Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប បន្តទទួលអំណោយពីសប្បុរសជន ដើមី្បទ្រទ្រង់ដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ

បានផុស

នៅ

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានបន្តទទួលអំណោយពីសប្បុរសជនក្នុងមូលដ្ឋានខេត្ត និងបណ្តាក្រុមហ៊ុន សប្បុរសជនក្នុងស្រុក ដែលបានបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារៈ ដើម្បីយកទៅជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក បន្ទាប់ពីមានជម្លោះប្រដាប់អាវុធបង្កឡើងដោយទាហានថៃឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីទទួលអំណោយ មានវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និង អស់លោក លោកស្រីមន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងក្រុមការងារផងដែរ។

ក្នុងឱកាសនោះ លោក ប្រាក់ សោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសជនទាំងនៅក្នុងខេត្ត និងបណ្តាក្រុមហ៊ុន មកពីបណ្តារាជធានី ខេត្តនានា ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាន និងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប។ សកម្មភាពទាំងនេះ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។

លោកអភិបាលខេត្ត បានអរគុណនូវទឹកចិត្តរបស់ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងស្មារតីខ្មែរ ជួយខ្មែរ នៃមហាសាមគ្គីគ្រួសារខ្មែរ។ ក្នុងនោះដែរ លោកក៏បានគូសបញ្ជាក់ថា ចំពោះអំណោយដែលសប្បុរសជន ទាំងជាតិ អន្តរជាតិ ដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលខេត្តសៀមរាបមកដល់ពេលនេះ បានធ្វើការបែងចែក ផ្តល់ជូនដល់បងប្អូនដែលបានមកស្នាក់នៅទីកន្លែងមានសុវត្ថិភាព ទៅតាមបណ្តាក្រុង ស្រុក ព្រមទាំងបានដឹកជញ្ជូនយកទៅប្រគល់ជូនដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារនៅតាមបណ្តោយព្រំដែន។

សូមបញ្ជាក់ផងដែរថា អំណោយទាំងនេះ រដ្ឋបាលសាលាខេត្ត បានធ្វើការអំពាវនាវដល់ លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗ ខ្លួន ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាន និងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ព្រមទាំងជួយដល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មកកាន់ទីកន្លែងសុវត្ថិភាពនានាក្នុងភូមិសាស្ត្រខេត្តសៀមរាប។ 

ម៉្យាងទៀត អំណោយទាំងនេះ បានដឹកយកទៅជូនតាមទីតាំងកន្លែងជនភៀសសឹកស្នាក់នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តផងដែរ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម