថ្លែងការណ៍របស់ក្លិបអ្នកកាសែតកម្ពុជា បានសង្កត់ធ្ងន់ដូច្នេះថា «ការផ្សាយព័ត៌មានខុសពីការពិត នឹងបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងទ្វេភាគី បង្កការយល់ច្រឡំជាសាធារណៈ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាព និងសន្តិភាពនៅតាមបណ្តោយ ព្រំដែននៃប្រទេសទាំងពីរ»។

សេចក្ដីថ្លែងការណ៍ បន្ថែមថា សារព័ត៌មានដែលមានទំនួលខុសត្រូវ ត្រូវមានមូលដ្ឋានលើការពិត ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងបង្ហាញការប្រុងប្រយ័ត្ន ដោយចៀសវាងការផ្សាយព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ ឬដោយការលម្អៀង។

ក្តីបារម្ភនេះក៏បានលេចចេញពីអត្ថបទមួយដែលផ្សាយដោយសារព័ត៌មានថៃឈ្មោះ The Nation Thailand កាលពីថ្ងៃទី២៤ ខែកក្កដា ដែលបានសរសេរប្រតិដ្ឋរឿងឡើងថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឡើងយន្តហោះឯកជនពីភ្នំពេញទៅប្រទេសចិន បន្ទាប់ពីកងទ័ពថៃបានចាប់ផ្តើមវាយប្រហារលើប្រទេសកម្ពុជា។ ប៉ុន្តែ ភ្លាមៗនោះ សម្តេច ហ៊ុន សែន ក៏បានចេញមកបញ្ជាក់ពីវត្តមានរបស់សម្ដេចដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយកំពុងរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រី ដើម្បីវាយទប់ទល់នឹងការឈ្លានពានដោយទ័ពថៃ។

ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន The Nation Thailand ដដែល បានផ្សាយថា “កងកម្លាំងថៃបានដណ្តើមយកប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគីរីស្វារៈ បានដោយជោគជ័យ”។ ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោល និងចាត់ទុកថា ជាព័ត៌មានមិនពិត។

ក្លិបអ្នកកាសែត ថា អត្ថបទទាំងនេះបានបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈដែលនាំទៅដល់ការបាត់ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះ។ ក្លិបអ្នកកាសែតកម្ពុជា បានអំពាវនាវឱ្យគ្រប់សារព័ត៌មានទាំងកម្ពុជា និងថៃ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យ ប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងរួមកាត់បន្ថយភាពតានតឹងនៃជម្លោះ តាមរយៈអត្ថបទព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម